កម្ពុជាកំពុងផ្តោតលើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក និងមានគោលដៅនាំចេញទៅកាន់ទីផ្សារតំបន់ ជំនួសការប្រកួតប្រជែងក្នុងការផលិត និងផ្គុំរថយន្តពេញលេញជាមួយប្រទេសផ្សេងៗក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងពិចារណាថាតើគួរផ្តល់ការលើកទឹកចិត្តផ្នែកពន្ធបន្ថែមអ្វីខ្លះដល់គម្រោងវិនិយោគរោងចក្រផ្គុំ និងដំឡើងរថយន្តទាំង ១៥ ដែលមាននៅកម្ពុជា ដើម្បីឱ្យគម្រោងទាំងនេះអាចរស់រាន បន្តដំណើរការ និងផ្តល់ផលប្រយោជន៍ត្រឡប់មកកម្ពុជាវិញ។
សម្តេចធិបតីបានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ។
សម្តេចធិបតីបានលើកឡើងថា រដ្ឋាភិបាលអាចស្វែងរកវិធានការបន្ថែមដើម្បីគាំទ្រដល់គម្រោងវិនិយោគទាំង ១៥ ដោយផ្តោតលើការជំរុញឱ្យមានការផ្គត់ផ្គង់សម្ភារៈចាំបាច់ក្នុងខ្សែសង្វាក់ផលិតកម្មពីក្នុងស្រុក តាមរយៈការបង្កើតក្រុមហ៊ុន និងសិប្បកម្មតូចៗនៅកម្ពុជា។
សម្តេចធិបតីបានថ្លែងថា៖ «នៅពេលដែលយើងមានសមត្ថភាពខ្ពស់ ថ្ងៃក្រោយយើងមិនអាចត្រឹមតែផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនដំឡើងដែលនៅក្នុងស្រុកនោះទេ យើងក៏អាចយកកម្ពុជាធ្វើជាមូលដ្ឋានផលិតគ្រឿងបង្គុំ និងសម្រាប់ចែកចាយក្នុងតំបន់»។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាអាចពិបាកក្នុងការក្លាយជាទីតាំងផលិត និងផ្គត់ផ្គង់រថយន្តសម្រាប់តំបន់ទាំងមូល ដោយសារប្រទេសផ្សេងៗក្នុងតំបន់មានមូលដ្ឋានឧស្សាហកម្មខ្ពស់ជាង។ ប៉ុន្តែ សម្រាប់ការផលិតគ្រឿងបង្គុំ កម្ពុជាមានលទ្ធភាពខ្ពស់ជាង។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ «គ្រឿងបង្គុំមានតម្លៃខ្ពស់ណាស់ មិនប្រាកដថាខ្ចៅខ្ចងរថយន្តគ្មានតម្លៃនោះទេ។ របស់ទាំងអស់នេះ គឺកំពុងត្រូវការឱ្យមានការផលិត នៃក្រុមសិប្បកម្មមួយចំនួននៅកម្ពុជា។ បច្ចុប្បន្ន រោងចក្រដំឡើងរថយន្តនៅកម្ពុជាទាំងអស់នៅតែនាំចូលគ្រឿងបង្គុំ ១០០ ភាគរយពីក្រៅប្រទេស»។
សម្តេចធិបតីបានបន្ថែមថា ថ្មីៗនេះ កម្ពុជាបានទទួលដំណឹងអំពីការយកកម្ពុជាជាទីតាំងផលិតគ្រឿងបង្គុំសម្រាប់ចែកចាយនៅក្នុងតំបន់រួចហើយ។ ដូច្នេះ កម្ពុជានឹងបង្កើតការលើកទឹកចិត្តថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនដែលមានទំនោរទៅរកផលប្រយោជន៍ និងអាចរួមចំណែកជួយដល់កម្ពុជាត្រឡប់មកវិញ។
សម្តេចធិបតីបានថ្លែងថា ជារួមមក កម្ពុជាមិនបាច់ចាំតែផលិតរថយន្តសម្រាប់នាំចេញនោះទេ ផលិតតែគ្រឿងបន្លាស់ កង់ ឬចង្កូតឡានមួយឆ្នាំ ១០ លាន សម្រាប់នាំចេញ អាចបង្កើតការងារ បង្កើតជំនាញដល់ប្រជាជនបានហើយ។
គិតមកដល់ខែកញ្ញា ឆ្នាំ ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគរោងចក្រផ្គុំ និងដំឡើងរថយន្តសរុប ១៥ គម្រោង ក្នុងនោះ ១០ រោងចក្រកំពុងដំណើរការ ២ រោងចក្រមិនទាន់ដំណើរការ និង ៣ គម្រោងទៀតបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
សេដ្ឋកិច្ចវិទូ លោក ឌុច ដារិន បានថ្លែងប្រាប់ AMS ថា៖ «ខ្ញុំយល់ថា នេះគឺជាទិសដៅវិជ្ជមាន ព្រោះការផលិតគ្រឿងបន្លាស់ក្នុងស្រុកអាចបង្កើនតម្លៃបន្ថែម និងបង្កើតការងារជូនប្រជាពលរដ្ឋ»។
លោកបានបន្ថែមថា ភាគីពាក់ព័ន្ធនៅកម្ពុជាគួរពិចារណាលទ្ធភាពលើកទឹកចិត្តពន្ធដារ សម្រាប់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ដែលមានតម្លៃបន្ថែមក្នុងស្រុក ព្រមទាំងបន្តពង្រឹងជំនាញកម្លាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content