ភ្នំពេញ ៖ ក្រៅពីបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំការទូតផ្លូវការ ជាមួយវិភាគដ៏មមាញឹកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្នាក់ដឹកនាំប្រទេសជាច្រើនរូបបានទទួលយកបទពិសោធន៍ថ្មីនៃការដើរកម្សាន្តក្នុងរាជធានីភ្នំពេញ ជាមួយកាយវិការដ៏សាមញ្ញបំផុត និងបង្ហាញពីភាពរីករាយ។
ប្រធានាធិបតីបារាំង ឯកឧត្តម Emmanuel Macron និងលោកជំទាវទីមួយសម្រេចចិត្តចុះពីរថយន្តការពារគ្រាប់កាំភ្លើង ដើម្បីដើរកម្សាន្តដោយថ្មើរជើងយ៉ាងសាមញ្ញនៅតាមដងផ្លូវសាធារណៈនាមាត់ទន្លេ ចាប់ពីម្តុំមុខព្រះបរមរាជវាំងរហូតដល់រង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត។ ចំណែកឯលោកជំទាវ Iliana Iotova ប្រធានាធិបតីប៊ុលហ្គារី បានដើរលម្ហែកាយតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ Walk Street អមដោយបរិយាកាសពេលរាត្រីដ៏រស់រវើកនៃរាជធានីភ្នំពេញ។ រីឯនាយករដ្ឋមន្ត្រី អាមេនី លោក Nikol Pashinyan បានបង្ហោះវីដេអូជិះកង់ហាត់ប្រាណនាពេលព្រឹកព្រលឹម និងបានថ្លែងអំណរគុណជាភាសាខ្មែរថា «អរគុណ» ទៀតផង។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រី រដ្ឋកេប៊ិច លោក Paul St-Pierre Plamondon បានជិះម៉ូតូកង់បី ដើម្បីអញ្ជើញទៅទស្សនាភូមិហ្វ្រង់កូហ្វូនី ដែលទង្វើទាំងនេះបានបង្ហាញពីកាយវិការដ៏សាមញ្ញ និងភាពរីករាយនៅលើទឹកដីសន្តិភាពនៃកម្ពុជា។
ជាការពិតណាស់ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ការរៀបចំប្រព័ន្ធសន្តិសុខ និងពិធីការទូត គឺជាកាតព្វកិច្ចចាំបាច់ដើម្បីធានាសុវត្ថិភាពជូនប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ ប៉ុន្តែអ្វីដែលកាន់តែមានភាពលេចធ្លោនោះ គឺការដែលថ្នាក់ដឹកនាំទាំងនោះបានសម្រេចចិត្តចាកចេញពីក្បួនរថយន្តការពារសុវត្ថិភាពផ្លូវការ ដើម្បីចុះដើរលម្ហែយ៉ាងសាមញ្ញ ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះ មិនមែនមានតែប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប៉ុណ្ណោះទេ ដែលបានទទួលយកបទពិសោធន៍ដ៏ល្អប្រពៃនៃប្រទេសកម្ពុជា ក្នុងនៅមានគណៈប្រតិភូមកពី ៨១ ប្រទេស និងរដ្ឋាភិបាល រួមមានប្រតិភូផ្លូវការជាង ១ ០០០ នាក់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១ ៣០០ នាក់ ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច និងវិនិយោគិនអន្តរជាតិជាង ១០០០ នាក់ទៀត។ រាប់ចាប់ពីការតាំងពិព័រណ៍ដ៏អ៊ូអរនៅភូមិហ្វ្រង់កូហ្វូនី រាជធានីភ្នំពេញ រហូតដល់ដំណើរទស្សនកិច្ចវប្បធម៌នៅប្រាសាទអង្គរក្នុងខេត្តសៀមរាប ភ្ញៀវបរទេសបានដើរកម្សាន្តតាមដងផ្លូវ ពិសាអាហារក្នុងស្រុក និងប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រជាជនខ្មែរ។ ភ្ញៀវទេសចរជាច្រើនបានបង្ហាញភាពភ្ញាក់ផ្អើល និងកោតសរសើរដោយស្មោះចំពោះបរិយាកាសសុខសន្តិភាព ថាមពលដ៏រស់រវើក និងភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅកម្ពុជា។ ម្យ៉ាងវិញទៀត វាក៏ជារឿងសំខាន់ផងដែរក្នុងការបង្ហាញពីភាពរីករាយ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជាចំពោះភ្ញៀវកិត្តិយស និងអ្នកទេសចរទាំងអស់។
