ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣នេះ មានរោងចក្រមួយចំនួនបន្តព្យួរការងារ ហើយក៏មានកម្មករ-កម្មការនីមួយចំនួនបាន និងកំពុងរងផលប៉ះពាល់ពីការព្យួរការងាររោងចក្រទាំងនោះផងដែរ។ ជាមួយគ្នា ដើម្បីជួយកម្មករ-កម្មការនីដែលរងផលប៉ះពាល់ទាំងនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជាបានជំរុញឱ្យរដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពិភាក្សាជាមួយម្ចាស់រោងចក្រដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលប៉ះពាល់ទាំងនោះ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានមានប្រសាសន៍ថា ក្រោយពីសម្ដេចបានទទួលរបាយការពីសហជីពមួយដោយរាយការណ៍ថា ចំនួនរោងចក្រដែលព្យួរការងារបានកើនឡើង ហើយកម្មករ-កម្មការនីបានសំណូមពរឱ្យសម្ដេចជួយអន្តរាគមន៍ សម្ដេចបានក៏បានបញ្ជូនបញ្ហានេះទៅឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះ ។
សម្ដេចបន្តថា ៖
“កម្មករដែលរងផលប៉ះពាល់ពីការព្យួរការងារមានចំនួនមិនច្រើនដូចសម័យកូវីដ១៩នោះទេ ដូច្នេះ ក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច ត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ ពោលគឺធ្វើដូចកាលពីសម័យកូវីដ១៩ ដែលរដ្ឋាភិបាលត្រូវឧបត្ថម្ភ៤០ដុល្លារ ហើយម្ចាស់រោងចក្រ៣០ដុល្លារអាមេរិក។ សម្រាប់ការអនុវត្តន៍ប្រាក់ឧបត្ថម្ភនេះ គួររាប់ចាប់ពីខែមេសា ឆ្នាំ២០២៣នេះតទៅ។”
សម្ដេចបានមានប្រសាសន៍បន្ថែមថា ៖
“សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនសូវល្អទេនៅពេលនេះ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសនៅអឺរ៉ុបតែម្ដង ។ បញ្ហានៅពេលនេះ ពិតមែនតែវាមិនធ្លាក់ចុះធ្ងន់ធ្ងរ ក៏ប៉ុន្តែវាបានកើតបញ្ហាធំនាស់ ដោយអតិផរណាទូទាំងសកលលោក ធ្វើឱ្យអ្នកដែលមានប្រាក់ចំណូល ខាតបង់យ៉ាងធ្ងន់ ដូច្នស្ថានភាពនេះការបញ្ជាទិញពីខាងក្រៅ មកក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងសម្លៀកបំពាក់ ស្បែកជើង ត្រូវបានកាត់បន្ថយ។”
សម្ដេចបញ្ជាក់ថា ក្នុងឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ចសកល ដោយបានចាប់ផ្ដើមឡើងពីអាមេរិក និងអឺរ៉ុប។ កាលនោះ ការបាត់បង់ប្រាក់ចំណូលរបស់អាមេរិក និងអឺរ៉ុប បានប៉ះពាល់យ៉ាងធ្ងន់ចំពោះតំបន់ផលិត ទាំងនៅបង់ក្លាដេស កម្ពុជា វៀតណាម និងប្រទេសផ្សេងទៀត នូវការបញ្ជាទិញ ដោយសារតែប្រទេសទាំងនោះបាត់បង់ប្រាក់ចំណូល ។ កាលនោះដែរ តម្រូវការទីផ្សារលើសម្លៀកបំពាក់ និងស្បែកជើងនៅប្រទេសអាមេរិក និងអឺរ៉ុប ក៏បានធ្លាក់ចុះ ដូច្នេះតម្រូវការបញ្ជាពីកម្ពុជាក៏ធ្លាក់ចុះដែរ ដែលធ្វើឱ្យកាលនោះ កម្ពុជាមានការបិទរោងចក្រមួយចំនួនដូចគ្នា ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content