ភ្នំពេញ ៖ ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិដល់អ្នកប្រើប្រាស់កាន់តែទូលំទូលាយនៅផ្សារទំនើបសូរិយារាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៦ នឹងជួយផលិតករ សហគ្រិនខ្មែរផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ក្នុងប្រទេសកាន់តែទូលំទូលាយ ។ ពិព័រណ៍នេះ ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមតាំងបង្ហាញប្រមាណ ៣០ស្តង់ និងបានដាក់តាំងផលិតផលបង្ហាញពីអត្តសញ្ញាណជាតិ ។

លោក កុសល ពីសី ស្ថាបនិក ពិព័រណ៍ផលិតផលខ្មែរ (KPE) បានឱ្យដឹងថា ចំពោះពិព័រណ៍ផលិតផលខ្មែរ ដែលត្រូវបានរៀបចំឡើងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះ ដើម្បីលើកតម្កើងផលិតផលក្នុងស្រុក ជំរុញឱ្យមានការគាំទ្រកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ និងជួយផ្សព្វផ្សាយផលិតផលខ្មែរ បង្ហាញអត្តសញ្ញាណរបស់ខ្មែរ ស្វែងរកទីផ្សារបន្ថែមដល់អាជីវករ និងសហគ្រិនខ្មែរ ។
លោកបន្តថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦នេះ គឺជាលើកទី៦ហើយ ដោយកន្លងមក លោកបានរៀបចំចំនួន៥លើករួចមកហើយជាពិសេសគឺរៀបចំឡើងនាឱកាសពិធីបុណ្យជាតិធំៗ និងទិវាអន្តរជាតិផ្សេងៗដូចជាទិវានៃក្ដីស្រលាញ់ ជាដើម ។
លោករំពឹងថា ក្រោយការរៀបចំពិព័រណ៍ផលិតផលខ្មែរ ដែលបានរៀបចំនាពេលនេះ នឹងធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែស្គាល់ច្បាស់ និងងាកមកប្រើប្រាស់ផលិតផលខ្មែរបានកាន់តែច្រើន ហើយនៅពេលណាផលិតផលខ្មែរមានការគាំទ្រកាន់តែច្រើនពីពលរដ្ឋ នោះនឹងធ្វើសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនជាងមុន។

លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា ក្នុងពេលប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសកំពុងធ្វើពហិការលើផលិតផលរបស់ថៃ វាជាឱកាសរបស់សហគ្រិនខ្មែរក្នុងការពង្រីកទីផ្សារផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ ។ មួយវិញទៀត ដើម្បីឱ្យផលិតផលទាំងនោះកាន់តែទទួលបានការគាំទ្រ ត្រូវធ្វើឱ្យគេស្គាល់ជាមុនសិន ដូច្នេះ ការរៀបចំពិព័រណ៍នាឱកាសនេះ ក៏ជាការធ្វើទីផ្សារមួយដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានស្គាល់ និងអាចស្វែងរកទំនាក់ទំនងដើម្បីប្រើប្រាស់ក៏ដូចជាលក់បន្ត ។
លោក ឆុន សុភា ប្រធានទីផ្សារនៃសហគ្រាស ជេ អឹម អិល អេច ដែលចូលរួមក្នុងពិព័រណ៍នោះដែរ បានឱ្យដឹងថា កន្លងមកលោកតែងតែចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នានា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់អតិថិជន ព្រោះថានៅពេលមានព្រឹត្តិការណ៍ពិព័រណ៍ នឹងមានពលរដ្ឋជាច្រើនទស្សនា ឬដើរទិញទំនិញក្នុងព្រឹត្តិការណ៍នោះ ដែលវាជាពេលវេលាល្អក្នុងការបង្ហាញផលិតផលរបស់ខ្លួនទៅកាន់អតិថិជនឱ្យបានស្គាល់ និងសាកល្បងប្រើប្រាស់ ។

លោកបន្តថា នៅពេលដែលអតិថិជនបានសាកល្បងប្រើប្រាស់ហើយ ពួកគាត់នឹងស្វែងរកការគាំទ្របន្តទៀតបើសិនជាផលិតផលនោះមានគុណភាព និងគុណតម្លៃល្អ ជាក់ស្ដែង តាមការកត់សម្គាល់ ក្រោយបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗរួចហើយ តែងតែទទួលបានការបញ្ជាទិញកាន់តែច្រើនពីអតិថិជនថ្មីៗ ដែលអាចបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នានា ពិតជាអាចផ្ដល់ប្រយោជន៍ច្រើនដល់អ្នកតាំងបង្ហាញផលិតផល ៕










វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content