ស្នាមញញឹមដ៏បរិសុទ្ធ និងបដិសណ្ឋារកិច្ចរបស់ប្រជាពលរដ្ឋក្នុងស្រុក បានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតមួយទៀតរបស់កម្ពុជា ដែលកន្លងមកមិនសូវទទួលបានការចាប់អារម្មណ៍ពីឆាកអន្តរជាតិ។ នេះសបញ្ជាក់ថា កម្ពុជាមិនមែនគ្រាន់តែប្រទេសតូចមួយទេ ប៉ុន្តែកម្ពុជាគឺជាម្ចាស់ផ្ទះដែលមានមោទនភាព និងពោរពេញដោយភាពរួសរាយរាក់ទាក់ ក្នុងការស្វាគមន៍ពិភពលោកឱ្យចូលមកកាន់ប្រទេសរបស់យើង។ ជាក់ស្តែង ប្រធានបទរបស់ភូមិហ្វ្រង់កូហ្វូនី«ស្នាមញញឹមខ្មែរ ស្នាមញញឹមនៃហ្វ្រង់កូហ្វូនី» ប្រជាជនកម្ពុជា ពិតជាបានទទួលស្វាគមន៍ពិភពលោកដោយមោទនភាព និងភាពកក់ក្តៅចេញពីបេះដូងយ៉ាងពិតប្រាកដ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិត្រូវបានព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយ លាបពណ៌ដដែលៗថា «Scambodia… ជាប្រទេសមិនមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ» ដែលជាការទាញទម្លាក់រូបភាព និងប្រជាប្រិយភាពរបស់ប្រទេសទាំងមូលដោយសារបញ្ហាតែមួយគត់។ ប៉ុន្តែ តាមរយៈរូបភាពដ៏រស់រវើក ពិតប្រាកដជាច្រើនចេញពីព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅលើទឹកដីកម្ពុជាមិនអាក្រក់ដូចអ្វីដែលព័ត៌មានអន្តរជាតិនានាធ្លាប់លាបពណ៌កន្លងមកនោះទេ។ គ្មានប្រទេសណាមួយដែលល្អឥតខ្ចោះ គ្មានបញ្ហាប្រឈមនោះឡើយ ហើយកម្ពុជាក៏មិនមែនជាករណីលើកលែងដែរ។ បណ្តាញឆបោកតាមប្រព័ន្ធអនឡាញនៅតែជាបញ្ហាមួយដែលមិនអាចមើលរំលង ឬបដិសេធបានឡើយ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពអវិជ្ជមានទាំងនេះ តាមរយៈយុទ្ធនាការបង្ក្រាបទូទាំងប្រទេស ការរឹតបន្តឹងវិធានការច្បាប់ ប្រតិបត្តិការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏កំពុងបន្តអនុវត្តជាប់ជាប្រចាំផងដែរ។
ទោះជាយ៉ាងណាក្តី បញ្ហាឆបោកតាមប្រព័ន្ធអនឡាញមិនគួរត្រូវបានយកមកវាយតម្លៃ ឬវិនិច្ឆ័យប្រទេសជាតិទាំងមូលនោះទេ។ ទោះបីកម្ពុជាគ្រាន់ជាប្រទេសតូចមួយទើបងើបពីសង្គ្រាមក្តី ប៉ុន្តែកម្ពុជាបន្តខិតខំអភិវឌ្ឍន៍ បណ្តុះធនធានមនុស្ស និងការលើកកម្ពស់បដិសណ្ឋារកិច្ចដ៏ល្អប្រពៃរបស់ខ្លួន។ មុខមាត់របស់កម្ពុជាមិនគួរត្រូវបានកំណត់ត្រឹមតែចំណងជើងព័ត៌មានក្លែងក្លាយណាមួយនោះឡើយ ប៉ុន្តែត្រូវឆ្លុះបញ្ចាំងតាមរយៈបទពិសោធន៍ផ្ទាល់ភ្នែក ជីវភាពរស់នៅប្រចាំថ្ងៃជាក់ស្ដេង និងពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលពោរពេញទៅដោយភាពស្មោះត្រង់ រួសរាយ រាក់ទាក់ ពោរពេញទៅដោយស្នាមញញឹម បង្ហាញពីវប្បធម៌ដ៏ល្អរបស់ជាតិសាសន៍ខ្មែរ ដែលជាអត្តសញ្ញាណពិតនៃប្រទេសកម្ពុជា៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content