ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានអំពាវនាវឱ្យពាណិជ្ជករធំៗ និងពលរដ្ឋរស់នៅតាមព្រំដែនខ្មែរ-ថៃ លក់ដូរទំនិញនៅលើទីផ្សារ ត្រូវទូទាត់ជាប្រាក់រៀលដើម្បីលើកកម្ពុជារូបិយវត្ថុជាតិ ខណៈដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ រួមមានដូចជាខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិនជាដើម មួយចំនួនតែងប្រើប្រាស់ប្រាក់បាតថៃ ជាជាងប្រើប្រាស់ប្រាក់រៀលក្នុងការដោះដូរទំនិញ ឬប្រើប្រាស់លើការចាយវាយប្រចាំថ្ងៃផ្សេងៗ។

ការអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅពេលឯកឧត្តមបណ្ឌិត និងតំណាងក្រុមហ៊ុន ហង្ស ហាវេស បានអញ្ជើញចុះពិនិត្យមើលឡសម្ងួត និងឃ្លាំងផ្ទុកទុកពោតក្រហមធំៗ ស្ថិតនៅទីតាំងមួយចំនួនក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន, នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។
នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឲ្យម្ចាស់ សីឡូ ទទួលទិញពោតក្រហមក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ឲ្យបានកាន់តែច្រើនពីកសិករ និងអស់ពីលទ្ធភាព ស្របតាមតម្លៃទីផ្សារ ជាពិសេសនៅចុងខែកក្កដាខាងមុខនេះ គឺដល់ការប្រមូលផលពេញលេញ។
ឯកឧត្តមបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា ៖
«សូមទាំងអស់គ្នាមេត្តាជួយទិញតម្លៃពី ៥៣០៛ឡើងទៅ គឺកសិករនឹងមិនខាតនោះទេ ហើយក៏បានស្នើសុំឱ្យម្ចាស់សីឡូ ប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផល ដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់ផងដែរ»។

ទាក់ទងការប្រើប្រាស់ប្រាក់រៀលខ្មែរ លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍គាំទ្រ ទៅនឹងការជំរុញឱ្យពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់ប្រាក់រៀលដែលជាចំណុចសំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀលឱ្យកាន់តែប្រើសើរឡើងថែមទៀត។
លោកបានបញ្ជាក់ថា ៖
«ក្រៅពីលើកកម្ពស់តម្លៃការប្រើប្រាស់ប្រាក់រៀល ត្រូវបានគេមើលឃើញថា គឺដើម្បីពង្រឹងអធិបតេយ្យ និងបង្កើតភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ចដោយខ្ហួនឯង។ នៅពេលដែលប្រាក់រៀលដើរតួនាទីសំខាន់ក្នុងការកំណត់ថ្លៃទំនិញ និងសេវា គឺយើងអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន ពីព្រោះថា ការប្រើប្រាស់ប្រាក់រៀលច្រើន ធនាគាជាតិអាចបញ្ចេញ ឬស្រូបយកប្រាក់រៀលពីទីផ្សារបានងាយស្រួល ក្នុងការជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិតថែមទៀត»។
លោក សុខ ចាន់ បានបន្ថែមថា អត្ថប្រយោជន៍សំខាន់នៃការចាយប្រាក់រៀលទៀតសោធ គឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនជួបផលលំបាក ឬខាតពេលក្នុងការប្តូរប្រាក់ និងនាំឱ្យខាតបង់ទៅលើអត្រាការប្រាក់សម្រាប់ការកាចាយវាយទិញម្ហូបអាហារប្រចាំថ្ងៃនោះទេ៕ វិន ឈុនហ៊ាត






វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content