ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ទទួលបានការចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២៧៦គម្រោង ជាមួយនឹងដើមទុនវិនិយោគចំនួន ៤,៧ពាន់លានដុល្លារអាម៉េរិក ។ ក្នុងចំណោមគម្រោងវិនិយោគដែលបានចុះបញ្ជីទាំង ២៧៦គម្រោងនេះ ឃើញថា ខេត្តចំនួន៥ ទទួលបានការចុះបញ្ជីលើគម្រោងវិនិយោគច្រើនជាងគេ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន និងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញពីខេត្តសក្ដានុពលចំនួន៥ ទទួលបានគម្រោងច្រើនជាងគេ ហើយរាជធានីភ្នំពេញ ក៏ជាតំបន់មួយដែលទទួលបានគម្រោងវិនិយោគចុះបញ្ជីច្រើនជាងគេមួយក្នុងរយៈពេល៦ខែមកនេះ ។

បើតាមរបាយការណ៍ដដែលបានបង្ហាញថា ខេត្តកំពង់ស្ពឺ ជាខេត្តទទួលបានគម្រោងវិនិយោគចុះបញ្ជីច្រើនជាងគេ ដោយក្នុងរយៈពេល ១ឆមាសឆ្នាំ ២០២៦ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន៧០គម្រោង ។ ដោយឡែកខេត្តដែលទទួលបានគម្រោងវិនិយោគចុះបញ្ជីច្រើនជាងគេលំដាប់ទី២ នៅក្នុងរយៈពេល៦ខែ ឆ្នាំ ២០២៦នេះ គឺខេត្តកណ្ដាល ដោយទទួលបានគម្រោងវិនិយោគចុះបញ្ជីចំនួន ៣៧គម្រោង ។ ខេត្តមួយនេះមានអំណោយផលខ្ពស់ក្នុងការទាក់ទាញគម្រោងវិនិយោគ ដោយសារវាស្ថិតនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានក្រុងរហូតដល់៣ រួមមាន ក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ។ ចំណែកខេត្តស្វាយរៀង ជាខេត្តស្ថិតនៅលំដាប់ទី៣ ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដោយក្នុងរយៈពេល៦ខែ ស្វាយរៀងទទួលបានគម្រោងវិនិយោគចុះបញ្ជីចំនួន ៣៣គម្រោង ហើយលំដាប់ទី៤ ជាខេត្តដែលមានវ័យចំណាស់ជាងគេ គឺខេត្តតាកែវដោយទទួលបានគម្រោងវិនិយោគចំនួន៣២គម្រោង ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញទៀតថាខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ជារាជធានី-ខេត្តទាក់ទាញមួយផងដែរ ។ ក្នុងរយៈពេល១ឆមាស ដើមឆ្នាំ ២០២៦នេះ រាជធានីភ្នំពេញ ទទួលបានគម្រោងវិនិយោគចំនួន២៩គម្រោង ខណៈព្រះសីហនុក៏ទទួលបានគម្រោងវិនិយោគចុះបញ្ជីចំនួន ២៩គម្រោងដូចគ្នា ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានមានប្រសាសន៍ថា បណ្ដាខេត្តជាប់ឬក៏ជិតរាជធានីភ្នំពេញ នៅតែមានសក្ដានុពលក្នុងការទាក់ទាញបាននូវគម្រោងវិនិយោគ ក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសដូចជាខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ ព្រះសីហនុ និងស្វាយរៀងជាដើម ។ ខេត្តទាំងនេះ ភាគច្រើនទាក់ទាញគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មដោយសារតែមានតំបន់សេដ្ឋកិច្ចពិសេសស្រាប់ អាចសម្រួលដល់វិនិយោគិនបរទេសក្នុងក្នុងការស្វែងរកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
អ្នកឧកញ៉ាបន្តថា ការវិនិយោគលើវិស័យឧស្សាហកម្ម ដូចជារោងចក្រ សហគ្រាស បានធ្វើឱ្យការទិញលក់ដីធ្លីនៅតែមានសកម្មភាព និងអាចរក្សាតម្លៃដីធ្លីបានប្រសើរ បើទោះបីជាការទិញលក់ដីធ្លីសម្រាប់វិស័យផ្សេងទៀតជួបបញ្ហាក្ដី ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញថា ក្នុងចំណោមទុនវិនិយោគប្រមាណ ៤,៧ពាន់លានដុល្លារដែលបានចុះបញ្ជីក្នុងរយៈពេល៦ខែដើមឆ្នាំនេះ វិស័យដែលទាក់ទាញបានទុនវិនិយោគចុះបញ្ជីច្រើនជាងគេគឺវិស័យឧស្សាហកម្ម ដែលមានរហូតដល់ ២,៥៦ពាន់លានដុល្លារ បន្ទាប់មកគឺវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមាន១,៧២ពាន់លានដុល្លារ ។ ដោយឡែកវិស័យទេសចរណ៍ទាក់ទាញបានទុនវិនិយោគចុះបញ្ជីវិនិយោគចំនួន៣០០លានដុល្លារ ហើយកសិកម្ម និងកសិ-ឧស្សាហកម្មទទួលបាន១១៣លានដុល្លារអាម៉េរិក ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content