បន្លែ និងផ្លែឈើសុវត្ថិភាព គឺជាអ្វីដែលអ្នកទទួលទានចង់បាន ហើយក៏ជារឿងមួយដែលកសិករត្រូវគិតគូរ និងយកចិត្តទុកដាក់ខ្លាំង ព្រោះវាជាកត្តាមួយជះឥទ្ធិពលដល់វិសាលភាពទីផ្សារ សុខភាពអ្នកទទួលទាន។ សម្រាប់អ្នកផលិត ឬកសិករ គួរតែយល់ដឹងពីកត្តាសំខាន់ៗដើម្បីបង្កើនផលិតភាពទិន្នផលផ្លែឈើ និងបន្លែសុវត្ថិភាពឱ្យទទួលភាពល្អប្រសើរនិងមានគុណភាព សុវត្ថិភាពសម្រាប់អ្នកទទួលទាន។
ប្រការទីមួយសម្រាប់ការដាំដុះ កសិករត្រូវសិក្សាពីទីតាំង និងការគ្រប់គ្រង ពោលគឺត្រូវចៀសវាងកន្លែងដែលមានសារធាតុគីមីកម្រិតខ្ពស់ និងភ្នាក់ងារជីវសាស្ត្របង្កគ្រោះថ្នាក់នៅក្នុងកន្លែងដាំដុះ។ បន្ទាប់មកទៀតគឺការរើសពូជ និងបំបែកដំណាំដែលគេត្រូវប្រើពូជដំណាំណា និងមានប្រភពច្បាស់លាស់ តែប្រសិនបើពូជនាំចូលត្រូវប្រើពូជណាដែលបានចុះបញ្ជីការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ថែមពីលើនេះ ដើម្បីដាំដំណាំឱ្យបានល្អ អ្នកដាំត្រូវការប្រើប្រាស់ជី និងសារធាតុបន្ថែមដាក់ក្នុងដីដើម្បីជំនួយ ហើយការផលិតជីកំប៉ុស្តិ៍ក៏ត្រូវធ្វើនៅកន្លែងដែលមានវិធានការការពារឆ្លងភ្នាក់ងារជីវសាស្ត្រមកកន្លែងផលិតកម្មប្រភពទឹក និងមកលើផលដំណាំ។ មួយវិញទៀត គេមិនត្រូវយកផលដំណាំដាក់ឱ្យប៉ះផ្ទាល់នឹងដី ឬជីលាមកសត្វឡើយ។ ម្យ៉ាងវិញទៀត ការស្រោចដំណាំ កសិករត្រូវប្រើប្រាស់ទឹកស្អាតមិនមានសារធាតុពុលក្នុងពេលដាំដុះ សម្រាប់ស្រោចស្រព ដាក់ជី និងលាយថ្នាំកសិកម្ម ឬប្រើសម្រាប់លាងសម្អាត។
ចំណែកការប្រមូលផល និងការថែរក្សាទុកដាក់កសិផល កសិករត្រូវប្រមូលផលទុកដាក់តាមអាយុកាលដំណាំ ធ្វើការលាងសម្អាត វេចខ្ចប់ ដឹកជញ្ជូន រក្សាទុកមានអនាម័យល្អ៕