ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ

ភ្នំពេញ ៖ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំបើទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង ខណៈការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ និងបានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះក៏ដោយ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣” នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា ៥% ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ។ ទន្ទឹមនេះ អត្រាអតិផរណាបានថយចុះមកត្រឹម ២,១% ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា​ ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនថ្លៃធៀបនឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិរក្សាបានក្នុងកម្រិតសមស្រប ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បាន ៧ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ គួរបញ្ជាក់ផងដែរថា បំណុលក្រៅប្រទេសបានកើនឡើងបន្តិច ប៉ុន្តែសមាមាត្របំណុលធៀបនឹង ផ.ស.ស បានថយចុះ ដោយសារកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ជាងកំណើនបំណុលក្រៅប្រទេស។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ៖ “ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្មនិងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។ ប៉ុន្តែ ការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។”

ទោះយ៉ាងណា កំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់ ១៣% ក្នុងឆ្នាំ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង ៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

លោកជំទាវបណ្ឌិត បានពន្យល់ថា ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការកើនឡើងលឿន ប៉ុន្តែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធននិងការចំណាយលើអត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះផងដែរ។ ជារួម ផ្អែកលើលទ្ធផលនៃការធ្វើស្រ្តេសតេស្ត ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពធន់ ស្របពេលដែលអនុបាតសាធនភាព និងសន្ទនីយភាពបន្តស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានភាពខុសគ្នាខ្លះនៅកម្រិតគ្រឹះស្ថានក៏ដោយ។

លោកជំទាវ បានបន្តថា យ៉ាងណាមិញ យើងត្រូវតែបន្តមាន​ភាព​ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវ​បន្ត​ចូលរួម​តាមដាននិងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។

ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមូលធនូបនីយកម្មទីផ្សារមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល ក៏ដូចជាទ្រព្យសកម្មក្នុងវិស័យធានារ៉ាប់រងបានបន្តកើនឡើង​ជាលំដាប់។ មូលបត្របំណុលជា​ប្រាក់រៀលក៏ត្រូវបានបោះផ្សាយ ហើយបានរួមចំណែកគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិ និងចីរភាពបំណុល។

ម៉្យាងទៀត ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយក្នុងនោះប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង និងខេអេចឃ្យូអរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានរួមចំណែកសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្ទេរប្រាក់ពីក្រៅប្រទេស ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ បានឱ្យដឹងថា ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣​ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ១១៤​ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨។

របាយការណ៍បាន បានឱ្យដឹងថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,០% ដល់ ៣៤៥,១ ទ្រីលានរៀល (៨៤,៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង ៥,០% ដល់ ២៣៦,២ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩% ដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ៥,៣% ដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ ប៊ីលានដុល្លារអាមេរិក)។

ចំពោះទស្សនៈអនាគតលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៦% នៅឆ្នាំ២០២៤នេះ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។ លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែកទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។ ហានិភ័យទាំងអស់នេះ  អាចបណ្តាលឱ្យសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈមនឹងហានិភ័យផងដែរ ដូចជា ហានិភ័យឥណទាននិងទីផ្សារ ជាដើម។

ប្រឈមនឹងហានិភ័យទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងកិច្ចសហ-ប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រតាមការចាំបាច់ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម