ក្នុងគោលបំណងកសាងទំនុកចិត្តរវាងអ្នកទិញនិងអ្នកលក់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានឯកភាពគ្នា ក្នុងការរៀបចំកម្មវិធីដាក់តាំងលក់ផលិតផលមកពី១០សហគមន៍ផ្សេងគ្នា និងធ្វើការផ្គូរផ្គងដោយផ្ទាល់រវាងអ្នកទិញ និងអ្នកលក់។
ឯកឧត្ដមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញភូមិមួយផលិតផលមួយបានថ្លែងថា កម្មវិធីប្រមូលផ្ដុំដាក់តាំងលក់ផលិតផលមកពី១០សហគមន៍ផ្សេងគ្នា និងធ្វើការផ្គូរផ្គងដោយផ្ទាល់រវាងអ្នកទិញនិងអ្នកលក់នេះជាឱកាសមួយដើម្បីជួយរកទីផ្សារជូនសហគ្រាសផង និងជាការកសាងទំនុកចិត្តដល់អតិថិជនផង។
ឯកឧត្តមបញ្ជាក់ថា៖
“ធម្មតា ការទិញលក់ផ្ទាល់បែបនេះអាចជួយឱ្យម្ចាស់សហគ្រាសទទួលបានផលចំណេញច្រើន ឯអ្នកទិញក៏អាចស្គាល់អ្នកលក់ផ្ទាល់ ស្គាល់ប្រភពច្បាស់លាស់ និងទិញបាននូវទំនិញល្អមានគុណភាព និងសុវត្ថិភាពចំពោះសុខភាព”
ការប្រមូលផ្ដុំនេះ មានអ្នកផ្គត់ផ្គង់ប្រមាណ ១០សហគ្រាស ដែលមានផលិតផលផ្សេងៗគ្នាទៅតាមតំបន់រាប់តាំងពីចំណីអាហារ ត្រីសាច់ បន្លែ ភេសជ្ជៈ និងរបស់ប្រើប្រាស់នានា ដូចជាប្រេងរឹតជាដើម ដែលសុទ្ធសឹងជាផលិតក្នុងស្រុក ផ្សំពីវត្ថុធាតុដើមធម្មជាតិ និងផលិតដោយស្នាដៃខ្មែរយើងនៅក្នុងសហគមន៍ផងដែរ។
ឯកឧត្តមបន្ថែមថា
“អ្នកចូលរួមភាគច្រើនអាចជាបុគ្គលិកនៅគ្រឹះស្ថានផ្ទាល់ អតិថិជនរបស់គ្រឹះស្ថាន និងអ្នកក្នុងតំបន់ជិតៗនេះក៏អាចចូលរូមបាន ដែលជាផ្នែកមួយជួយគាំទ្រផលិតផលក្នុងស្រុក និងលើកកម្ពស់ជីវភាពបងប្អូនអ្នកផលិតនៅតាមសហគមន៍ទូទាំងប្រទេសថែមទៀតផង”
គួរបញ្ជាក់ដែរថា កម្មវិធីប្រមូលផ្ដុំផលិតផលនេះ នឹងរៀបចំឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុខនោះនៅការិយាល័យកណ្ដាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលកម្មវិធីនឹងចាប់ផ្ដើមចាប់ពីម៉ោង ១១ព្រឹកតទៅ៕