ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ

ភ្នំពេញ ៖ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំបើទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង ខណៈការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ និងបានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះក៏ដោយ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣” នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា ៥% ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ។ ទន្ទឹមនេះ អត្រាអតិផរណាបានថយចុះមកត្រឹម ២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា​ ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនថ្លៃធៀបនឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិរក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បាន ៧ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ គួរបញ្ជាក់ផងដែរថា បំណុលក្រៅប្រទេសបានកើនឡើងបន្តិច ប៉ុន្តែសមាមាត្របំណុលធៀបនឹង ផ.ស.ស បានថយចុះ ដោយសារកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ជាងកំណើនបំណុលក្រៅប្រទេស។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ៖ “ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្មនិងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។ ប៉ុន្តែ ការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។”

ទោះយ៉ាងណា កំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់ ១៣% ក្នុងឆ្នាំ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង ៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

លោកជំទាវបណ្ឌិត បានពន្យល់ថា ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការកើនឡើងលឿន ប៉ុន្តែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធននិងការចំណាយលើអត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះផងដែរ។ ជារួម ផ្អែកលើលទ្ធផលនៃការធ្វើស្រ្តេសតេស្ត ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពធន់ ស្របពេលដែលអនុបាតសាធនភាព និងសន្ទនីយភាពបន្តស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានភាពខុសគ្នាខ្លះនៅកម្រិតគ្រឹះស្ថានក៏ដោយ។

លោកជំទាវ បានបន្តថា យ៉ាងណាមិញ យើងត្រូវតែបន្តមាន​ភាព​ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវ​បន្ត​ចូលរួម​តាមដាននិងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។

ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមូលធនូបនីយកម្មទីផ្សារមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល ក៏ដូចជាទ្រព្យសកម្មក្នុងវិស័យធានារ៉ាប់រងបានបន្តកើនឡើង​ជាលំដាប់។ មូលបត្របំណុលជា​ប្រាក់រៀលក៏ត្រូវបានបោះផ្សាយ ហើយបានរួមចំណែកគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិ និងចីរភាពបំណុល។

ម៉្យាងទៀត ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយក្នុងនោះប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង និងខេអេចឃ្យូអរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានរួមចំណែកសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្ទេរប្រាក់ពីក្រៅប្រទេស ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣​ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ១១៤​ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨។

របាយការណ៍បាន បានឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,០% ដល់ ៣៤៥,១ ទ្រីលានរៀល (៨៤,៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង ៥,០% ដល់ ២៣៦,២ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩% ដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ៥,៣% ដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ ប៊ីលានដុល្លារអាមេរិក)។

ចំពោះទស្សនៈអនាគតលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៦% នៅឆ្នាំ២០២៤នេះ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។ លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែកទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។ ហានិភ័យទាំងអស់នេះ  អាចបណ្តាលឱ្យសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈមនឹងហានិភ័យផងដែរ ដូចជា ហានិភ័យឥណទាននិងទីផ្សារ ជាដើម។

ប្រឈមនឹងហានិភ័យទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងកិច្ចសហ-ប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រតាមការចាំបាច់ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