ភ្នំពេញ៖ កម្ពុជា ទើបបង្ហាញតួលេខទុនដែលបានអនុម័តចំនួន ៦,១៦ ប៊ីលានដុល្លារ របស់វិនិយោគិនបរទេសដែលបានចាប់អារម្មណ៍ និងផ្ដល់ទំនុកចិត្តរកស៊ីនៅកម្ពុជាក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៦ ដែលបង្កើតឱកាសការងារ ២៣៦ ០០០កន្លែង និងជាចរន្តរុញសេដ្ឋកិច្ចជាតិកើនឡើងនៅអំឡុងពេលមានសម្ពាធអតិផរណា។
អ្នកជំនាញសេដ្ឋកិច្ច បានសាទរចំពោះលទ្ធផលដែលកើតចេញពីការខ្នះខ្នែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកៀគរវិនិយោគិនបរទេសនៅពេលនេះ ប៉ុន្ដែស្នើឱ្យស្ថាប័នជំនាញ ជំរុញក្រុមហ៊ុនវិនិយោគទាំងនោះ បញ្ចូលវត្ថុធាតុដើមរបស់ខ្មែរទៅក្នុងប្រព័ន្ធសង្វាក់ផលិតកម្មឱ្យបានច្រើនបំផុត។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានមានប្រសាសន៍ថា ចំពោះវិស័យកម្មន្តសាល បច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម ដែលត្រូវការប្រើកម្លាំងពលកម្មជំនាញ ត្រូវដាក់បញ្ចូលវត្ថុធាតុដើមមាននៅក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែម។ ជាក់ស្ដែង ដូចជានៅក្នុងរោងចក្រផលិតសម្បកកង់ឡាន ត្រូវចាក់បញ្ចូលជ័រកៅស៊ូខ្មែរឱ្យបានច្រើន ជាពិសេសក្នុងវិស័យកែច្នៃចំណីអាហារ ត្រូវប្រើកសិផលខ្មែរឱ្យបានច្រើនទៅជាផលពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេចតែម្ដង ជាជាងនាំវត្ថុធាតុដើមទៅកែច្នៃនៅក្រៅប្រទេស។

លោកបណ្ឌិតបន្ថែមថា ៖ «នៅពេលដែលរោងចក្រ សហគ្រាស ដំណើរការគម្រោងវិនិយោគរបស់ខ្លួន ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC) និងក្រសួង-ស្ថាប័នជំនាញ ត្រូវតាមដានជាប់លាប់លើការអនុវត្តរបស់អ្នកវិនិយោគ ដើម្បីធានាលើការគោរពតាមបទដ្ឋាន និងកិច្ចសន្យាមុនពេលទទួលបានសិទ្ធិវិនិយោគ ជាមួយនឹងការប្រើសូចនាករតាមដានមួយចំនួនទៅតាមស្ថានភាពជាក់ស្ដែង នៃក្រុមហ៊ុននីមួយៗ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ហ៊ាង សុទ្ធាយុត្ដិ បានបញ្ជាក់ថា គេត្រូវបែងចែកឱ្យដាច់រវាងកញ្ចប់ទុនដែលបានអនុម័ត និងកញ្ចប់ទុនដែលបានអនុវត្តជាក់ស្ដែង ព្រោះទុនវិនិយោគដែលបានអនុម័ត គឺជាសូចនាករឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ និងទំនុកចិត្តវិនិយោគិនចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ប៉ុន្ដែមិនទាន់មានន័យថាទុនទាំងនោះបានបញ្ចេញ និងប្រើប្រាស់ក្នុងសកម្មភាពសេដ្ឋកិច្ចទាំងស្រុងនោះទេ។
ឯកឧត្ដមបានសង្កត់ធ្ងន់ថា ៖ «ការវាស់វែងប្រសិទ្ធភាពនៃការវិនិយោគ មិនបានផ្អែកតែលើចំនួនគម្រោង និងទំហំទុនវិនិយោគដែលបានអនុម័តនោះទេ ប៉ុន្តែត្រូវពិនិត្យលើលទ្ធផលជាក់ស្តែង និងការរួមចំណែករបស់គម្រោងវិនិយោគចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល តាមរយៈ CDC ក៏បានដាក់ចេញនូវសូចនាករមួយចំនួនដែរ ដើម្បីតាមដានទៅលើប្រសិទ្ធភាព»។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា បានបង្ហាញពីសូចនាករចំនួន ៦ ដើម្បីវាស់វែងប្រសិទ្ធភាពដំណើរការវិនិយោគ។
ក្នុងនោះទី១ គឺការអនុវត្តគម្រោងវិនិយោគជាក់ស្តែង ដោយមើលទៅលើចំនួនគម្រោងដែលបានចាប់ផ្ដើមសាងសង់ ឬដំណើរការ និងមើលលើទំហំទុនបានបញ្ចេញ និងអត្រាអនុវត្តជាក់ស្ដែង។ ទី២ គឺការបង្កើតការងារ និងការអភិវឌ្ឍធនធានមនុស្ស ដោយមើលលើចំនួនការងារដែលបានជ្រើសរើសជាក់ស្ដែង កម្រិតប្រាក់ឈ្នួល ការផ្ទេរចំណេះដឹងដល់កម្លាំងពលកម្មកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញ។
ទី៣ ការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការនាំចេញ ដោយមើលលើតម្លៃផលិតកម្ម តម្លៃបន្ថែមក្នុងស្រុក បរិមាណ និងតម្លៃនាំចេញ និងការធ្វើពិពិធកម្មផលិតផល និងទីផ្សារ។ ទី៤ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងការផ្ទេរបច្ចេកវិទ្យា ដោយផ្ដោតលើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ការនាំយកបច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៥ ការរួមចំណែកដល់ចំណូលជាតិ និងការអភិវឌ្ឍមូលដ្ឋាន ដោយផ្ដោតលើចំណូលពន្ធ ចំណូលរដ្ឋតាមរបបលើកទឹកចិត្ត បង្កើតសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងនៅតាមបណ្ដាខេត្ដឆ្ងាយៗ។ ទី៦ និរន្តរភាព និងគុណភាពនៃការវិនិយោគ ដោយផ្ដោតលើការគោរពច្បាប់ ស្ដង់ដារបរិស្ថាន សុវត្ថិភាពការងារ ការប្រើប្រាស់បច្ចេកវិទ្យាស្អាត និងថាមពលប្រើប្រាស់មានប្រសិទ្ធភាព សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍរយៈពេលវែង៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content