បរទេស ៖ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន ដើម្បីស្វាគមន៍ពួកគេមកកាន់ទឹកដីដ៏អស្ចារ្យ មានទាំងវប្បធម៌ដ៏សម្បូរបែប ធម្មជាតិដ៏ស្រស់ត្រកាល និងភាពកក់ក្តៅ នេះបើយោងតាមការចេញផ្សាយរបស់ BBC ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនាឡើងបែបសំណង់ទំនើប ប៉ុន្តែបង្កប់ជាមួយនឹងវប្បធម៌ប្រពៃណីរបស់ខ្មែរដែលអ្នកដំណើរអាចមើលឃើញពីបេតិកភណ្ឌខ្មែរយ៉ាងប្រណិតនៅគ្រប់ជ្រុងជ្រោយទាំងអស់។ ដំបូលអាកាសយានដ្ឋានមានរូបរាងកោងឡើងចុះ ដែលមើលពីចម្ងាយដូចដងខ្លួនរបស់នាគរាជដែលលេចធ្លោក្នុងទេវកថាខ្មែរ និងទាញយកគំនិតច្នៃប្រឌិតពីកន្ត្រកផ្តៅរបស់ខ្មែរ។ នៅកន្លែងយកវ៉ាលី មានដើមផ្ការំដួលដែលជាផ្កាតំណាងជាតិ និងបណ្តុំរូបចម្លាក់ចំនួន ២០០ រាយប៉ាយទូទាំងអគារ ដែលបង្ហាញនូវការគោរពដឹងគុណយ៉ាងទន់ភ្លន់របស់កម្ពុជាចំពោះបេតិកភណ្ឌវប្បធម៌ដ៏រឹងមាំរបស់ខ្លួន។ ក្រៅពីកន្លែងសម្រាប់ធ្វើដំណើរ និងទទួលភ្ញៀវទេសចរ អាកាសយានដ្ឋានអន្តរជាតិតេជោក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋក្នុងស្រុកផងដែរ។ នៅត្រង់ច្រកចូល អ្នកដំណើរមកដល់មើលឃើញរូបសំណាកព្រះពុទ្ធបដិមាធ្វើពីសំរឹទ្ធកម្ពស់ ៩ ម៉ែត្រ បានក្លាយជាទីកន្លែងដែលប្រជាជនខ្មែរអាចមកគោរពបួងសួង សុំពរជ័យ និងថតរូបអនុស្សាវរីយ៍។
យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិតេជោមិនមែនជាច្រកទ្វារតែមួយគត់ដែលនាំភ្ញៀវទេសចរចូលមកកាន់ទឹកដីកម្ពុជានោះទេ ប៉ុន្តែក៏មានព្រលានយន្តហោះសៀមរាបអង្គរ និងព្រលានយន្តហោះក្រុងព្រះសីហនុដែលអាចនាំភ្ញៀវទេសចរទៅកាន់អតីតរាជធានីអង្គរ និងតំបន់ឆ្នេរសមុទ្រផងដែរ។ ក្រៅពីនេះបើទោះបីជាការធ្វើដំណើរពីអាកាសយានដ្ឋានសៀមរាបអង្គរទៅកាន់ក្រុងសៀមរាបប្រើរយៈពេលប្រហែលមួយម៉ោងក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមានជម្រើសមធ្យោបាយធ្វើដំណើរជាច្រើន ដូចជា រថយន្តក្រុងខ្នាតតូច រ៉ឺម៉កតុកតុក និងរថយន្តឈ្នួលឯកជន។ ដោយឡែក នៅខាងខេត្តព្រះសីហនុវិញ បានវិវត្តន៍ខ្លួនបន្តិចម្តងៗពីព្រលានយន្តហោះក្នុងតំបន់ធម្មតាទៅជាច្រកទ្វារអន្តរជាតិដ៏ទំនើបមួយដែលបម្រើដល់ទេសចរណ៍ឆ្នេរសមុទ្រ និងកោះយ៉ាងសម្បូរបែប។

