ស្ករចេក គឺជាផលិតផលខ្មែរដែលត្រូវបានកែច្នៃពីផ្លែចេកទុំទៅជាស្ករ ហើយអាចទទួលទានបានដូចស្ករទូទៅដែរ។ ស្ករចេកប្រភេទនេះបច្ចុប្បន្នត្រូវបានផលិតឡើងនៅក្នុងសហគ្រាសមួយដែលមានឈ្មោះ គំនិតថ្មី ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។
លោក លឹម ផារ៉ា ជាម្ចាស់សហគ្រាស គំនិតថ្មី New Idea Enterprise បានមានប្រសាសន៍ប្រាប់ AMS ថា ស្ករចេក ជាផលិតផលដែលត្រូវបានយកចិត្តទុកដាក់ក្នុងការផលិតជាចម្បង ដោយសារតែវាប្លែកពីគេ និងមានទីផ្សារទូលាយទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ នៅក្នុងសហគ្រាសក៏មានផលិតផលផ្សេងៗទៀតដែលច្នៃចេញកសិផលខ្មែរសុទ្ធសាធ ដូចជា ផលិតផលដំណាប់ចេក ស្ករគ្រាប់ដូង ស្រាចេក ដំណាប់ស្វាយ និងផលិតផលដទៃទៀតប្រមាណ ៣០មុខ ដែលមានរសជាតិឆ្ងាញ់ មានអនាម័យ ព្រមទាំងមានការវេចខ្ចប់យ៉ាងមានសុវត្ថិភាព។

សហគ្រាសគំនិតថ្មីមានទីតាំងស្ថិតនៅ ភូមិតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលមកដល់ពេលបច្ចុប្បន្ននេះអាចមានលទ្ធភាពផលិតស្ករចេកប្រចាំខែបានចន្លោះពី ៥-១០តោន ហើយរាល់ផលិតផលរបស់សហគ្រាសបានចែកចាយទៅតាមបណ្ដាផ្សារទំនើបតូចធំ ក៏ដូចជាផ្សារសហគមន៍នានានៅក្នុងប្រទេស ហើយក៏មានការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសថៃ និងអាល្លឺម៉ង់ជាដើម។
“យើងយកកសិផលភាគច្រើននៅក្នុងតំបន់ផ្ទាល់ដែលជាការរួមចំណែកជួយដល់កសិករនៅក្នុងតំបន់ ហើយមួយចំនួនទៀតយកមកពីតំបន់ផ្សេងក្រៅខេត្ត។ ចំពោះដំណើរការផលិត យើងត្រូវចំណាយពេលយូរទៅលើការបន្ទុំចេកប៉ុណ្ណោះដោយសារយើងបន្ទុំវាទៅតាមដំណើរ។ បន្ទាប់មកយើងយកមកកូរដូចធ្វើស្ករត្នោតដែរ ដោយអាចចំណាយរយៈពេលតែមួយថ្ងៃអាចវេចខ្ចប់បានហើយ”
លោក លឹម ផារ៉ា បានបញ្ជាក់ថា

លោកបានរំលឹកឲ្យដឹងថា អាជីវកម្មមួយនេះបានចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១៣ ខណៈដែលទិន្នផលផ្លែចេកនៅតំបន់ដែលលោករស់នៅមិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ ទើបលោកនឹកឃើញចង់ផលិតអ្វីមួយដែលប្លែកពីគេ ក្រៅពីចេកឆាបដែលគេធ្វើទូទៅ។ លោកបានស្រាវជ្រាវអស់រយៈពេលជិត២ឆ្នាំរួមជាមួយការអភិវឌ្ឍបច្ចេកទេសខ្លះៗតពីចាស់ៗ ក្នុងការផលិតស្ករចេកដែលមានរសជាតិឆ្ងាញ់ប្លែកខុសគេ។

អាជីវកម្មរបស់លោកបានផ្តើមចេញពីការផលិតស្ករចេកជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារវាជាផលិតផលថ្មី មានរសជាតិឈ្ងុយឆ្ងាញ់ មានការគាំទ្រច្រើន លោកបានសិក្សាពីបច្ចេកទេសកែច្នៃ និងផលិតបន្ថែម ដោយបានបង្កើតជាម៉ាស៊ីនច្នៃដោយខ្លួនឯងតែម្ដង។ នៅក្នុងការរៀបចំជាខ្សែសង្វាក់ផលិតផលកម្មលើកដំបូង លោកបានចំណាយដើមទុនប្រមាណជិត៣ម៉ឺនដុល្លារ ដោយមិនចាំបាច់តម្រូវឲ្យប្រើកម្លាំងមនុស្សកូររង្វាស់បែបប្រពៃណីនោះទៀតឡើយ។

ជាមួយនឹងដំណើរការនៃការផលិតដោយម៉ាស៊ីនជាជំនួយនេះ ផលិតផលស្ករចេកចាប់ផ្តើមមានទីផ្សារកាន់តែទូលាយ ហើយថែមទាំងបានបំបែកទីផ្សារចេញទៅក្រៅប្រទេសថែមទៀតផង។
យ៉ាងណាក៏ដោយ ម្ចាស់សហគ្រាសដែលកំពុងទទួលបានភាពជោគជ័យទៅលើផលិតផលថ្មីនៃស្ករចេករូបនេះក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរថា ថ្វីត្បិតស្ករចេកមានទីផ្សារទូលាយ ប៉ុន្តែភាពប្រឈមក៏នៅតែមាននៅក្នុងដំណើរទីផ្សារ និងការផលិត ជាពិសេសផ្នែកដើមទុនសម្រាប់ផែនការអាជីវកម្ម។ លោកចង់ពង្រីកសង្វាក់ផលិតកម្មឲ្យកាន់តែធំ និងបំបែកទីផ្សារក្រៅស្រុកបន្ថែមទៀត។
ជាចុងក្រោយ លោកបានជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនខ្មែរចូលរួមគាំទ្រផលិតផលក្នុងស្រុក ដោយសារផលិតផលខ្មែរក៏មានគុណភាពល្អ រសជាតិឆ្ងាញ់មិនចាញ់ផលិតផលបរទេសនោះទេ ហើយក៏ជាសកម្មភាពជួយលើកស្ទួយដល់សេដ្ឋកិច្ចកសិករ ពាណិជ្ជករ និងសង្គមជាតិផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content