ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកពិព័រណ៍ធុរកិច្ច២០២៣ ដោយរំពឹងទុក និងមានសុទិដ្ឋិនិយមអំពី “ស្ថានភាពសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា”នឹងមានការវិវត្តល្អក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់បណ្តុះបណ្តាលមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់នៃការផ្លាស់ប្តូរ និងការចាប់យកឌីជីថលលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិង ជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាន និងកំពុងដើរតួនាទីចម្បង និងសំខាន់ក្នុងមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចជាមុខងារសង្គមដែលឆ្លុះបញ្ចាំងតាមរយៈការលេចឡើងនូវផលិតផល និងសេវាឌីជីថលជាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការទូទាត់សងប្រាក់ឌីជីថល, និងកម្មវិធីទំនាក់ទំនងសង្គម ដែលចូលមកសម្រួលដល់ការងារ និងមុខជំនួញ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានបន្ថែមថា ខណៈដែលសកម្មភាពទាំងនេះបាន និងកំពុងតែវិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក៏លេចឡើងកាន់តែច្បាស់ និងបានក្លាយជាចន្ទល់ថ្មី សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលផ្តល់នូវកាលានុវត្តភាពជាច្រើន ពិសេសតាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ,ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល,ការកាត់បន្ថយភាពពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជីវភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងជាដើម។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថល ជាអាជីវកម្មបែបទ្រទ្រង់សេដ្ឋកិច្ចទាំងមូល និងពឹងផ្អែកបច្ចេកវិទ្យាជាមូលដ្ឋាន។ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវគោលនយោបាយបញ្ចកោណសម្រាប់ ៥ ឆ្នាំទៅមុខ ជាមួយនឹងភាពជឿជាក់ថានឹងមានកំណើនសម្រាប់ឆ្នាំទៅមុខ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់លើការកសាងសេដ្ឋកិច្ចសង្គមឌីជីថល ដែលការគិតគូរនេះស្របទៅនឹងស្ថានការតំបន់ និងគ្រប់ប្រទេសលើសកលលោក ដែលបានចាប់យកកាលានុវត្តភាពពីឌីជីថលនេះជាប្រភពកំណើនថ្មី។
លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាដែននវានុវត្តន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្លាស់ប្ដូរខ្លួនយ៉ាងរហ័សក្នុងរយៈពេល៤ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួនរហូតទៅដល់៣ដង ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរឥតឈប់ឈរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ធុរកិច្ចឌីជីថលកម្ពុជា។

លោកបណ្ឌិត តាំង ងួនលី បានបន្ដថា សម្រាប់ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣នេះ ជាផ្នែកមួយនៃការបង្ហាញសកម្មភាពគាំទ្រទាំង៥ របស់មជ្ឈមណ្ឌលដល់ធុរកិច្ចឌីជីថលកម្ពុជា ហើយមជ្ឈមណ្ឌលប្តេជ្ញាជួយរដ្ឋាភិបាលសម្រេចបានចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍធុរកិច្ចថ្មី និង លើកកម្ពស់ធុរកិច្ចឌីជីថល ដោយផ្តោតលើមុខព្រួញសំខាន់ចំនួនប្រាំ គឺ៖
១- ការបណ្ដុះធុរកិច្ចថ្មីឌីជីថលឱ្យទៅជាអាជីវកម្ម ដែលទទួលបានជោគជ័យ និងប្រកបដោយចីរភាព តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម។ ២-ការបង្កើនអន្តរកម្មក្នុងចំណោមភាគីពាក់ព័ន្ធ ឱ្យមានភាពប្រសើរឡើង តាមរយៈកម្មវិធីសហគមន៍ផ្សេងៗដូចជា៖ការជួបជុំ,ការពិភាក្សា,វីដេអូឯកសារ,សកម្មភាពកសាងសមត្ថភាព,និងកម្មវិធីភ្ជាប់ទំនាក់ទំនង។ ៣- ការបង្កើតថ្នាលឌីជីថល ដំណោះស្រាយ និងសេវាកម្ម ដែលធុរកិច្ចថ្មីអាចភ្ជាប់ចូលទៅប្រើ់ប្រាស់ ក៏ដូចជាអាចស្វែងរកធនធានផ្សេងៗ និងវិនិយោគិនផងដែរ។ ៤- ការស្រាវជ្រាវការប្រមូលទិន្នន័យ និងព័ត៌មានដែលគួរឲ្យទុកចិត្ត និងត្រឹមត្រូវសម្រាប់ធុរកិច្ចថ្មី និងតួអង្គពាក់ព័ន្ធអាចប្រើប្រាស់ជាធនធាន។ ៥-ការពង្រឹងសមត្ថភាពឌីជីថលរបស់សហគ្រាស តាមរយៈការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស ដើម្បីជំរុញសហគ្រាសគ្រប់កម្រិតអាចក្លាយជាភ្នាក់ងារដ៏សកម្ម នៅក្នុងសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយផ្តល់សេវាគាំទ្រ ការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានគូសរំលេចថា កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយចិន គឺជាចំណុចគន្លឹះមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើនយោបាយសេដ្ឋកិច្ចឌីជីថល ដែលជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងនាពេលអនាគត ត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយអ្វីដែលត្រូវបានដាក់បន្ថែម គឺសេដ្ឋកិច្ចឌីជីថល ជាមួយប្រទេសចិន ដែលជាមហាអំណាចកំពុងរីកចម្រើននៅក្នុងបច្ចេកវិទ្យាថ្មី៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content