បរទេស ៖ ត្រឹមរយៈពេលប្រមាណ ១៥ថ្ងៃ ពោលគឺគិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពនាំចេញរបស់វៀតណាម បានបង្ហាញពីសន្ទុះវិជ្ជមានដោយអាចទទួលបានចំណូលរហូតដល់ជាង ១៨ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Vietnam Investment Review ។
កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ អគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញទិន្នន័យថា ការនាំចេញទំនិញសរុបរបស់វៀតណាមមានតម្លៃលើសពី ១៨ ពាន់លានដុល្លារត្រឹមពាក់កណ្តាលខែមករាប៉ុណ្ណោះ ដែលកើនឡើងជិត ១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ទំនិញអេឡិចត្រូនិក ឬ ពាក់ព័ន្ធបច្ចេកវិទ្យាអាចរកចំណូលបានច្រើនជាងគេ ដែលមានចំណែកជិតពាក់កណ្តាលនៃទំហំនាំចេញសរុប។ ជាក់ស្ដែង ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់រកចំណូលបានជាង ៤,២ ពាន់លានដុល្លារ កើនឡើងជិត ២៨% ធៀបនឹងឆ្នាំមុន។ ការនាំចេញទូរស័ព្ទដៃ និងគ្រឿងបន្លាស់អាចរកចំណូលបានជាង ២ ពាន់លានដុល្លារ កើនឡើងជាង ២១% ធៀបនឹងឆ្នាំមុន ខណៈដែលផលិតផលគ្រឿងម៉ាស៊ីនអាចរកបានប្រហែល ២,១ ពាន់លានដុល្លារ កើនឡើងជាង ២១% ធៀបនឹងឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញបន្លែ និងផ្លែឈើ ក៏មានសន្ទុះផងដែរ បានឈានជិតដល់ ២៩៩ លានដុល្លារនៅពាក់កណ្តាលខែមករា កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនការនាំចេញដ៏រឹងមាំបានបង្ហាញពីភាពធន់នៅក្នុងវិស័យនេះ បើទោះបីជាការត្រួតពិនិត្យគុណភាព និងតាមដាននៃការនាំចេញមានភាពតឹងរ៉ឹងជាងមុនក៏ដោយ។ បន្ថែមពីនេះ សម្រាប់កាហ្វេត្រូវបាននាំចេញប្រហែល ៨៩ ០០០ តោន រកចំណូលបាន ៤៣៣ លានដុល្លារ ខណៈដែលការនាំចេញគ្រាប់ស្វាយចន្ទីរកចំណូលបាន ១៥៦ លានដុល្លារ និងម្រេចមានតម្លៃលើសពី ៥៨ លានដុល្លារ។ យ៉ាងណាមិញ បរិមាណនៃការនាំចេញអង្ករបានកើនឡើងខ្លាំងរហូតដល់ ៣១៨ ០០០តោន ប៉ុន្តែការនាំចេញទាំងនេះមានតម្លៃក្រោម ១៥០ លានដុល្លារ ដែលទាបជាងទំហំនៃការនាំចេញរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បានកត់សម្គាល់ថា ការនាំចេញផ្លែឈើ និងបន្លែ បានកើនឡើងយ៉ាងខ្លាំងព្រោះជិតដល់រដូវបុណ្យចូលឆ្នាំថ្មី ហើយតម្រូវការអ្នកប្រើប្រាស់ធំបំផុតគឺទៅកាន់ទីផ្សារប្រទេសចិន។
លោកបានបញ្ជាក់ថា កំណើនការនាំចេញក្នុងវិស័យបន្លែ និងផ្លែឈើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនគ្រាន់តែកើតឡើងមួយភ្លែតតាមរដូវនោះទេ ប៉ុន្តែវាបង្កើតបានជានិន្នាការច្បាស់លាស់។ ទន្ទឹមនឹងនេះ សហគ្រាស ឬ អ្នកផលិតវៀតណាមបានបន្តយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព តាមដាន និងអនុលោមតាមស្តង់ដារទីផ្សារ ដែលជួយជំរុញទីផ្សារផ្លែឈើ និងបន្លែវៀតណាមទទួលបានជំហររឹងមាំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក។ កាលពីឆ្នាំ២០២៥ ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមបានកើនឡើងដល់ ៨,៥ ពាន់លានដុល្លារ ជាមួយនឹងការកំណត់គោលដៅនាំចេញឱ្យឈានដល់ ១០ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦ នេះ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content