ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងវិស័យស្វាយចន្ទី បានជំរុញឱ្យកម្ពុជាពង្រឹងភាពធន់នៃវិស័យកសិកម្ម និងបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បីទប់ទល់នឹងហានិភ័យពីបាតុភូតអែលនីញ៉ូ (El Niño) ដែលអាចបង្កគ្រោះរាំងស្ងួត និងរលកកម្ដៅខ្លាំង ចាប់ពីសប្ដាហ៍ទី៣ ខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ទោះបីដំណាំស្វាយចន្ទីត្រូវបានចាត់ទុកថាមានហានិភ័យទាបជាងដំណាំសំខាន់ៗមួយចំនួនក៏ដោយ ក៏សីតុណ្ហភាពលើសពី ៤១អង្សាសេអាចប៉ះពាល់ដល់ការចេញផ្កា ការបង្កើតផល និងទិន្នផលផងដែរ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មាន AMS ថា សមាគមកំពុងជំរុញការធ្វើទំនើបកម្មដំណាំស្វាយចន្ទី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌអាកាសធាតុ ព្រមទាំងជួយឱ្យកសិករត្រៀមខ្លួនទប់ទល់នឹងហានិភ័យដែលអាចកើតមាន។
លោកបានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៦ សមាគមបានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់កសិករចំនួន ៣២.០០០គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន ១០ ដោយបានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន ៣៧វគ្គរួចហើយ ក្នុងចំណោម ៤០វគ្គដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា សមាគមមិនទាន់អាចវាយតម្លៃបានច្បាស់លាស់អំពីកម្រិតផលប៉ះពាល់ពីអែលនីញ៉ូនៅឡើយទេ ប៉ុន្តែសីតុណ្ហភាពខ្ពស់ជាង ៤១អង្សាសេអាចបង្កបញ្ហាដល់ដំណាំស្វាយចន្ទី។
លោកបានមានប្រសាសន៍ថា៖ «យើងមិនទាន់អាចវាយតម្លៃថា អែលនីញ៉ូមានផលប៉ះពាល់កម្រិតណាទេ! តែបើរលកកម្ដៅខ្លាំងលើសពី ៤១អង្សាសេ ចន្ទីនឹងមានបញ្ហា ហើយយើងទទួលការព្យាករណ៍មកថា អែលនីញ៉ូលើកនេះធ្ងន់ជាងឆ្នាំ២០១១ ខ្លាំងជាងឆ្នាំ២០២០។ ដូច្នេះ វាជាក្ដីបារម្ភរបស់យើងមួយដែរ»។
ជាទូទៅ ស្វាយចន្ទីជាដំណាំត្រូពិកដែលមិនត្រូវការទឹកច្រើន និងអាចធន់នឹងសីតុណ្ហភាពក្នុងរង្វង់ ៤០ ទៅ ៤១អង្សាសេ។ ទោះជាយ៉ាងណា ប្រសិនបើរលកកម្ដៅកើនឡើងលើសកម្រិតនេះ វាអាចប៉ះពាល់ដល់ដំណាក់កាលចេញត្រួយ ចេញផ្កា និងបង្កើតផល ដែលជាទូទៅកើតមានចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែមីនា។
កម្ដៅខ្លាំងអាចធ្វើឱ្យគុណភាពលំអងផ្កាធ្លាក់ចុះ ផ្ការលាក និងក្រៀម ព្រមទាំងបណ្ដាលឱ្យផ្កា និងផ្លែខ្ចីជ្រុះ។ កង្វះជាតិទឹកក៏អាចធ្វើឱ្យផ្លែស្វិត និងបង្កឱ្យទិន្នផលធ្លាក់ចុះផងដែរ។
ចំពោះវិធានការទប់ទល់នឹងហានិភ័យអាកាសធាតុ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ច បានជំរុញឱ្យវិស័យរដ្ឋ និងឯកជនចូលរួមចាត់វិធានការរួមគ្នា ដើម្បីការពារផលប្រយោជន៍កសិករ និងរក្សាស្ថិរភាពវិស័យកសិកម្ម។
លោកបានណែនាំឱ្យកសិករជ្រើសរើសពូជដំណាំដែលធន់នឹងអាកាសធាតុ សន្សំទឹកពីស្រះ ឬបឹង និងកែលម្អប្រព័ន្ធស្រោចស្រព ដើម្បីរក្សាទិន្នផលឱ្យនៅថេរ ឬកាត់បន្ថយការធ្លាក់ចុះឱ្យនៅកម្រិតទាបបំផុត។
