ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលអញ្ជើញចូលរួមជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាយុត្តិធម្មបានថ្លែងជំរុញឱ្យពន្លឿននូវការរៀបចំតុលាការពាណិជ្ជកម្ម ដើម្បីសម្រួលដំណើរការវិនិយោគឱ្យកាន់តែប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខ័ណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍បន្តថា ៖
“ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញឱ្យមានការរៀបចំសេចក្ដី ព្រាងច្បាប់ស្ដីពីលក្ខន្តិក ក្រឡាបញ្ជី ច្បាប់ស្ដីពីលក្ខន្តិក អាជ្ញាសាលា ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀតឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រង និងលើកកម្ពស់វិជ្ជាជីវៈប្រកបដោយតម្លាភាពទាំងបច្ចុប្បន្ន និងទៅអនាគត។”
ក្រោយពីមានការជំរុញរបស់រាជរដ្ឋាភិបាលបែបនេះ វិស័យឯកជន តំណាងដោយសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីសាទរជាខ្លាំង ខណៈដែលកន្លងមកសភាពាណិជ្ជកម្មបានខិតខំក្នុងការជំរុញការងារនេះផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ៖
“កាលដែលមានតុលាការពាណិជ្ជកម្មនេះ គឺមានច្បាប់បង្កើតថ្មីដែលមាននិតិវិធីនៃការកាត់ក្ដីផ្នែកពាណិជ្ជកម្ម ដែលយើងចង់បានតម្លាភាព យុត្តិធម៌ កាត់ក្ដីបានឆាប់រហ័ស និងគ្មានអំពើពុករលួយ នេះជាអ្វីដែលយើងបានព្រមព្រៀងគ្នាជាមួយក្រសួងយុត្តិធម៌ ដើម្បីរៀបចំនិតិវិធីច្បាប់នេះឡើង។”
លោកឧកញ៉ាបានមានប្រសាសន៍បន្ថែមទៀតអំពីផលប្រយោន៍នៃការបង្កើតតុលាការពាណិជ្ជកម្មថា ៖
“បើយើងមានច្បាប់នេះ យើងនឹងជួយទាក់ទាញជំនឿទុកចិត្តបន្ថែមទៀតពីអ្នកវិនិយោគ មិនត្រឹមតែពីក្រៅស្រុកទេ ក្នុងស្រុកក៏ត្រូវការតុលាការពាណិជ្ជកម្មដែរ ហើយកន្លងមកយើងមិនទាន់មានច្បាប់នេះ យើងប្រើតុលាការទូទៅជានិតិវិធីដែលត្រូវចំណាយទាំងថវិកា ទាំងពេលវេលា។”
ក្នុងន័យនេះ ការធ្វើពាណិជ្ជកម្មដែលមានច្បាប់ មានតុលាការដាច់ដោយឡែកដែលធ្វើការផ្ដោតសំខាន់លើរឿងនេះតែម្ដង ហើយប្រសិនបើការរៀបចំច្បាប់នេះប្រព្រឹត្តទៅរួចរាល់ កម្ពុជានឹងបន្ថែមមុខងារទាក់ទាញវិនិយោគិនបន្ថែមមួយទៀត តាមរយៈការពង្រឹងទំនុកចិត្តលើប្រព័ន្ធច្បាប់៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content