ភ្នំពេញ ៖ បន្ទាប់ពីប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើន ការដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យទំហំប្រាក់រៀលមានការចរាចរណ៍កើនឡើងជាលំដាប់ ខណៈបច្ចុប្បន្ន ស្ថិរភាពល្អប្រសើរនៃតម្លៃប្រាក់រៀលបានឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀល។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែង ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រាក់រៀល នៅខេត្តកំពត កាលពីចុងសប្តាហ៍កន្លងមកនេះថា តាមរយៈបទពិសោធន៍ឆ្លងកាត់ផ្ទាល់ ឬតាមរយៈសៀវភៅប្រវត្តិសាស្រ្ត និងប្រភពឯកសារផ្សេងទៀត របបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ បានលុបបំបាត់ចរាចរណ៍ប្រាក់រៀល ទីផ្សារ កម្មសិទ្ធិឯកជន និងខឿនសេដ្ឋកិច្ចនិងសង្គមទាំងអស់ ជាមួយនឹងផ្នត់គំនិតបែបរវើរវាយថាទង្វើនេះនឹងប្រែក្លាយសង្គមកម្ពុជាទៅជាសង្គមស្មើភាពនិងមានភាពរីកចម្រើន។

ការអនុវត្តតាមទស្សនជ្រុលនិយមបានធ្វើឱ្យកម្ពុជាដើរថយក្រោយទៅរកសង្គមទាសភាព សោកនាដកម្ម និងការបំផ្លាញរាល់សមិទ្ធផលសេដ្ឋកិច្ចនិងសង្គមជាតិទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលត្រូវកសាងសេដ្ឋកិច្ចនិងសង្គមឡើងវិញពីបាតដៃទទេលើគ្រប់វិស័យដោយពេលនោះការងារចម្បងមួយ ក្នុងចំណោមការងារអាទិភាពនានា គឺការបោះពុម្ពប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច។ ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលនោះ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ និងទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ទោះយ៉ាងណា ប្រាក់រៀលបានឆ្លងកាត់ឧបសគ្គជាច្រើន មុននឹងទទួលបានទំនុកចិត្តដូចសព្វថ្ងៃ។ ឧបសគ្គទាំងនោះរួមមាន៖ i/-ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ ii/-ការអូសបន្លាយនៃសង្រ្គាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀលមិនមានភាពទូលំទូលាយនៅតំបន់មួយចំនួន ជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀល និង iii/-លំហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖
“ប្រឈមនឹងឧបសគ្គទាំងនេះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀល”
តាមរយៈលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។
ក៏ប៉ុន្តែ ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជន ដែលបញ្ហានេះនឹងបន្តទាមទារឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន-សហគ្រាស និងប្រជាពលរដ្ឋទូទៅ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ក្នុងស្មារតីគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែមានភាពងាយស្រួលនិងទាន់សម័យ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកជាបន្តបន្ទាប់ ទន្ទឹមនឹងវិធានការគាំទ្រផ្សេងទៀត។ ប្រព័ន្ធទូទាត់រហ័ស (Fast Payment) រីធេលផេ (Retail Pay) និងបាគង ត្រូវបានដាក់ឱ្យប្រើប្រាស់ ដែលបានធ្វើឱ្យការទូទាត់ជាប្រាក់រៀលមានភាពងាយស្រួល សុវត្ថិភាព និងចំណាយកម្រៃសេវាតិច។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍស្តង់ដារ ខេអេចឃ្យូអរកូដ (KHQR) សំដៅពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួន ដូចជា ប្រទេសថៃនិងម៉ាឡេស៊ីរួចមកហើយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស។
ក្រៅពីនេះ ការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀលនៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ចាស់ ទក់ រហែកត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីគ្រប់ប្រភេទ។
គួររំលេចថា កន្លងមក ក្រដាសប្រាក់រៀលធ្លាប់បានទទួលពានរង្វាន់អន្តរជាតិជាច្រើនទៅលើគុណភាពនៃក្រដាសប្រាក់ ដូចជា ក្រដាសប្រាក់ ៥០.០០០ រៀល ទទួលបានពានរង្វាន់សំរឹទ្ធលើផ្នែកគុណភាពនិងសោភ័ណភាពពីវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិនៅចក្រភពអង់គ្លេស ហើយថ្មីៗនេះ ក្រដាសប្រាក់អនុស្សាវរីយ៍ប្រភេទ ១៥.០០០ រៀល បានឈ្នះពានរង្វាន់ជាក្រដាសប្រាក់ថ្មីឆ្នើមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaissance ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយសារបច្ចេកទេសនៃការផលិតក្រដាសប្រាក់មានលក្ខណៈទំនើបនិងប្រកបដោយសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការបោះផ្សាយប័ណ្ណបំណុលជាប្រាក់រៀល ផ្គត់ផ្គង់ការឱ្យខ្ចីជាប្រាក់រៀលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្មដាក់តាំងស្លាកតម្លៃទំនិញនិងសេវាជាប្រាក់រៀល។ ការងារទាំងអស់នេះ បានរួមចំណែកក្នុងការបង្កើនវិសាលភាពនិងភាពងាយស្រួលលើការទូទាត់និងសន្សំជាប្រាក់រៀលនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦% ប្រាក់បញ្ញើជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖
“នៅក្នុងរយៈពេល ៤២ ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content