បរទេស ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានរាយការណ៍ថា ក្រុម Hacker ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង លួចយករូបិយប័ណ្ណគ្រីបតូ ដែលគិតជាទឹកប្រាក់ជាង ៤០០ លានដុល្លារ ពីជនរងគ្រោះជាង ៩០០ នាក់ ក្នុងរយៈពេល ១៨ ខែកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ BBC។
នាយកផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ FBI លោក Brett Leatherman លើកឡើងថា របបកូរ៉េខាងជើងពឹងផ្អែកលើប្រាក់ចំណូលពីការលួចរូបិយប័ណ្ណគ្រីបតូរាប់ពាន់លានដុល្លារ ដើម្បីយកទៅផ្គត់ផ្គង់ការផលិតអាវុធខុសច្បាប់របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សេចក្តីរាយការណ៍នេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនជួញដូររូបិយប័ណ្ណគ្រីបតូធំជាងគេបំផុតលើពិភពលោក Binance ទម្លាយឱ្យដឹងថា ក្រុម Hacker បានប្រើប្រាស់កិច្ចសម្ភាសន៍ការងារក្លែងក្លាយ ដើម្បីលួចប្រាក់ក្នុងកំណត់ត្រាខ្ពស់បំផុតរហូតដល់ ៦,៣ ពាន់លានដុល្លារពីក្រុមហ៊ុន។ ភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិកសន្មត់ថា ការលួចចូលប្រព័ន្ធក្រុមហ៊ុន Binance ដែលត្រូវបានចាត់ទុកថាជាការលួចរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមិនធ្លាប់មាននេះ គឺជាស្នាដៃរបស់ក្រុមដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នេះ។
យោងតាម FBI និងក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថា គម្រោងឆបោកចុងក្រោយបង្អស់ដែលមានឈ្មោះថា «FaceStealer» បានដាក់គោលដៅវាយប្រហារទៅលើអ្នកធ្វើការនៅក្នុងវិស័យគ្រីបតូ និងវិស័យ Web3 ជាពិសេសគឺអ្នកដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការថែទាំកម្មវិធីកូដចំហ។ ក្រុម Hacker នេះប្រើប្រាស់គណនីបណ្ដាញសង្គមក្លែងក្លាយ ឬគណនីដែលលួចបានសម្រេច ដើម្បីអញ្ជើញជនរងគ្រោះដែលជាគោលដៅឱ្យចូលរួមក្នុងការខលជាវីដេអូ តាមរយៈកម្មវិធីក្លែងបន្លំរបស់ Zoom, Microsoft Teams និង Google Meet។ បន្ទាប់មក ក្រុម Hacker ចាក់វីដេអូដែលបានថតទុករបស់ជនរងគ្រោះមុនៗដែលស្គាល់គ្នាជាមួយជនរងគ្រោះថ្មី ដើម្បីបន្លំធ្វើឱ្យមើលទៅដូចជាការហៅទូរស័ព្ទពិតប្រាកដ ប៉ុន្តែពួកគេនឹងធ្វើពុតជាមានបញ្ហាដាច់សំឡេង។ ភ្លាមៗនោះ ផ្ទាំងសារមួយនឹងលោតឡើងនៅលើអេក្រង់របស់ជនរងគ្រោះ ដោយស្នើសុំឱ្យពួកគេ «ជួសជុល (Fix)» បញ្ហាសំឡេងនោះតាមរយៈការចុចលើ Link មួយ។ ការចុចនេះ នឹងទាញយកមេរោគចូលទៅក្នុងឧបករណ៍របស់ជនរងគ្រោះ ដែលអនុញ្ញាតឱ្យក្រុម Hacker អាចចូលប្រើប្រាស់ទិន្នន័យ បញ្ជីទំនាក់ទំនង និងកម្មវិធីនានា ព្រមទាំងលួចថតវីដេអូខលទាំងនេះដោយសម្ងាត់ ដើម្បីយកទៅប្រើប្រាស់ជាឧបករណ៍សម្រាប់បោកប្រាស់ជនរងគ្រោះថ្មីៗបន្តទៀត។
FBI ពណ៌នាអំពី FaceStealer ថា ជាគម្រោងបោកបញ្ឆោតបែបចិត្តសាស្ត្រដ៏មានប្រសិទ្ធភាពខ្ពស់ ដែលមានសមត្ថភាពបំភាន់ភ្នែកសូម្បីតែអ្នកប្រើប្រាស់កុំព្យូទ័រដែលមានបទពិសោធន៍ផ្នែកបច្ចេកទេសខ្ពស់ ក៏ត្រូវមានការប្រុងប្រយ័ត្នបំផុតដែរចំពោះសន្តិសុខ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content