ភ្នំពេញ៖ ស្របទៅនឹងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលជំរុញ និងលើកកម្ពស់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ទាំងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្ម និងធុរកិច្ច ក៏ដូចជារដ្ឋាភិបាលឌីជីថល បច្ចុប្បន្ននេះ សម្រាប់តែផ្នែកចំណូលសារពើពន្ធ មានធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជាតាមបែបឌីជីថល ដោយគិតមកដល់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ការបង់ចំណូលគយតាមមុខងារ e-Payment បានកើនដល់ ៩២% ធៀបនឹងចំណូលសរុប។
គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ។ ក្នុងចំណោមនោះ មានធនាគារពាណិជ្ជចំនួន ១០ (CANADIA BANK, ACLEDA BANK, VATTANAC BANK, FTB BANK, J TRUST ROYAL BANK, ABA BANK, WING BANK, SATHAPANA BANK, CAMBODIA POST BANK, និង CHIP MONG BANK) បាននិងកំពុងដាក់ឱ្យអនុវត្តមុខងារ e-Payment ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយ (ASYCUDA និង e-Customs)។ រីឯធនាគារពាណិជ្ជចំនួន ៣ទៀត កំពុងរៀបចំនីតិវិធី និងត្រៀមដាក់ឱ្យអនុវត្តមុខងារ e-Payment នាពេលឆាប់ៗនេះ។

ជាលទ្ធផល មកដល់ត្រីមាសទី១ ឆ្នាំ២០២៦ ការបង់ចំណូលគយតាមមុខងារ e-Payment បានកើនដល់ ៩២% ធៀបនឹងចំណូលសរុប។ នេះជាលទ្ធផលដ៏ល្អប្រសើរ ដែលកើតចេញពីការគាំទ្ររបស់ថ្នាក់ដឹកនាំ និងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងធនាគារពាណិជ្ជដៃគូទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តកិច្ចការងារនេះប្រកបដោយផ្លែផ្កា។
លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ការបង់ពន្ធគយតាមមុខងារ e-Payment បានផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញនាំចូល និងនីតិបុគ្គលជើងសាគយ មានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ និងចៀសវាងបាននូវការភាន់ច្រឡំចំនួនប្រាក់ពន្ធ ឬគណនីធនាគារចំណូលគយជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការបង់ពន្ធ។ សម្រាប់មន្រ្តីគយនិងរដ្ឋាករ ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលា។

លោកអគ្គនាយករង សែ សុឃន បានគូសបញ្ជាក់ថា ៖
«មុខងារនេះត្រូវបានបង្កើតឡើង សម្រាប់ឆ្លើយតបនឹងការវិវត្តន៍ និងការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច-សង្គម ដើម្បីចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧»។
ភ្ជាប់ជាមួយអត្ថប្រយោជន៍ដែលទទួលបានពីមុខងារ e-Payment លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់មន្ត្រីរាជការដែលជាថ្នាក់ដឹកនាំ និងជាតំណាង សមាគម ក្រុមហ៊ុន ធុរជន នីតិបុគ្គលជើងសាគយ តំណាងធនាគារពាណិជ្ជដៃគូ ក៏ដូចជាមន្រ្តីគយ និងរដ្ឋាករ បន្តជំរុញការប្រើប្រាស់មុខងារ e-Payment ក្នុងការបង់ពន្ធគយឱ្យអស់លទ្ធភាព ជាពិសេសបណ្តាក្រុមហ៊ុនដែលពុំទាន់បានចូលរួមអនុវត្តមុខងារ e-Payment ឬអនុវត្តពុំទាន់ពេញលេញ សូមមេត្តាចូលរួមអនុវត្តឱ្យបានពេញលេញទាំងអស់គ្នាចាប់ពីពេលនេះតទៅ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content