ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាកមានកំណើនក្នុងរង្វង់ប្រមាណ ៥,៣% នៅឆ្នាំ២០២២ និងប្រមាណ ៦,៥% នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញ ទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

នាយកស្ដីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ ៣,០% ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០។
លោកបានថ្លែងថា ៖
“រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ-១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ-១៩បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣”

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្ម ត្រូវបានរំពឹងថានឹងកើនឡើង ៨,១% នៅឆ្នាំ ២០២២ និង ៩,១% ក្នុងឆ្នាំ២០២៣។ កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% នៅឆ្នាំនេះ និងកើនដល់ ៦,៨% ក្នុងឆ្នាំ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងកូវីដ-១៩ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រតម្រូវការ នៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។
របាយការណ៍នេះអំពាវនាវឱ្យកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។ លោក Anthony Gill បានមានប្រសាសន៍ថា ៖
“ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍ តែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និងផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក”
បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៣ ពាន់លានដុល្លារនៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្ដល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៣២៧,១ លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន៣៧លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។ ធនាគារអភិវឌ្ឍន៍អាស៊ីបានប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេសដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content