ផ្តើមពីការងារបរិស្ថានកែច្នៃស្រទបស្លា ជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃកាត់បន្ថយការប្រើប្លាស្ទិក

ផ្តើមពីការងារចូលរួមថែរក្សាបរិស្ថាន និងស្រឡាញ់អភិរក្សធនធានធម្មជាតិនោះ យុវជនមួយក្រុមបាននឹង​កំពុង​បង្កើត​គម្រោង​មួយកែច្នៃបង្កើតជាសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជំនួស​ឱ្យការប្រើប្រាស់សម្ភារៈធ្វើពីជ័រ​ប្លាស្ទីកដោយរំពឹងថា គម្រោងនេះនឹងចូលរួមចំណែក​យ៉ាងសំខាន់ជួយ​កាត់បន្ថយការប្រើប្រាស់​ប្លាស្ទីក​នៅកម្ពុជា។

លោក ហួ ឆៃងន់ ជាស្ថាបនិក និងជាប្រធានសិប្បកម្ម Areca Cam បានប្រាប់ AMS ថា សិប្បកម្មរបស់លោកជាអាជីវ​កម្ម​ខ្នាតតូច បច្ចុប្បន្នមានទីតាំង​នៅក្នុង​ទឹកដីខេត្តកំពង់ចាម កំពុងស្ទាបស្ទង់លើសន្ទុះនៃការផ្គត់ផ្គង់ស្រទបស្លា និង​ទីតាំង​ដាក់​ស្រទបស្លា ដើម្បីងាយស្រួលរៀបចំឧបករណ៍ក្នុងការកែច្នៃ និងផលិត​ចេញ​ជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។

លោក  ឆៃងន់ បានបញ្ជាក់ថា សិប្បកម្ម Areca Cam ត្រូវបាន​បង្កើតឡើងដោយផ្តោត​លើការ​កែច្នៃស្រទបស្លា​ទៅជា​សម្ភារៈ​ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ស្ថាបព្រា សម និងប្រអប់អាហារជាដើម។ តាម​រយៈ​​គម្រោងនេះ សិប្បកម្ម​នឹង​រួម​ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្លាស្ទីក ជួយបង្កើនប្រាក់​ចំណូលដល់ប្រជាកសិករ និង​បង្កើតការងារ​ដល់​ប្រដាពលរដ្ឋក្នុងសហគមន៍ និងបណ្តុះឱ្យក្រុមយុវជនចេះស្រឡាញ់បរិស្ថាន។

លោក ហួ ឆៃងន់ ថ្លែងបន្ថែមថា៖

“ការកែច្នៃស្រទបស្លា ជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមមានដូចជា ចាន ស្លាប ព្រា សម និងប្រអប់អាហារ មិនមែនជារឿង​ថ្មី​នោះ​ទេ​នៅកម្ពុជា ព្រោះគម្រោងស្រដៀង​គ្នានេះ​មួយចំនួន​ត្រូវបានបើកដំណើរ​ការ​រួច​មកហើយ។ តែសម្រាប់ គម្រោង និងកិច្ចការងារមួយនេះនឹងចូលរួម​ចំណែក​បំពេញបន្ថែមទៅលើការផ្គត់ផ្តង់ចំណែកនៅលើទីផ្សារ”

ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា តាមពិតទៅសិប្បកម្មគ្រោងសម្ពោធជាផ្លូវការ និងដាក់បង្ហញផលិតផលកែច្នៃសម្ភារៈប្រើប្រាស់ដោយស្រទបស្លានេះ នៅក្នុង​អំឡុង​ខែឧសភានេះ ប៉ុន្តែដោយ​សារស្ថានការណ៍កូវីដ ទើបលោកមិនទាន់បានផ្សព្វផ្សាយ រង់ចាំមើលការធូរស្រាលកូវីដបន្តិចសិន។

លោក ហួ ឆៃងន់ ថ្លែងថា៖

“គោលដៅរបស់ខ្ញុំ ផ្តោតទៅលើអ្នកស្រលាញ់បរិស្ថាន ដែលបច្ចុប្បន្នមានបណ្តាភោជនីយដ្ឋាន សណ្ឋាគារគាំទ្រ​ផលិតផល​របស់​យើង។ ប្រជា​ពលរដ្ឋ ស្រលាញ់បរិស្ថាន ពួកគាត់នឹងគាំទ្រផលិតផលរបស់យើង។​ ថវិកាដែលចំណេញ​ពីការ​លក់ ក៏​គ្រោងប្រើប្រាស់ដើម្បីលើកស្ទួយ​ផ្នែក​បរិស្ថាន​នៅកម្ពុជាផងដែរ”

តាមរយៈគម្រោង និងផែនការខាងលើ ម្ចាស់សិប្បកម្មរូបនេះ រំពឹងថា នឹងទទួលបានការគាំទ្រច្រើន ជាពិសេសមានការលើកទឹក​ចិត្ត​របស់រដ្ឋាភិបាលលើការកាត់​បន្ថយ​ប្លាស្ទីក ហើយសង្គមទាំងមូលក៏មានការចាប់អារម្មណ៍ច្រើនទៅ​លើ​ការប្រើប្រាស់ សម្ភារជួយដល់បរិស្ថានផងដែរ៕