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានសម្រួលដល់ដំណើរការចូលក្នុងប្រទេសផងដែរតាមរយៈដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដូចជា សេវាកម្មទិដ្ឋាការអេឡិចត្រូនិក (e-visa) និងនីតិវិធីនៃការមកដល់ (e-arrival) ដែលធ្វើឱ្យការតម្រង់ជួរមានភាពរហ័ស និងលឿនជាងមុន។ ស្វ័យប្រវត្តិកម្មឆ្លាតវៃ (Smart gates) ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ដែលភ្ញៀវទេសចរអាចឆ្លងកាត់ច្រកទ្វារដោយមិនចាំបាច់ឈរតម្រង់ជួរដើម្បីបោះត្រាលើលិខិតឆ្លងដែនរបស់ពួកគេនោះទេ។ ជាមួយគ្នានេះ ស្របពេលដែលវិស័យហោះហើរកំពុងលូតលាស់ វាក៏នាំឱ្យកម្ពុជាមានលទ្ធភាពតភ្ជាប់ជាមួយនឹងពិភពលោកបានច្រើនជាងមុនផងដែរជាពិសេសការហោះហើរត្រង់ទៅកាន់ប្រទេសគោលដៅបានដោយផ្ទាល់។
គួរកត់សម្គាល់ថា កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍គ្រប់រដូវកាល (Open Season) ដែលផ្តល់នូវបទពិសោធន៍ទេសចរណ៍ ៣ រួមមាន វប្បធម៌ រមណីយដ្ឋាន/ឆ្នេរ និងបរិយាកាសទីក្រុងដ៏រស់រវើក មិនថាក្នុងរដូវប្រាំង ឬរដូវវស្សានោះឡើយ។ វប្បធម៌ ប្រពៃណី របស់កម្ពុជាមានភាពរស់រវើកដែលបង្ហាញតាមរយៈប្រពៃណី តំបន់បេតិកភណ្ឌ សិល្បៈទស្សនីយភាព មហោស្រព ម្ហូបអាហារ និងសិល្បៈតាមសម័យកាល។ ដោយឡែក ទេសភាពធម្មជាតិវិញ មានចាប់តាំងពីតំបន់ខ្ពង់រាបភាគឦសាន តំបន់ដីសើមនៅតាមបឹងទន្លេសាប និងទន្លេមេគង្គ តំបន់ជួរភ្នំក្រវាញ រហូតដល់ឆ្នេរខ្សាច់ និងកោះ។ សម្រាប់បរិយាកាសទីក្រុងភ្នំពេញវិញ មានចាប់តាំងពីសារមន្ទីរ មាត់ទន្លេ ហាងកាហ្វេ ជីវិតពេលរាត្រី និងកន្លែងច្នៃប្រឌិតមួយចំនួន។ អ្វីដែលពិសេសនោះគឺការផ្លាស់ប្តូរតាមរដូវកាល ផ្តល់បទពិសោធន៍ប្លែកសម្រាប់ភ្ញៀវទេសចរ ដោយរដូវប្រាំងនាំមកនូវមេឃស្រឡះ និងអាកាសធាតុក្តៅល្មមសមស្របសម្រាប់ការស្វែងយល់ពីកន្លែងប្រវត្តិសាស្ត្រវប្បធម៌សំខាន់ៗ ខណៈដែលរដូវវស្សានាំមកនូវទេសភាពខៀវស្រងាត់ ភ្នំដែលគ្របដណ្តប់ដោយអ័ព្ទ និងមិនសូវមានភាពកកស្ទះ។ ទាំងអស់នេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏អស្ចារ្យក្នុងការទទួលបានបទពិសោធន៍នៅពេលណាមួយក៏បានក្នុងមួយឆ្នាំ៕









វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content