បរទេស៖ យោងតាមប្រភពពី CNBC លើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេស ហ្គីយ៉ាណា នឹងកើនឡើងក្នុងអត្រាលឿនបំផុតនៅលើពិភពលោក ដោយសារប្រាក់ចំណេញពីវិស័យផលិតកម្មប្រេង និងការនាំចេញរបស់ខ្លួន។

ប្រទេសហ្គីយ៉ាណា ឬ Guyana គឺជាប្រទេសមួយនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រជាជនប្រហែល ៨ សែននាក់។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងកើនឡើង ៣៨ ភាគរយនៅចុងឆ្នាំនេះ ដែលជាល្បឿនលឿនខ្លាំងបំផុត។ បន្ថែមពីលើនេះ BMI ដែលជាអង្គភាពស្រាវជ្រាវរបស់ Fitch Solutions ក៏បានលើកឡើងដែរថា Guyana នឹងមានកំណើនសេដ្ឋកិច្ចឡើងខ្លាំងនៅឆ្នាំនេះ ដោយមើលឃើញថា ការផលិតប្រេងនៅក្នុងប្រទេសនេះកើនឡើងពី ៣៩០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដល់ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៧។
លោក Andrew Trahan ប្រធានផ្នែកហានិភ័យនៃ BMI បានរំពឹងថា ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ Guyana នឹងកើនឡើងប្រហែល ១១៥ ភាគរយក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ដោយការកើនឡើងអាស្រ័យលើផលិតកម្មប្រេង។ លើសពីនេះ កំណើនដ៏រឹងមាំរបស់ Guyana ត្រូវបានជំរុញដោយការពង្រីកផលិតកម្មប្រេងយ៉ាងឆាប់រហ័ស បន្ទាប់ពីការរកឃើញជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយវានឹងជំរុញការនាំចេញផងដែរ។
លោក Trahan ព្យាករណ៍ថា ប្រទេសនេះនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅលើពិភពលោកនៅឆ្នាំ២០២៣ នេះ ហើយរំពឹងថាប្រទេសនេះនឹងរក្សាតំណែងនេះយ៉ាងហោចណាស់ពីរឆ្នាំទៀត។ មិនត្រឹមតែប៉ុណ្ណោះ កំណើននេះនឹងបន្តមានភាពរឹងមាំដោយសារការផលិតប្រេងនៅតែបន្តកើនឡើង ជាមួយនឹងផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល ១១៥ ភាគរយចន្លោះឆ្នាំ ២០២២ និង ២០២៨។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បង្ហាញថា កំណត់ត្រានៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ Guyana មានអត្រា ៦២,៣ ភាគរយក្នុងឆ្នាំ ២០២២ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។ ក្រៅពីកំណើនផលិតកម្មប្រេង កំណើននៅក្នុងវិស័យផ្សេងៗទៀតក៏ត្រូវបានជំរុញដោយការវិនិយោគលើការដឹកជញ្ជូន លំនៅដ្ឋាន និងការបង្កើនធនធានមនុស្សផងដែរ។ របាយការណ៍របស់ IMF បានគូសបញ្ជាក់ថា វិស័យកសិកម្ម ការរុករករ៉ែ និងការជីកថ្មរបស់ Guyana ក៏ដំណើរការល្អផងដែរ។ ទន្ទឹមនឹងនេះ ការនាំចេញថាមពលរបស់ Guyana នឹងជំរុញដល់កំណើនដូចជា ការទទួលអត្ថប្រយោជន៍ពីការវិនិយោគដ៏រឹងមាំ ឱកាសការងារថ្មី និងការកើនឡើងនៃប្រាក់ចំណូលរបស់រដ្ឋាភិបាលផងដែរ។

ទោះជាយ៉ាងណាក្តី Valerie Marcel សហការីនៅ Think Tank Chatham House បានលើកឡើងថា Guyana ក៏ប្រឈមនឹងហានិភ័យផងដែរ ដោយសារប្រទេសភាគច្រើនដែលពឹងផ្អែកលើចំណូលពីប្រេងប្រឈមនឹងអស្ថិរភាពនយោបាយ និង ហានិភ័យ Dutch Disease។ Dutch Disease គឺជាពាក្យសេដ្ឋកិច្ចដែលសំដៅទៅលើផលប៉ះពាល់អវិជ្ជមានដែលកើតឡើងពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដោយសារការរកឃើញធនធានថ្មី ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។
ស្របពេលនេះដែរ BMI ក៏មើលឃើញពីហានិភ័យនយោបាយគួរឱ្យកត់សម្គាល់ផងដែរ ដោយសារ Guyana គឺជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រនៃការបែងចែកខ្លាំងរវាងប្រជាជន Indo-Guyanese និង Afro-Guyanese រួមទាំងប្រឈមនឹងអំពើពុករលួយ និងឧក្រិដ្ឋកម្មផងដែរ។ ដូច្នោះហើយ ប្រាក់ចំណូលប្រេងអាចធ្វើឲ្យមានការបែកបាក់កាន់តែខ្លាំងឡើង៕
.




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content