ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយក្នុងពិភពលោក ប៉ុន្តែជប៉ុនត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានភាពស្ងប់ស្ងាត់ជាងគេបំផុតចំពោះសកម្មភាពយោធាធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដែលស្ថិតនៅក្នុងកម្រិតប្រហាក់ប្រហែលគ្នា ដូចជា កូរ៉េខាងត្បូង ចិន និងឥណ្ឌាជាដើម។

ទោះបីជាយ៉ាងណាក្តី កាលពីពាក់កណ្តាលខែធ្នូមកនេះរដ្ឋាភិបាលក្រុងតូក្យូបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការប្រកាសអនុម័តកញ្ចប់ថវិកាយោធាទ្រង់ទ្រាយដ៏ធំបំផុតមួយមិនធ្លាប់មានគិតចាប់តាំងតែពីពេលបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២។
កញ្ចប់ថវិកាយោធាជាយុទ្ធសាស្ត្រថ្មីរបស់ជប៉ុនមិនត្រឹមតែមានលក្ខណៈផ្ទុយពីគោលនយោបាយការពារជាតិដែលបានអនុវត្តអស់រយៈពេលជាយូរមកហើយនោះផងទេ ហើយក៏ជាកញ្ចប់ថវិកាដែលមានទំហំច្រើនរហូតទៅដល់ ៣២០ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ឬជាង៧០ពាន់លានដុល្លារប្រចាំឆ្នាំផងដែរ។

កញ្ចប់ថវិកាដែលត្រូវបានគេមើលឃើញដែរថាស្មើទៅនឹង GDP របស់ជប៉ុនដល់ទៅ២ភាគរយ ពោលគឺច្រើនជាង២ដងនៃកញ្ចប់ថវិកាយោធាដែលជប៉ុនតែងតែអនុវត្តកាលពី១០ឆ្នាំចុងក្រោយនេះ ឬជាកញ្ចប់ថវិកាយោធាដែលមានចំនួនច្រើនជាងគេបំផុតទី៣របស់ពិភពលោកបន្ទាប់ពីអាមេរិក និងចិនក្នុងពេលបច្ចុប្បន្ននេះ។
តើផែនការយោធារបស់ជប៉ុនលើកនេះទទួលបានការរិះគន់ និងការគាំទ្រពីអ្នកណាខ្លះ?
ប្រទេសចិន ជាប្រទេសដំបូងគេដែលបានធ្វើការរិះគន់ចំពោះផែនការនេះដោយលើកឡើងថា ទង្វើទាំងនេះឆ្លុះបញ្ចាំងពីការពង្រីកយោធារបស់ជប៉ុនដែលវានឹងនាំឲ្យមានការផ្លាស់ប្តូរឆ្ងាយពីអ្វីដែលធ្លាប់ហៅថាជាសន្តិភាពសម្រាប់ប្រទេសជប៉ុន ប៉ុន្តែមន្ត្រីរដ្ឋាភិបាលជប៉ុនបានចេញមកធ្វើការឆ្លើយតប និងគូសបញ្ជាក់ហើយថា ជប៉ុននឹងបន្តការប្តេជ្ញាចិត្តចំពោះគោលការណ៍ “ផ្លូវសម្រាប់សន្តិភាព ឬ path as a peaceful nation” របស់ខ្លួនដដែល។

ក្រៅពីតែពីចិនហើយនោះ កូរ៉េខាងជើងក៏បានប្រតិកម្មខ្លាំងចំពោះជប៉ុនផងដែរ ខណៈដែលបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបបាននាំគ្នាបង្ហាញការសាទរយ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែកូរ៉េខាងត្បូងផងដែរ ទោះបីជាកន្លងមកធ្លាប់មានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះក្តី។ ក្រៅតែពីនោះសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចនោះក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះផែនការយោធាជប៉ុនដែរដោយលើកឡើងថានេះគឺជាសកម្មភាពដែលអាចជួយឲ្យអាមេរិក និងជប៉ុនក្នុងការពង្រឹងគោលនយោបាយរួមគ្នាចំពោះវិស័យការពារជាតិ។
ការសម្រេចចិត្តរបស់ជប៉ុននេះក៏មានដែរថា គោលនយោបាយឆ្នាំ១៩៥៦ដោយរដ្ឋាភិបាលក្រុងតូក្យូក្នុងការកំណត់សមត្ថភាពវាយប្រហារទៅដល់ដែនដីរបស់សត្រូវ និងនៅលើតែទឹកដីដែលជារបស់ខ្លួននោះគឺនឹងលែងត្រូវបានអនុវត្តទៀតឡើយ។
ក្នុងកញ្ចប់ថវិកាចំណាយទាំងនោះផងដែរគេបានដឹងថា ជប៉ុននឹងចំណាយប្រាក់ប្រមាណដល់ទៅ ៣៧ពាន់លានដុល្លារសម្រាប់តែការពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធចំងាយឆ្ងាយ ជាពិសេសគឺមីស៊ីលបាញ់បានចំងាយឆ្ងាយ ឬ Long-range missiles ដែលក្នុងនោះអាចមានជាការបញ្ជាទិញមីស៊ីលអាមេរិកដូចជា Tomahawks និង Joint Air-to-Surface Standoff missiles ផង និងក៏ដូចជាការអភិវឌ្ឍមីស៊ីលក្នុងស្រុកផង។ ដោយឡែកកញ្ចប់ថវិកាប្រមាណជា ៥៨ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវយកទៅចំណាយលើកិច្ចការងារបង្កើនសមត្ថភាពការពារប្រព័ន្ធវាយប្រហារតាមអ៊ិនធឺណេត ឬ Cybersecurity និងការវាយប្រហារនៅលំហអាកាស ឬ Space ផង៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content