ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនធុរកិច្ចថ្មី (start-up) ផ្នែកអប់រំរបស់បារាំងមួយឈ្មោះថា «Choose and Connect» ដែលនេះគឺជាការវិនិយោគលើកដំបូងរបស់ CIFC នៅក្នុងក្រុមហ៊ុនធុរកិច្ចថ្មីរបស់បារាំង។ ការវិនិយោគនេះនឹងជួយគាំទ្រដល់ការពង្រីកប្រតិបត្តិការរបស់ «Choose and Connect» នៅក្នុងប្រទេសកម្ពុជា ជួយឱ្យសិស្ស-និស្សិតកម្ពុជាអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់អំពីការសិក្សា និងអាជីពរបស់ពួកគេ ព្រមទាំងជួយណែនាំនិស្សិតបារាំងបញ្ចប់ការសិក្សាថ្មីៗ ឱ្យស្គាល់ពីឱកាសការងារនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) ដែលរៀបចំឡើងនៅកោះពេជ្រ អំឡុងពេលនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី ២០។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ CIFC និងលោកស្រី Hélène Diep ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Choose and Connect ដោយមានវត្តមានរបស់លោកស្រី Julie Huguet នាយិកានៃស្ថាប័ន Mission French Tech ផងដែរ។
ការផ្សារភ្ជាប់ការអប់រំទៅនឹងឱកាសការងារ
Choose and Connect ដែលត្រូវបានដាក់ឱ្យដំណើរការនៅប្រទេសបារាំងក្នុងឆ្នាំ ២០២៦ គឺជាវេទិកាផ្តល់ការណែនាំអំពីការអប់រំ និងអាជីពការងារដោយឥតគិតថ្លៃ សម្រាប់យុវជនដែលមានអាយុពី ១៤ ទៅ ២៥ ឆ្នាំ។ វេទិកានេះប្រមូលផ្តុំព័ត៌មានអំពីអាជីពការងារ ជម្រើសនៃការសិក្សា និងកម្មសិក្សាការងារ ដើម្បីជួយសិស្សានុសិស្សឱ្យយល់ដឹងថា ការសិក្សារបស់ពួកគេមានទំនាក់ទំនងយ៉ាងណាចំពោះការងារនាពេលអនាគត។

វេទិកានេះត្រូវបានបង្កើតឡើងដោយអ្នកស្រី Hélène Diep ដែលជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីសាលា EPITA និងជាជនជាតិបារាំងដែលមានដើមកំណើតខ្មែរ។ បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្រីក្នុងការជ្រើសរើសជំនាញសិក្សា បានជំរុញឱ្យអ្នកស្រីបង្កើតវេទិកានេះឡើង ដើម្បីធ្វើឱ្យការស្វែងរកព័ត៌មានអំពីការអប់រំ និងអាជីពការងារកាន់តែងាយស្រួល។
អ្នកស្រី Hélène Diep បានមានប្រសាសន៍ថា៖ «ការជ្រើសរើសជំនាញសិក្សាគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ប៉ុន្តែយុវជនជាច្រើននៅមិនទាន់មានការយល់ដឹងច្បាស់លាស់អំពីឱកាសការងារដែលមានសម្រាប់ពួកគេនៅឡើយទេ។ យើងបានបង្កើត Choose and Connect ឡើង ដើម្បីជួយសម្រួលដល់ការស្វែងរកព័ត៌មានទាំងនោះ។ គោលដៅរបស់យើងគឺជួយសិស្សានុសិស្សក្នុងការសម្រេចចិត្ត ដោយផ្អែកលើចំណាប់អារម្មណ៍ សមត្ថភាព និងឱកាសនាពេលអនាគតរបស់ពួកគេ ទាំងនៅក្នុងប្រទេសបារាំង និងប្រទេសកម្ពុជា»។

សម្រាប់ Canadia Impact Fund ការវិនិយោគនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីសារៈសំខាន់នៃការជួយយុវជនក្នុងដំណាក់កាលផ្លាស់ប្តូរពីការសិក្សាទៅកាន់ការងារ។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ Canadia Impact Fund បានមានប្រសាសន៍ថា៖ «សម្រាប់យុវជន ការទទួលបានព័ត៌មានត្រឹមត្រូវ និងសមស្រប អាចជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ។ ខ្ញុំសង្ឃឹមថា Choose and Connect នឹងអាចជួយសិស្សានុសិស្សនៅកម្ពុជា ឱ្យស្វែងឃើញលទ្ធភាពកាន់តែច្រើនសម្រាប់ការសិក្សា និងអាជីពការងារនាពេលអនាគតរបស់ពួកគេ»។
ការវិនិយោគនេះពង្រីកការគាំទ្ររបស់ CIFC ដល់សហគ្រិនផ្នែកបច្ចេកវិទ្យាឱ្យហួសពីព្រំដែនប្រទេសកម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងថ្មីៗរវាងវិស័យអប់រំ និងឱកាសការងារនៅក្នុងប្រទេសទាំងពីរ។





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content