បរទេស៖ ក្រុមធុរកិច្ច និងបណ្តាម្ចាស់អាជីវកម្មថៃបានព្រមានអំពីការរំលាយសភាចោល រួមជាមួយនឹងការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអាម៉េរិកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានថៃ The Nation ។
នាយករដ្ឋមន្រ្តីថៃ Anutin Charnvirakul បានប្រកាសរំលាយសភាកាលពីថ្ងៃសុក្រទី ១២ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្កជាក្ដីព្រួយបារម្ភសម្រាប់ក្រុមអាជីវកម្ម ដោយសាររដ្ឋាភិបាលចាំផ្ទះនៅមានកម្រិតក្នុងការអនុម័តអ្វីមួយ ដែលធ្វើឲ្យគម្រោងជាច្រើនត្រូវទុកចោល។ មេដឹកនាំនៃធុរកិច្ចថៃ បានបង្ហាញក្តីព្រួយបារម្ភថា ការរំលាយសភា និងការផ្លាស់ប្តូរទៅជារដ្ឋាភិបាលចាំផ្ទះអាចរំខានដល់វិធានការសេដ្ឋកិច្ចសំខាន់ៗ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យការចរចាពាណិជ្ជកម្មជាមួយអាម៉េរិកកាន់តែពិបាក។
លោក Thanakorn Kasetsuwan ប្រធានក្រុមប្រឹក្សាដឹកជញ្ជូនជាតិថៃ បានលើកឡើងថា វិស័យឯកជនកំពុងពឹងផ្អែកលើវិធានការជំរុញសេដ្ឋកិច្ចដែលត្រូវបន្តរហូតដល់ខែមករា ឆ្នាំ២០២៦ ប៉ុន្តែគោលនយោបាយនេះកំពុងស្ថិតក្រោមការពិចារណាដែលអាចផ្អាកសិន និងមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយនោះទេ ដោយសារជិតបោះឆ្នោតអាណត្តិថ្មី។ លើសពីនេះ ការនាំចេញកំពុងមានភាពពិបាកកាន់តែខ្លាំងឡើង ខណៈដែលកិច្ចពិភាក្សាបញ្ហាពន្ធគយជាមួយអាម៉េរិកដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែត្រូវពន្យារពេលកាន់តែយូរជាងនេះទៀត ដោយសារភាពមិនច្បាស់លាស់ខាងនយោបាយ។ លោក Thanakorn បានព្រមានថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតអាចកើតឡើងលើអ្នកវិនិយោគធំៗដែលមានទម្ងន់លើគម្រោងថ្មីៗនៅក្នុងប្រទេសថៃ។ ដូច្នោះហើយ ភាពមិនច្បាស់លាស់ត្រឹមរយៈពេល ១ ឬ ២ ខែអាចបណ្តាលឱ្យការវិនិយោគពន្យារពេល ឬ ប្តូរទិសដៅទៅកន្លែងផ្សេងទៀត ដែលនឹងជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយទៀត។
លោក Kriangkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានព្រមានផងដែរថា ប្រហែល ៦០ ថ្ងៃនៅក្រោមអំណាចរដ្ឋាភិបាលចាំផ្ទះអាចធ្វើឲ្យវិធានការជំរុញសេដ្ឋកិច្ចសំខាន់ៗចុះខ្សោយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដែលមានបំណងគាំទ្រផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ៤ ឆ្នាំនេះ។ លោក Kriangkrai ក៏បានលើកឡើងពីបញ្ហាដែលមិនទាន់ដោះស្រាយចំនួន ៣ ធំៗ រួមមាន៖ ការដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅភាគខាងត្បូង, ជម្លោះព្រំដែនថៃ-កម្ពុជា ដែលប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍, និងការចរចារបស់ថៃជាមួយនឹងដៃគូអន្តរជាតិសំខាន់ៗ ជាពិសេស សហរដ្ឋអាម៉េរិក។ ផ្អែកលើបទពិសោធន៍ដែលធ្លាប់រំលាយសភាកន្លងមក មន្ត្រីរាជការតែងតែធ្វើការយឺតយ៉ាវ និងរង់ចាំមើលរដ្ឋាភិបាលបន្ទាប់ ដែលធ្វើឲ្យការអនុវត្តគោលនយោបាយចុះខ្សោយ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content