សម្រាប់អ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី លោកបានជំរុញឱ្យពង្រីកបណ្ដាញផ្គត់ផ្គង់ពីតំបន់ដែលមានសក្ដានុពលផ្សេងៗ និងបង្កើតកិច្ចសន្យាទិញ-លក់ជាមុនជាមួយកសិករ។ ការវិនិយោគលើការស្ដុកទុក និងសម្ងួតគ្រាប់ស្វាយចន្ទីក៏មានសារៈសំខាន់ ដើម្បីអាចគ្រប់គ្រងការផ្គត់ផ្គង់ និងលក់ចេញតាមតម្រូវការទីផ្សារ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា វិស័យរដ្ឋ និងឯកជនគួរផ្ដល់ព័ត៌មានឱ្យបានទៀងទាត់ និងច្បាស់លាស់អំពីស្ថានភាពអាកាសធាតុ និងទីផ្សារ ដល់កសិករ និងអ្នកប្រមូលទិញ ដើម្បីឱ្យពួកគេអាចរៀបចំផែនការផលិត និងអាជីវកម្មបានសមស្រប។
ក្រៅពីការគ្រប់គ្រងហានិភ័យអាកាសធាតុ លោកបណ្ឌិត ឌុច ដារិន្ទ បានជំរុញឱ្យកម្ពុជាពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងរក្សាចំណូលឱ្យបានកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។
លោកចង់ឃើញការកើនឡើងនៃតម្លៃសេដ្ឋកិច្ចគ្រាប់ស្វាយចន្ទី តាមរយៈការកែច្នៃទៅជាផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសដោយផ្ទាល់ ជំនួសឱ្យការលក់គ្រាប់ស្វាយចន្ទីឆៅតែមួយមុខ។ លោកយល់ថា ការអភិវឌ្ឍខ្សែសង្វាក់កែច្នៃក្នុងស្រុកអាចជួយបង្កើនតម្លៃផលិតផល និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់កម្ពុជា។
ទោះជាយ៉ាងណា លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមិនទាន់មានរោងចក្រ ឬសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីថ្មីៗបើកដំណើរការនោះទេ ដោយសារកំពុងរង់ចាំគម្រោងសួនកសិឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ដែលត្រូវបានព្យួរនៅក្នុងឆ្នាំ២០២៦។ ហេតុនេះ រោងចក្រ និងសិប្បកម្មទាំងនោះមិនទាន់អាចនាំចូលគ្រឿងម៉ាស៊ីន ដើម្បីចាប់ផ្ដើមផលិតកម្មបាននៅឡើយ។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីស្រស់ប្រមាណ ១,៨លានតោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១.៩០០លានដុល្លារអាមេរិក។ របាយការណ៍បានបង្ហាញថា តួលេខនេះកើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
វៀតណាមនៅតែជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីស្រស់ដ៏ធំបំផុតរបស់កម្ពុជា។ ចំពោះតម្លៃជាមធ្យម គ្រាប់ស្វាយចន្ទីមានតម្លៃប្រមាណ ៥.២០០រៀលក្នុងមួយគីឡូក្រាមនៅឆ្នាំ២០២៥ និងកើនដល់ប្រមាណ ៥.៤០០រៀលក្នុងមួយគីឡូក្រាមនៅឆ្នាំ២០២៦។
ដោយឡែក ក្នុងឆ្នាំ២០២៥ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីស្រស់បានចំនួន ១.០២០.៧៥៧តោន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារអាមេរិក។ តួលេខនេះត្រូវបានរាយការណ៍ថាកើនឡើង ២៩% បើធៀបនឹងឆ្នាំ២០២៤។
ទោះបីដំណាំស្វាយចន្ទីត្រូវបានចាត់ទុកថាមានភាពធន់ជាងដំណាំសំខាន់ៗមួយចំនួនចំពោះអាកាសធាតុក្តៅខ្លាំងក៏ដោយ ការត្រៀមខ្លួនរបស់កសិករ ការគ្រប់គ្រងធនធានទឹក ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងការជំរុញការកែច្នៃក្នុងស្រុក នៅតែជាកត្តាសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងបង្កើនតម្លៃសេដ្ឋកិច្ចនៃវិស័យស្វាយចន្ទីកម្ពុជាក្នុងរយៈពេលវែង៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content