ភ្នំពេញ ៖ អង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ការដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ រួមជាមួយនឹងកិច្ចការធ្វើយ៉ាងណាអាចការពារឲ្យបានជាដាច់ខាតតំលៃលេចធ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។

អង្គការយូណេស្កូបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានទទួលស្វាគមន៍អនុប្រធានគណៈកម្មការអឺរ៉ុបយ៉ាងកក់ក្ដៅ និងលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការការងារមួយចំនួនដូចជា កិច្ចសហប្រតិបត្តិការនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ការត្រៀមរៀបចំប្រារព្ធពិធីខួបលើកទី៥០ឆ្នាំ នៃអនុសញ្ញា១៩៧០ ដែលកម្ពុជាបានចុះហត្ថលេខី, ការរៀបចំកិច្ចប្រជុំ ICC-Angkor ICC-Preah Vihear និងកិច្ចការទូទៅមួយចំនួនផ្សេងទៀត។

នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតទទួលជួបជាមួយ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ ជាពិសេសផ្ដោតទៅលើវឌ្ឍនភាពការងាររួមគ្នារវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ។

នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានជម្រាបជូនអំពីព័ត៌មានមួយចំនួនដែលពាក់ព័ន្ធទៅនឹងយុទ្ធនាការកម្រិតអន្តរក្រសួង របស់ “ក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា” ក្នុងការចុះវាស់វែងដី និងស្រង់ទិន្នន័យនិយាមការ ដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់តំណាងអង្គការយូណេស្កូ ដើម្បីជ្រាបជាព័ត៌មាន ដែលជាយុទ្ធនាការមួយ ដើម្បីរុះរើនៅសំណង់ខុសច្បាប់មួយចំនួនដែលបានកើតមាននៅពេលកន្លងមក ហើយយុទ្ធនាការនេះក៏ជាផ្នែកមួយនៃផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងការទប់ស្កាត់ និងការពារតំបន់បេតិកភណ្ឌអង្គរ ជាពិសេសប្រយុទ្ធប្រឆាំងនឹងសំណង់ខុសច្បាប់។
លោកជំទាវបណ្ឌិតបានបន្តថា យុទ្ធនាការនេះ ជាសកម្មភាពមួយដែលអាចអនុញ្ញាតឲ្យកសាងបាននូវទិន្នន័យជាក់ច្បាស់សម្រាប់អនាគតក្នុងកិច្ចការការពារអភិរក្សតំបន់អង្គរទាំងមូល ជាពិសេសទប់ស្កាត់នៃការកកើតឡើងវិញនៃសំណង់ខុសច្បាប់ជាយថាហេតុនាពេលអនាគត ក្នុងបំណងធ្វើយ៉ាងណាការពារឲ្យបានជាដាច់ខាតតំលៃលេចធ្លោជាសាកលនៃរមណីយដ្ឋានអង្គរអត្តសញ្ញាណជាតិ។
ពាក់ព័ន្ធនឹងយុទ្ធនាការរបស់ក្រុមការងារតម្រង់ទិសនេះ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការពារតំបន់បេតិកភណ្ឌអង្គរ ព្រមទាំងនឹងរាយការណ៍បន្ដជូនទៅអង្គការយូណេស្កូនៅប៉ារីស និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ ហើយបានស្នើឱ្យអាជ្ញាធរជាតិអប្សរា ដាក់បញ្ចូលក្នុងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃកិច្ចការអភិរក្សអង្គរនូវសកម្មភាព និងលទ្ធផលនៃយុទ្ធនាការនេះ ដែលនឹងត្រូវដាក់ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាដំណាច់ឆ្នាំ២០២២នេះ។
សូមជម្រាបថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីបានឱ្យដឹងថា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុប ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ខណៈដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានត្រៀមដីរហូតដល់ ៦០០៥ឡូត៍ សម្រាប់ផ្តល់ជូនពលរដ្ឋដែលពាក់ព័ន្ធ ដោយក្នុងមួយឡូត៍មានទំហំ ២០ x ៣០ម៉ែត្រ ជាមួយនឹងការរៀបចំ និងកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content