បរទេស៖ សហភាពអឺរ៉ុប និងប្រទេសឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានរវាងភាគីទាំងពីរ ខណៈដែលពួកគេកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ជាមួយគោលនយោបាយពាណិជ្ជកម្មអាម៉េរិក នេះបើយោងតាមការរាយការណ៍ពី CNN។
កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ គណៈកម្មការសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច, នយោបាយរវាងតំបន់ដែលមានសមាជិកចំនួន ២៧ ប្រទេស និង ឥណ្ឌា ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក ស្របពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាចំពោះការបើកចំហនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយផ្អែកលើច្បាប់ដែលបានព្រមព្រៀងជាមួយគ្នា។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Von Der Leyen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖
«យើងបានធ្វើវាហើយ និងបានឈានដល់កិច្ចព្រមព្រៀងធំ។ យើងបានបញ្ជូនសញ្ញាមួយទៅកាន់ពិភពលោកថា កិច្ចសហប្រតិបត្តិការដោយផ្អែកលើច្បាប់នៅតែផ្តល់នូវលទ្ធផលដ៏អស្ចារ្យ»។
ជាមួយនឹងកិច្ចព្រមព្រៀងមួយនេះ សហភាពអឺរ៉ុបបានបង្ហាញពីក្ដីរំពឹងថា អាចបង្កើនការនាំចេញទំនិញពីសហភាពអឺរ៉ុបបានចំនួនទ្វេដងទៅកាន់ប្រទេសឥណ្ឌាត្រឹមឆ្នាំ២០៣២ ដោយសារការលុបបំបាត់ ឬ កាត់បន្ថយពន្ធ។ ជាផ្នែកនៃបទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀង ឥណ្ឌានឹងកាត់បន្ថយពន្ធលើការនាំចូលរថយន្តអឺរ៉ុបបន្តិចម្តងៗពីអត្រា ១១០% ទៅ ១០% ខណៈដែលពន្ធលើគ្រឿងម៉ាស៊ីន សារធាតុគីមី និងឱសថពីអឺរ៉ុបភាគច្រើននឹងរលាយបាត់សល់ត្រឹម ០%។ លើសពីនេះ ពន្ធលើការនាំចូលស្រាពីសហភាពអឺរ៉ុបក៏នឹងត្រូវកាត់បន្ថយពី ១៥០% ទៅ ៧៥% ហើយអាចនឹងធ្លាក់ចុះដល់ ២០% ខណៈពន្ធលើប្រេងអូលីវនឹងបន្ទាបពី ៤៥% រហូតដល់ ០%។

នាយកដ្ឋានពាណិជ្ជកម្មរបស់ឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុបនឹងកាត់បន្ថយពន្ធរបស់ខ្លួនលើការនាំចូលទំនិញពីឥណ្ឌាផងដែរ ដោយផ្តល់អត្ថប្រយោជន៍ដល់វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជា វាយនភណ្ឌ តែ គ្រឿងទេស ត្បូង និងគ្រឿងអលង្ការជាដើម។
គួរឲ្យបញ្ជាក់ដែរថា ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងឥណ្ឌា មានចំនួនច្រើនជាង ២១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមានចាប់តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ប៉ុន្តែក្រោយមកត្រូវបានផ្អាករយៈពេលយូរ ហើយទើបតែនៅឆ្នាំ២០២២ ត្រូវបានចាប់ផ្តើមឡើងវិញ។
សូមជម្រាបថា ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានគំរាមដំឡើងពន្ធក្នុងអត្រាខ្ពស់លើបណ្តាប្រទេសអឺរ៉ុប ដែលប្រឆាំងនឹងផែនការរបស់លោកក្នុងការគ្រប់គ្រងកោះ Greenland របស់ប្រទេសដាណឺម៉ាក។ កាលពីខែសីហា លោក Trump ក៏បានប្រកាសដំឡើងពន្ធបន្ថែម ២៥% លើឥណ្ឌា ដែលជាការដាក់ទណ្ឌកម្មចំពោះការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីរុស្ស៊ី បន្ថែមពីលើអត្រាស្រាប់ ២៥%។ ដូច្នោះហើយ ទាំងសហភាពអឺរ៉ុប និង ឥណ្ឌា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅក្នុងពាណិជ្ជកម្មជាមួយអាម៉េរិក ដែលធ្វើឲ្យពួកគេងាកទៅរកដៃគូផ្សេងៗទៀត។
ថ្លែងនៅក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីសប្តាហ៍មុន លោកស្រី Von Der Leyen បានគូសបញ្ជាក់ពីការងារលើកិច្ចព្រមព្រៀងនេះ ដោយសារតម្រូវការក្នុងការកសាងទម្រង់ឯករាជ្យភាពរបស់អឺរ៉ុប ខណៈដែលកំពុងប្រឈមនឹងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបទើបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយនឹង Mercosur ដែលជាតំបន់ពាណិជ្ជកម្មអាម៉េរិកខាងត្បូងផងដែរ។ លើសពីនេះ ឥណ្ឌា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនក្នុងឆ្នាំ២០២៥៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content