ក្រសាំងទាប ជាដំណាំមួយប្រភេទដែលបងប្អូនខ្មែរយើងនិយមដាំនៅជុំវិញផ្ទះ ជាពិសេសនៅកន្លែងដីសើម និងត្រជាក់ ដោយសារតែវាងាយស្រួលដាំ ឆាប់បានផល និងអាចទទួលបានផលប្រយោជន៍ច្រើន ទាំងផ្នែកចំណីអាហារ និងអាចធ្វើជាឱសថផងដែរ។ ដោយឡែក ចំពោះអត្ថប្រយោជន៍របស់ដំណាំប្រភេទនេះ ប្រជាជនខ្មែរយើងនិយមប្រើប្រាស់ជាបន្លែផ្ទាប់ ឬទ្រាប់សាច់ឆា ដូចជា ម្ហូបឆាសាច់គោជាដើម ដែលជាមុខម្ហូបមានអ្នកចូលចិត្តទទួលទានច្រើន។ ក្រៅពីនេះ គេក៏អាចប្រើជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាព។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា បន្លែក្រសាំងទាប Peper elder, shining bush plant ដែលមានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ជារុក្ខជាតិ ដែលអាចដុះដោយឯកឯង ឬត្រូវបានគេដាំនៅតាមទីជនបទស្រុកស្រែចម្ការ ក្បែរផ្ទះ ហើយវាច្រើនដុះនៅ កន្លែងសើម និងមានម្លប់។ លក្ខណៈរូបសាស្ត្ររបស់ដំណាំក្រសាំងទាប មានកម្ពស់១០-៣០សង់ទីម៉ែត្រ មានតួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង។ ចំណែកស្លឹករបស់រុក្ខជាតិនេះ ដុះវិលគូទខ្យង មានរាងមូលទ្រវែង ទ្រនុងរាងកង្ហារ និងមានទង។ បន្ថែមពីលើនេះ ក្រសាំងទាបមានផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា តែមានកេសរឈ្មោល២ កេសរញី១។ ដោយឡែក ផ្លែជាឌ្រុប (drupe) មានរាងជាដុំមូល ហើយមានគ្រាប់តែ១។

ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្ត្រវិញ ក្រសាំងទាបអាចលូតលាស់ទៅជាសំណាបដុះពន្លកក្នុងរយៈពេលប្រមាណ១៥ថ្ងៃ ក្រោយពីការបណ្តុះគ្រាប់ ហើយអាចលូតលាស់រហ័ស ជាផ្នែកមួយអំណោយផលដល់អ្នកដាំ ពោលគឺអាចទទួលបានផលលឿន។ បន្ថែមលើនេះ ស្លឹករបស់ក្រសាំងទាប មានផ្ទុកជាតិប្រេងសំខាន់ ឬហៅថា (essential oil) ច្រើន។ ចំណែកការប្រើប្រាស់ យើងអាចយកធ្វើជាបន្លែដោយដើម និងស្លឹកខ្ចីៗ អាចយកធ្វើជាបន្លែឆា និងរបោយ ចំណែកឯដើម និងស្លឹកចាស់ៗ ក៏អាចធ្វើជាចំណីគោ ក្របី បានផងដែរ។ ជាងនេះទៅទៀត រុក្ខជាតិនេះ គេបានប្រើជាឱសថនៅពេលឈឺពោះ ឈឺក្បាល ឬឈឺសន្លាក់ ឆ្អឹងយ៉ាងមានប្រសិទ្ធភាពផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content