ភ្នំពេញ ៖ ក្រុមហ៊ុនជំនាញផលិតថាមពលឈានមុខគេរបស់ប្រទេសថៃ B.Grimm Power Plc (BGRIM) បានសម្រេចចូលមកបណ្តាក់ទុននៅកម្ពុជាក្រោយការទទួលបានប្រាក់កម្ចីចំនួន ២៨.១ លានដុល្លារអាមេរិក (ប្រមាណ 938 លានបាត) ពីធនាគារធំៗចំនួន៣របស់ប្រទេសថៃ លើគម្រោងថាមពលពន្លឺព្រះអាទិត្យ (solar ឬសូឡា) ។

ក្រោមកិច្ចព្រមព្រៀងរយៈពេល ១៥ ឆ្នាំដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ធនាគារ Kasikorn (KBank) ធនាគារ Export-Import Bank of Thailand (Exim Thailand) និង Bangkok Bank បានផ្តល់មូលនិធិដល់ក្រុមហ៊ុន Ray Power Supply Co (RPS) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ B .Grimm Solar Power 1 Co. លើគម្រោងវិនិយោគនៅកម្ពុជា។
តាមប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន RPS នឹងដំណើរការរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣៩ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ក្រោយការសាងសង់រោងចក្ររួចជាស្ថាពរកាលពីខែធ្នូ ឆ្នាំ២០២០។
លោក Harald Link ប្រធានក្រុមហ៊ុន BGRIM បាននិយាយថា ៖
«ប្រាក់កម្ចីនេះគឺជាការផ្តល់ទំនុកទុកចិត្តដោយស្ថាប័នហិរញ្ញវត្ថុកំពូលរបស់ថៃមកលើក្រុមហ៊ុន BGRIM ចំពេលពេលការប្រមូលត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិបត្តិកូវិដ១៩»

លោក Link បានបន្ថែមថា គម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន RPS ត្រូវបានចាត់ទុកថាជាជោគជ័យមួយ ដោយបានបញ្ចប់តាមការគ្រោងទុក ចំពេលមានការរឹតបន្តឹងជាច្រើន រួមទាំងផលប៉ះពាល់នៃជំងឺរាតត្បាត និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់សាងសង់គម្រោងពេញមួយឆ្នាំ២០២០។
ទិន្នផលរបស់រោងចក្រនេះបានចាប់ផ្តើមផ្គត់ផ្គង់ដល់បណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំ ខណៈដែលគម្រោងរបស់ក្រុមហ៊ុន RPS ជាគម្រោងថាមពលពន្លឺព្រះអាទិត្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានធានាការផ្គត់ផ្គង់ថាមពលពីរដ្ឋាភិបាលកម្ពុជា។
លោក Tipakorn Saiphatana អនុប្រធានប្រតិបត្តិនៃធនាគារ Kasikornbank បាននិយាយថា ប្រាក់កម្ចីដល់ក្រុមហ៊ុន RPS គឺស្របតាមគោលការណ៍របស់ធនាគារក្នុងការលើកកម្ពស់ការវិនិយោគសម្រាប់និរន្តរភាព និងគាំទ្រការផ្លាស់ប្តូររបស់អតិថិជនទៅកាន់សេដ្ឋកិច្ចគ្មានការបំភាយធាតុពុល។
លោក Tipakorn មានប្រសាសន៍ថា ៖«ធនាគារ KBank ជឿជាក់ថា គម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេវាកម្ម និងប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយសារតែសក្តានុពលរបស់ក្រុមហ៊ុន BGRIM ដែលមានជំនាញក្នុងការអភិវឌ្ឍន៍គម្រោងរោងចក្រថាមពលប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិទ្យាច្នៃប្រឌិត ក្រុមហ៊ុនមានគុណសម្បត្តិក្នុងការវិនិយោគ ជាដៃគូអាជីវកម្មសកល និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។
លោក Rak Vorrakitpokatorn ប្រធានក្រុមហ៊ុន Exim Thailand បាននិយាយថា គម្រោងរបស់ក្រុមហ៊ុន RPS សមស្របនឹងគោលដៅរបស់ធនាគារក្នុងការគាំទ្រការវិនិយោគនៅក្រៅប្រទេស។
លោក Rak បន្ថែមថា ៖ «Exim Thailand បានបង្កើតទម្រង់នៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញអាជីវកម្ម ដែលមានភាពវិជ្ជមានលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ នេះស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលប្រទេសទាំងអស់ត្រូវតែធ្វើការរួមគ្នា ឆ្ពោះទៅរកការបង្កើតពិភពលោកកាន់តែប្រសើរ និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជនក្នុងរយៈពេលវែង»។
លោក Niraman Laisatit អនុប្រធានប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកផ្នែកធនាគារសាជីវកម្មនៅធនាគារ Bangkok Bank បានថ្លែងថា ធនាគារបានគាំទ្រក្រុមហ៊ុន BGRIM រួចហើយក្នុងការអភិវឌ្ឍន៍គម្រោងផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេសអស់រយៈពេលជាង ២៦ ឆ្នាំមកហើយ ដោយចាប់ផ្តើមជាមួយគម្រោង Amata B. Grimm Power 1 កាលពីឆ្នាំ ១៩៩៥។ លោក Link បានចង្អុលបង្ហាញថា ការអភិវឌ្ឍន៍របស់ករុមហ៊ុន RPS គឺជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរគំរូតម្រូវការថាមពលស្អាត។ នោះបានធ្វើឱ្យអង្គការនានា ជាពិសេសស្ថាប័នអន្តរជាតិ បង្កើតគោលនយោបាយឆ្ពោះទៅកាត់បន្ថយការបង្កើតកាបូនឌីអុកស៊ីតក្នុងរយៈពេលវែង និងទទួលយកថាមពលកកើតឡើងវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content