ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនបានស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២២ ពីការប៉ះទង្គិចដោយសារជំងឺកូវីដ-១៩ ខណៈដែលប្រទេសចិនបានបាត់បង់សន្ទុះរបស់ខ្លួនដោយសារតែការបន្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែល AMS ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ទៅថ្ងៃមុខទៀត សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចចុះខ្សោយវិញដោយសារការធ្លាក់ចុះនៃតម្រូវការសកល ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update) កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥,៣% ក្នុងឆ្នាំ២០២២ ពី ២,៦% ក្នុងឆ្នាំ២០២១។ ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២,៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨,១% ក្នុងឆ្នាំ២០២១។ របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូល កំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,២% ក្នុងឆ្នាំនេះ ពី ៧,២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦% វិញនៅឆ្នាំក្រោយ។
លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖
“សេដ្ឋកិច្ចកំពុងតែស្តារស្ថានភាពឡើងវិញហើយនៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ទន្ទឹមគ្នានឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរនូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។”
កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនសម្រេចបានអាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។ ប្រទេសចិន ដែលសេដ្ឋកិច្ចមានទំហំប្រហែល ៨៦% នៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ដែល ជាលទ្ធផល បង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ។
ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកំពុងចាប់ផ្តើមធ្វើឱ្យធ្លាក់ដែរនូវតម្រូវការសម្រាប់ការនាំចេញរបស់តំបន់នូវទំនិញវត្ថុធាតុដើម និងទំនិញរោងចក្រ។ ការកើនឡើងអតិផរណានៅបរទេសបានរុញអត្រាការប្រាក់ឡើងដែរ ដែលជាហេតុធ្វើឱ្យមានការហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្នុងប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមួយចំនួន។ ការវិវត្តទាំងនេះបានបង្កើនបន្ទុករបស់សេវាទូទាត់បំណុល និងបង្រួញលំហសារពើពន្ធ បង្កើនការលំបាកដល់បណ្តាប្រទេសដែលមានបន្ទុកបំណុលខ្ពស់ស្រាប់ នៅពេលជំងឺរាតត្បាតមកដល់។
នៅពេលដែលប្រទេសក្នុងតំបន់ស្វែងខិតខំរកវិធីការពារគ្រួសារទូទៅ និងក្រុមហ៊ុនពីការឡើងថ្លៃខ្ពស់របស់ម្ហូបអាហារ និងថាមពល វិធានការគោលនយោបាយបច្ចុប្បន្នបាននាំមកនូវភាពធូរស្រាលចាំបាច់ច្រើនមែន ប៉ុន្តែជាមួយគ្នានោះ វាក៏ធ្វើឱ្យគោលនយោបាយដែលខូចទ្រង់ទ្រាយស្រាប់កាន់តែខូចថែមទៀតដែរ។ ការគ្រប់គ្រងលើតម្លៃម្ហូបអាហារ និងការឧបត្ថម្ភធនដល់ផ្នែកថាមពលផ្តល់ផលចំណេញដល់អ្នកមាន ហើយបង្វែរការចំណាយរបស់រដ្ឋាភិបាលចេញពីវិស័យផ្សេងៗវិញ មានផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអប់រំ ជាដើម។ ការអូសបន្លាយភាពអនុគ្រោះមិនចាត់ការតាមបទប្បញ្ញត្តិធនាគារ ដែលមានគោលបំណងសម្រួលការផ្តល់ប្រាក់កម្ចីក្នុងអំឡុងពេលមានជំងឺរាតត្បាត អាចធ្វើឱ្យគាំងធនធានសម្រាប់ក្រុមហ៊ុនដែលរកស៊ីខាត ហើយបង្វែរដើមទុនចេញពីវិស័យឬអាជីវកម្មដែលមានសក្តានុពលខ្លាំង ទៅវិញ។ លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកនៃធនាគារពិភពលោក មានប្រសាសន៍ថា៖
“អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងថ្នូរដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយបញ្ហាអតិផរណា និងការត្រូវជួយ(អន្តរាគមន៍)ឱ្យសេដ្ឋកិច្ចងើបឡើងវិញ។ វិធានការគ្រប់គ្រងនិងការឧបត្ថម្ភធន ធ្វើឱ្យព័ត៌មានតម្លៃមានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះ គោលនយោបាយកាន់តែល្អសម្រាប់ស្បៀងអាហារ ឥន្ធនៈ និងហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង៕”
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត