ភ្នំពេញ ៖ វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបានអ្នកជំនាញនៃវិស័យនេះយល់ឃើញខុសៗគ្នា ដោយមួយចំនួនយល់ថានឹងល្អឡើងវិញ ប៉ុន្តែមួយចំនួនទៀតមិនទាន់ហ៊ានដាក់ការព្យាករណ៍ថាល្អ ឬមិនល្អនោះទេ ពោលគឺស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ។
បើតាម លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៤ ដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះ ហាក់មានភាពស្រពេចស្រពិល ។ លោកលើកឡើងបែបនេះដោយយោងទៅលើស្ថានភាពវិបត្តិនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅមិនទាន់ដោះស្រាយចប់សព្វគ្រប់ ស្រាប់តែចូលមកដល់វិបត្តិរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនចូលមកដល់ទៀត ។

លោកបន្តថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជា អាចនឹងប្រសើរឡើងវិញបានបើសិនជាបញ្ហាសំខាន់ៗលើពិភពលោកត្រូវបានដោះស្រាយរួចរាល់នៅឆ្នាំ ២០២៤ខាងមុខ ។ នៅពេលស្ថានភាពពិភពលោកបានប្រសើរ ការវិនិយោគពីបរទេសនឹងអាចចូលមកកម្ពុជាច្រើនឡើងវិញស្របនឹងកម្ពុជានៅតែបន្តពឹងលើការវិនិយោគពីខាងក្រៅ ដូច្នេះហើយទើបកម្ពុជាបានខិតខំទាក់ទាញការវិនិយោគខាងក្រៅឱ្យបានកាន់តែច្រើន ។
លោកក៏បានបង្ហើបពីទីតាំងមួយចំនួនសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូចជាទីតាំងណាដែលមានសេដ្ឋកិច្ចនៅដំណើរការល្អ ហើយអាចនឹងល្អរហូតដល់ឆ្នាំ២០២៧ ឬយូរជាងនេះ ។ តែប្រភេទអចលនទ្រព្យដែលអ្នកវិនិយោគគួរវិនិយោគនោះគឺប្រភេទអចលនទ្រព្យវិនិយោគរយៈពេលយូរអង្វែង និងមិនត្រូវរកប្រភេទណាដែលវិនិយោគរយៈពេលខ្លីនោះទេក្នុងដំណាក់កាលនេះ។

ប្រធានសមាគមរូបនេះ បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលអាចនឹងទាក់ទាញការវិនិយោគបន្ថែមពីបរទេស ក្នុងនោះផ្លូវជាតិសំខាន់ៗបានបើកការដ្ឋានសាងសង់ និងលើកកម្ពស់ឡើងវិញ គម្រោងពង្រីកកំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែតជាដើម ។
ចំណែកលោកឧកញ៉ា គីម ហ៊ាង ដែលជាអ្នកជំនាញ និងជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះមួយរូបនៅកម្ពុជាបានបង្ហាញទស្សនថា នៅឆ្នាំ២០២៤ខាងមុខនេះ លោកមើលឃើញពីភាពប្រសើរឡើងវិញនៃវិស័យអចលនទ្រព្យ ដោយលោករំពឹងថា វិបត្តិនិងបញ្ហាសកល នឹងអាចដោះស្រាយចប់នៅឆ្នាំ២០២៤ខាងមុខនេះ ហើយនឹងធ្វើឱ្យវិនិយោគិនបរទេសអាចស្វែងរកការវិនិយោគ ក្នុងនោះកម្ពុជាក៏ជាប្រទេសគោលដៅមួយរបស់វិនិយោគិនបរទេសដែរ ។
បើតាមការសង្កេតជាក់ស្ដែង រហូតដល់ចុងឆ្នាំ២០២៣នេះហើយ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ ដូចជាទីផ្សារលំនៅឋាន ដែលមានផ្ទះជាប់ដី និងខុនដូ នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម ជាក់ស្ដែងបុរីល្បីឈ្មោះ និងមានអតិថិជនច្រើនជាងគេ គឺបុរីពិភពថ្មីក្នុងរយៈពេល៥០ថ្ងៃចុងក្រោយនេះ លក់ផ្ទះបានត្រឹមតែជាង៩០ផ្ទះប៉ុណ្ណោះ ដែលក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនបានទិញផ្ទះពីអតិថិជនដែលមានបញ្ហាហិរញ្ញវត្ថុត្រលប់មកវិញរហូតដល់ ១ ២៦០ផ្ទះ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content