ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាននៃយុទ្ធនាការអន្ទាក់សូន្យបានផ្ដល់ជាអនុសាសន៍ក្នុងការអនុវត្តបន្ត ដើម្បីឈានទៅបញ្ចប់វិបត្តិអន្ទាក់ចេញពីធនធានធម្មជាតិនៅកម្ពុជា។ ការថ្លែងផ្ដល់អនុសាសន៍របស់ឯកឧត្តម នេត្រ ភក្ក្រា នាពេលនេះធ្វើឡើងក្រោយឯកឧត្តមបានដឹកនាំធ្វើយុទ្ធនាការនេះអស់២ដំណាក់ប្រកបដោយផ្លែផ្កា។ ថ្វីត្បិតថា យុទ្ធនាការអន្ទាក់សូន្យត្រូវបានផ្សព្វផ្សាយនៅក្នុងខេត្តជាច្រើននៃប្រទេសកម្ពុជាហើយក្ដី ប៉ុន្តែគោលបំណងនៃការដោះអន្ទាក់ឱ្យអស់ចេញពីព្រៃធម្មជាតិ ក៏មិនទាន់ធ្លាក់ដល់ចំណុចសូន្យនោះ ដែរ។

បើយោងតាមទិន្នន័យនៃការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូគេបានប៉ាន់ប្រមាណថាមានអន្ទាក់ចំនួនត្រឹមតែ ២០% ប៉ុណ្ណោះ ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។ ឆ្លើយតបនឹងចំណុចនេះ វានៅតែជារឿងចំបាច់សម្រាប់ភាគីពាក់ព័ន្ធក្នុងការបន្តធ្វើកិច្ចការនេះទៀត ហើយចេញពីបទពិសោធន៍ចំនួន១៣ខែនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យកាលពីពេលកន្លងទៅនេះ។
ឯកឧត្តម នេត្រ ភក្ក្រា បានលើកឡើងនូវអនុសាសន៍ចំនួន៣គឺ៖
ទី១- គួររៀបចំផែនការសកម្មភាពជាអាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋានដែលចូលរួមបង្កើនជីវភាពរស់នៅរបស់ប្រជាជនឲ្យបានប្រសើរសំដៅឈានទៅកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិរបស់សហគមន៍។ ជាមួយគ្នានេះ គួរបន្តលើកទឹកចិត្តដល់ពួកគេឲ្យចូលរួមកាន់តែសកម្មក្នុងការថែរក្សាធនធានធម្មជាតិ និងសត្វព្រៃសម្រាប់បម្រើឲ្យការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ងាកមកស្វែងរកប្រាក់ចំណូលតាមរយៈកម្មវិធីឥណទានកាបូន ការបង្កើនការកែច្នៃនិងផលិតកម្ម អនុផលព្រៃឈើ ព្រមទាំងការជំរុញសកម្មភាពកសិកម្មដែលផ្តល់ប្រាក់ចំណូល បន្ថែមដល់សហគមន៍។

ទី២- បង្កើនការរៀបចំសកម្មភាពអប់រំជាក់លាក់បន្ថែមទៀតដល់អ្នកនិយមបរិភោគ អ្នកលក់ អ្នកទិញ និងអ្នកជួញដូរសត្វព្រៃដើម្បីសំដៅកែប្រែឥរិយាបទរបស់អ្នកទាំងនោះឲ្យបញ្ឈប់នូវទង្វើដែលសង្គមជាតិទូទៅមិនផ្តល់តម្លៃសោះ ហើយប្រែក្លាយសកម្មភាពខុសច្បាប់ទាំងនោះមកជាការចូលរួមក្នុងការការពារសត្វព្រៃ អភិរក្សជីវចម្រុះឲ្យស្ថិតនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់កូនចៅច្រើនជំនាន់តទៅថ្ងៃអនាគត ព្រមទាំងចូលរួមបង្ការហានិភ័យចំពោះសុខភាពសាធារណៈ។
ទី៣- គួររៀបចំ និងពង្រឹងផែនការអភិរក្សឲ្យមានប្រសិទ្ធភាពថែមទៀតដើម្បីស្រាវជ្រាវតាមដាន ពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ការពារ និងស្តារចំនួនសត្វព្រៃឲ្យមានស្ថានភាពប្រសើរឡើងវិញដោយលើកទឹកចិត្តឲ្យប្រជាជនសហគមន៍មូលដ្ឋានចូលរួមក្នុងសកម្មភាពទាំងនេះក្នុងគោលបំណងបញ្ជៀសឲ្យបាននូវការពង្រាយអន្ទាក់ថ្មីទៀត និងការបរបាញ់សត្វព្រៃខុសច្បាប់។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យត្រូវបានបង្កើតឡើងដោយក្រសួងបរិស្ថានកាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងដោះអន្ទាក់ចេញពីក្នុងព្រៃធម្មជាតិ សំដៅកសាង ជម្រកសត្វព្រៃដែលមានសុវត្ថិភាព។ ក្នុងរយៈពេលនេះដែរ សរុបជារួមក្រសួងបរិស្ថានបានចុះទៅកាន់ខេត្តគោលដៅចំនួន១២គឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។
ជាលទ្ធផល យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content