កំពង់ចាម ៖ ចិញ្ចឹមគោ ជារបរមួយដែលប្រជាជនខ្មែរនៅតាមស្រុកស្រែចម្ការនៃបណ្តាខេត្តផ្សេងៗនិយមចិញ្ចឹម ព្រោះគេអាចយកប្រើជាកម្លាំងភ្ជួររាស់ផង និងចិញ្ចឹមយកសាច់ផង ហេតុនេះសម្រាប់អ្នកដែលចង់ចាប់ផ្ដើមរបរចិញ្ចឹមគោនេះ អាចអនុវត្តតាមគន្លឹះសំខាន់ៗដែលអ្នកជំនាញបានបង្ហាញ ដែលអាចទទួលបានផលល្អ។

លោក យិន បូរ៉ាន់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបរាប់ពីចំណុចសំខាន់ៗសម្រាប់អ្នកចង់ចាប់ផ្ដើមចិញ្ចឹមគោ ដែលគួរតែត្រៀមចិត្ត ត្រៀមគំនិត និងហិរញ្ញវត្ថុទុកជាមុន។
លោកបានរៀបរាប់ថា ចំពោះអ្នកចិញ្ចឹមត្រូវមាន ៥ចំណុចដូចជា ៖
«ទី១. មានឆន្ទៈ៖ មុនពេលចាប់មុខរបរអ្វីក៏ដោយ ត្រូវតែជាមុខរបរដែលខ្លួនស្រលាញ់ ចូលចិត្ត ចេញពីបេះដូង មិនថាពេលរកស៊ី ឬពេលធ្វើការឡើយ។ នៅពេលដែលយើងធ្វើវាចេញពីបេះដូងរបស់យើង គឺយើងនឹងមិនចេះនឿយហត់ ហើយថែមទាំងតស៊ូមិនថាយប់ឬថ្ងៃនោះទេ។ ទី២. ប្រភពចំណី ដែលបងប្អូនអ្នកចង់ចិញ្ចឹមត្រូវរកប្រភពចំណី ត្រូវសិក្សាស្វែងយល់ពីប្រភពចំណីមុនពេលដែលយើងសម្រេចចិត្តចិញ្ចឹមគោ ថាតើគោរបស់យើងគួរស៊ីអ្វី? យកចំណីចេញមកពីកន្លែងណាឲ្យច្បាស់លាស់ ពោលគឺត្រៀមរួចជាស្រេចមិនខ្លាចគោដាច់ពោះឡើយ»។

លោកបូរ៉ាន់ បានបន្តឱ្យដឹងទៀតថា ៖
៣. ជ្រើសរើសពូជ៖ ការចិញ្ចឹមក៏ត្រូវយកចិត្តទុកដាក់លើការសិក្សាស្វែងយល់ទៅលើមេពូជផងដែរ ព្រោះការចិញ្ចឹមអាចធ្វើឡើងផ្សេងៗគ្នា អាចជាការចិញ្ចឹមមេដឹកយកកូន ឬចិញ្ចឹមគោសាច់តែម្ដង។ បើចង់ចិញ្ចឹមមេផែន ត្រូវតែជាមេពូជស្អាតៗ តម្លៃថ្លៃ ដែលត្រូវសិក្សាលើមេផែនឱ្យបានច្បាស់លាស់ ប៉ុន្តែបើចង់ដាក់គោសាច់ ត្រូវសិក្សាពីលក្ខណៈផ្សេងៗទៅលើគោសាច់។

៤. ទីតាំង៖ សម្រាប់ការចិញ្ចឹម គឺត្រូវគិតគូរជាមុនថា នៅពេលដែលទិញគោមក តើនឹងយកគោដាក់នៅទីណា? ដោយសារ ពេលជ្រើសរើសដាក់គោនៅទីតាំងល្អ នោះគោនឹងឆាប់ធំ ឆាប់បានផល ប៉ុន្តែបើដាក់ទីតាំងខុស វាអាចធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថានអ្នករស់នៅក្បែរៗក្រោល។ ទីតាំងដែលល្អក៏ត្រូវមានធ្លាធំទូលាយ ទាំងសម្រាប់សាងសង់ក្រោលគោ និងសម្រាប់ដាំស្មៅចំណីគោ។

៥. ដើមទុន៖ បន្ទាប់ពីមានគំនិត មានទីតាំងហើយ អ្នកចិញ្ចឹមក៏មិនអាចខ្វះបាននោះទេនូវផ្នែកដើមទុន ទាំងក្នុងការទិញមេពូជ និងសម្រាប់អភិវឌ្ឍទីតាំងដែលបានជ្រើសរើស ដែលត្រូវធ្វើក្រោលសម្រាប់ចិញ្ចឹមគោ អាចធ្វើក្រោលតូច ឬធំ អាស្រ័យលើដើមទុនដែលមានក្នុងដៃ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content