ភ្នំពេញ ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគនិងធុរជនបរទេសមកពីបណ្តាប្រទេសឥស្លាម។ សន្និសីទ DMDI ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា” នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញកាលពីចុងសប្តាហ៍ទៅនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាសហធិបតីរួមជាមួយ TYT Tun Seri Setia (Dr) Hj Mohd Ali bin Mohd Rustam ប្រធានអង្គការ DMDI ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា៖ សន្និសីទពិភពម៉ាឡាយូពិភពឥស្លាម(DMDI)នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេសពីបណ្តាប្រទេសជាសមាជិករបស់ DMDI ដែលក្នុងនោះក៏មានការផ្តោតលើឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ចំពោះប្រធានបទ “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា”ត្រូវបានលើកឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះសហគ្រាសធុនតូច និងមធ្យម (SMEs) គឺត្រូវបានលើកទឹកចិត្ត និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ជាប្រភពសំខាន់នៃការបង្កើតការងារ ទ្រព្យសម្បត្តិជាតិ និងក៏ជាតួអង្គសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ពិសេសជូនចំពោះអ្នកដែលចូលរួមក្នុងសន្និសីទនាថ្ងៃនេះសូមពិចារណាចូលមកវិនិយោគនៅកម្ពុជាដោយហេតុថា៖
១-កម្ពុជាផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនទាំងអស់អាចចូលមកវិនិយោគដោយបើកចំហ លើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹងលើកម្មសិទ្ធិ។
២-កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេងនិងប្រកបដោយថាមពល ហើយក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ ដល់សហគ្រិនដែលជាស្រ្តីផងដែរ។
៣-កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ចនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតហើយសំខាន់ជាងនេះគឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និងទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។

៤- រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យលើកកម្ពស់ទំនើបកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្មពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាឧស្សាហកម្ម ជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅកាន់ខ្សែច្រវ៉ាក់តម្លៃសកលការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់និងការអភិវឌ្ឍខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ផលិតកម្មស្របតាមការពង្រឹងសមត្ថភាពប្រកួតប្រជែងនិងផលិតភាពនៃឧស្សាហកម្មក្នុងស្រុកខណៈពេលដែលបន្តអភិវឌ្ឍឧស្សាហកម្មទំនើបដោយ ផ្អែក លើបច្ចេកវិទ្យា និងទិន្នន័យ។
សូមជម្រាបថា៖ ពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) ជាអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងក្នុងឆ្នាំ២០០០នៅប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក និងប្រជាជនមុស្លីមម៉ាឡេ ពិសេសពាណិជ្ជករដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអភិវឌ្ឍក្នុងចំណោមប្រជាជនមូស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងៗ ដើម្បីជំរុញវឌ្ឍនភាព និងការអភិវឌ្ឍលើវិស័យដូចជា៖ ១. សេដ្ឋកិច្ច ២. អភិវឌ្ឍន៍សហគមន៍ ៣. អប់រំ យុវជន និងកីឡា ៤. វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥. វប្បធម៌ចម្រុះ ៦. ឃោសនាអប់រំឥស្លាម ៧. អភិវឌ្ឍន៍ស្ត្រី ៨. ទេសចរណ៍ ៩. សុខភាព និងអនាម័យ និង ១០. ព័ត៌មានវិទ្យា។
ដោយឡែក កាលពីឆ្នាំ២០១២កម្ពុជាត្រូវបានបញ្ចូលជាសមាជិកហើយអង្គការនេះមានសមាជិកចំនួន ២២ប្រទេសផ្សេងទៀតរួមមាន ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ ស្រីលង្កា និងស៊ូរីណាម៕ អត្ថបទដោយ ៖ ញ៉ែម សុផល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content