ភ្នំពេញ៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកម្មវិធីចំនួន៤ ដែលផ្តោតលើការលើកកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រវាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jutta Urpilainen ស្នងការអឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាល, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក, បារាំង, អាល្លឺម៉ង់ និងស៊ុយអែត និង ភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ដែលមានទំហំសរុបចំនួន ៧៩ លានអឺរ៉ូ សម្រាប់គាំទ្រកម្មវិធីទាំង ៤ រួមមាន៖ ១៖ កម្មវិធីភាពជាដៃគូដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្ម និងស្បៀងនៅកម្ពុជា(Cambodia Partnership for Sustainable Agriculture and Food Systems – EU CAPSAFE) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ១៧ លានអឺរ៉ូ ឬប្រមាណ ១៨.៤ លានអឺរ៉ូ និងសហហិរញ្ញប្បទាន ពីប្រទេសអាល្លឺម៉ង់ ចំនួន ៧.៣ លានអឺរូ ឬប្រមាណ ៧.៨ លានដុល្លារអាម៉េរិក។ ២៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីការប្រើប្រាស់ថាមពលដោយចីរភាពក្នុងឧស្សាហកម្ម (EU Partnership for Sustainable Energy Practices in Industry) មានថវិកាសរុប ចំនួន ៦ លានអឺរ៉ូ ឬប្រមាណ ៦.៥ លានដុល្លារអាម៉េរិក។ ៣៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលបច្ចេកទេស ២០២៤-២០២៧ (Transforming Technical Education EU-Cambodia Partnership 2024-2027) មានថវិកាសរុប ចំនួន ៤៩ លានអឺរ៉ូ ឬប្រមាណ ៥៣.១ លានដុល្លារអាម៉េរិក។ ៤៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម (European Union Global Access and Trade Expertise) មានថវិកាសរុបពីសហភាពអឺរ៉ុប ចំនួន ៧ លានអឺរ៉ូ ឬប្រមាណ ៧.៦ លានអឺរ៉ូ និងសហហិរញ្ញប្បទានពីប្រទេសអាល្លឺម៉ង់ ចំនួន ៣ លានអឺរូ ឬប្រមាណ ៣.៣ លានដុល្លារអាម៉េរិក។
លោកស្រី Jutta Urpilainen ស្នងការអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានថ្លែងថា ដំណើរទស្សនកិច្ច របស់លោកជំទាវ នាពេលនេះ គឺជាឱកាសសម្រាប់សហភាពអឺរ៉ុប និងកម្ពុជា កត់ត្រាទុកនូវកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាង ភាគីទាំង ២ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប តាមរយៈ ការចុះហត្ថលេខា និងការប្រកាសឱ្យអនុវត្តកម្មវិធីថ្មី ចំនួន ៤ ក្នុងវិស័យសំខាន់ៗ ដែលនឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព និងការបង្កើតការងារបន្ថែមនៅកម្ពុជា។

លោកស្រីបន្ដថា សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តខ្ពស់ ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបៃតង និងឌីជីថល និងរួមដំណើរជាមួយកម្ពុជា ក្នុងការ ចាកចេញ ពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។ ក្នុងន័យនេះ, យុទ្ធសាស្ត្រ Global Gateway នឹងក្លាយ ជាឧបករណ៍ដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកម្ពុជាឆ្ពោះទៅដំណាក់កាលថ្មីដ៏សំខាន់នេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងលោកស្រី Jutta Urpilainen ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប, ការចុះហត្ថលេខា និងការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីថ្មីទាំង ៤ នាពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ក្នុងទិសដៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញ និងការពង្រឹងភាពជាដៃគូ ស្អិតល្មួតជាមួយសហភាពអឺរ៉ុប ក្នុងពហុវិស័យអាទិភាពនានា ទៅអនាគត ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content