ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែមីនាឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី ៧៤០០រៀល ទៅ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ ដែលមានតម្លៃរាប់លានដុល្លារ ប៉ុន្តែការប្រមូលទិន្នផលបែរជាធ្លាក់ចុះយ៉ាងខ្លាំងដោយសារកត្តាអាកាសធាតុ រហូតធ្វើឱ្យកសិករដែលជាអ្នកដាំប្រឈមនឹងការខាតបង់។
នៅដើមរដូវនៃការប្រមូលផលគ្រាប់ស្វាយចន្ទីនាឆ្នាំ ២០២៦ នេះ តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា M23 (គ្រាប់ធំ)ស្ថិតនៅចន្លោះ ៧៤០០រៀល ទៅ ៧៦០០រៀលក្នុងមួយគីឡូក្រាម ឬលើសពីនេះអាស្រ័យទៅតាមបណ្តាខេត្ត និងការផ្តល់តម្លៃពីឈ្មួញផ្សេងៗគ្នា ប៉ុន្តែអ្វីដែលជាកត់សម្គាល់ គឺការប្រមូលទិន្នផលនៅដើមរដូវនេះមានការថយចុះយ៉ាងខ្លាំង។
លោក ជុត ច័ន្ទណាវុធ ម្ចាស់ចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅឃុំពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រាប់ AMS ឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះឡើងខ្ពស់ និងជាតម្លៃដែលកសិករចង់បាន ប៉ុន្តែជាអកុសល ការប្រមូលផលបែរជាធ្លាក់ចុះ រហូតធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ផងដែរ។

លោកបញ្ចាក់ថា ៖
«ទិន្នផលឆ្នាំនេះបើធៀបនឹងឆ្នាមុនៗអាចធ្លាក់ចុះរហូតដល់ជាង ៦០ ភាគរយឯណោះ ដោយសារតែកត្តាអាកាសធាតុ…បើនិយាយទៅនៅពេលវាចេញផ្កា ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង ជ្រុះផ្កាអស់ ហើយនៅកាន់ផ្លែក៏មិនល្អដែរ វាមានស្នាមអុជខ្មៅៗ ដែលធ្វើឱ្យអ្នកទិញទម្លាក់តម្លៃទីផ្សារ….សម្រាប់ខ្ញុំចំណូលពីការលក់នៅឆ្នាំនេះ អាចមិនគ្រប់ឱ្យថ្លៃជី និងថ្លៃថ្នាំថែទាំផងក៏ថាបាន»។
ដោយឡែក លោក គង់ ពេជ្រ ម្ចាស់ចម្ការស្វាយចន្ទីដែលមានទំហំប្រមាណជាង ២០ ហិកតា ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង បានទទួលស្គាល់ពីតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះឡើងខ្ពស់ល្អ ខណៈដែលតម្រូវការពីឈ្មួញកណ្តាលយកទៅកែច្នៃ ដើម្បីនាំចេញមានការកើនឡើង ប៉ុន្តែលោកក៏នៅតែកង្វល់ដោយសារទិន្នផលដែលទទួលបានមានកម្រិតទាប។
ម្ចាស់ចម្ការរូបនេះបានបញ្ចាក់ថា ៖
«ជាទូទៅ ចាប់ពីខែ ៩ ទៅ គេចាប់ផ្តើមដាក់ជី ហើយដល់ពេលចេញផ្កាក្នុងអំឡុងខែ ១១ ឬខែ ១២ គេបាញ់ថ្នាំការពារកុំឱ្យជ្រុះ ប៉ុន្តែឆ្នាំនេះមានភ្លៀងធ្លាក់ចំពេលចេញផ្កា បណ្តាលឱ្យផ្កាជ្រុះច្រើន បើនៅសល់ក៏នៅតិច ហើយផ្លែចេញមកក៏មិនល្អដែរ។ ឆ្នាំនេះ ទោះតម្លៃបានថ្លៃ ប៉ុន្តែមិនចំណេញច្រើននោះទេ ព្រោះចំណាយទៅលើថ្លៃពលកម្ម ថ្លៃជី និងថ្នាំការពារក៏អស់ច្រើនដែរ»។

យ៉ាងណាក៏ដោយ លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា កត្តាសំខាន់ចំនួនពីរដែលរួមចំណែកដល់ការហក់ឡើងនៃតម្លៃគ្រាប់ស្វាយចន្ទីនាពេលបច្ចុប្បន្ន គឹទី១៖ លក្ខខណ្ឌអាកាសធាតុមិនអំណោយផលក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យការប្រមូលផលមានភាពយឺតយ៉ាវ និងអាចកាត់បន្ថយផលិតកម្ម ប្រសិនបើដំណាំរងការខូចខាត ហើយទី២៖ ការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច ដោយសាររដ្ឋាភិបាលនៅទីនោះកំពុងពិចារណា ឬរឹតត្បិតលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីពង្រឹងឧស្សាហកម្មកែច្នៃក្នុងស្រុក និងចាប់យកតម្លៃបន្ថែមពីដំណាំនេះឱ្យបានកាន់តែច្រើន។ វិធានការបែបនេះអាចនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅជាសកលមានភាពតឹងតែង ខណៈដែលអាហ្វ្រិកខាងលិចនៅតែជាតំបន់ផលិតដ៏ធំបំផុតមួយរបស់ពិភពលោក។
ប្រធានសមាគមរូបនេះបានបន្តថា ៖
«ក្រៅពីហេតុផលខាងលើនេះ ការកើនឡើងនូវចំនួនសហគ្រាសកែច្នៃក្នុងស្រុកក៏ជាចំណែកជំរុញឱ្យតម្លៃឡើងថ្លៃដែរ គួបផ្សំនឹងតម្រូវការនាំចេញគ្រាប់ទាំងសម្បកទៅកាន់ប្រទេសចិនក៏មានទំហំច្រើនដូចគ្នា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៦នេះ តាមរយៈក្រុមហ៊ុន Men Sarun MDR Co., Ltd. សហការជាមួយក្រុមហ៊ុន China Bonded Port Group Co., Ltd. នឹងនាំចេញគ្រាប់ស្វាយចន្ទីសម្បក (ប្រភេទ M23) មានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងឯណោះ»។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន ១ ០២០ ៧៥៧ តោន ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណ ១ ០០០ ៧៥៧ តោន គិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លារ (កើន ២៧%បើធៀបឆ្នាំ២០២៤) ហើយគិតត្រឹមដើមឆ្នាំ២០២៥ដដែល កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះមាន ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៦ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗប៉ុណ្ណោះ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content