ប្រទេសកម្ពុជាទើបតែបោះជំហានប្រើប្រាស់អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូងកាលពីដើមឆ្នាំ ២០២៦នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
របាយការណ៍ស្រាវជ្រាវមួយចុះផ្សាយដោយ Ookla បង្ហាញថា ក្រុមហ៊ុន Cellcard របស់កម្ពុជា មានអ្នកទាញយកទិន្នន័យប្រើប្រាស់ច្រើនជាងគេរហូត ៥៤៨.២៧ Mbps បន្ទាប់មកគឺប្រព័ន្ធទូរស័ព្ទស្មាត (Smart) របស់ម៉ាឡេស៊ី ទទួលបាន ៣៣៦.០១ Mbps ហើយម៉ិតហ្វូន (Metfone) របស់វៀតណាម លេខរៀងទី៣ ទទួលបាន ២១៧.៩០ Mbps។
ប៉ុន្តែ ការសិក្សាដដែល បញ្ជាក់ថា ក្រុមហ៊ុន Smart Axiata មានល្បឿន 5G លឿនជាងគេ ក្នុងកម្រិត ៣១.៤ភាគរយ។ បន្ទាប់មកគឺ Cellcard ១៧.៩ភាគរយ និងក្រុមហ៊ុន Metfone ១៦.១ភាគរយ។
ប្រតិបត្តិករទាំងបី បានដាក់ឱ្យដំណើរការស្ថានីយអង់តែន 5G ចំនួន ៧៦៧ ទីតាំង ក្នុងថ្ងៃបើកដំណើរការដំបូង ហើយបានកើនឡើងដល់ជាង ១,៥០០ទីតាំង នៅត្រឹមដើមខែមីនា ឆ្នាំ២០២៦។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាសថា ការដាក់ឱ្យដំណើរការប្រព័ន្ធអ៊ីនធើណិតល្បឿនលឿន 5G នឹងត្រូវធ្វើឡើងជាដំណាក់កាល ដោយចាប់ផ្តើមគ្របដណ្តប់នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជ្រើសរើសនៅតាមបណ្តាខេត្តមួយចំនួន រួមមាន សៀមរាប, កណ្តាល, ស្វាយរៀង, កំពង់ស្ពឺ, តាកែវ, កំពង់ចាម, កំពង់ធំ, ព្រៃវែង, ក្រចេះ, កំពង់ឆ្នាំង, ពោធិ៍សាត់, ព្រះសីហនុ, ស្ទឹងត្រែង និងកំពត។
ក្រសួង រំពឹងថានឹងសេវាអ៊ីនធើណិតថ្មីនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថលឱ្យកាន់តែទូលំទូលាយរបស់កម្ពុជា តាមរយៈការបង្កើតសេវាកម្មថ្មីៗ និងឱកាសសេដ្ឋកិច្ច។
បច្ចុប្បន្នកម្ពុជាមានអ្នកជាវសេវាអ៊ីនធឺណិតប្រហែល ១៩.៦ លាននាក់ និងអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ២០.៦ លាននាក់។ នេះបើតាម ផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕ អត្ថបទ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ


Account
Security
Favourite Content