បរទេស ៖ ចិន បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនអាម៉េរិកមួយនេះទទូចយកបានហេតុផលណាមួយសមស្របឆ្លើយតបទៅនឹងការរារាំងរបស់រដ្ឋាភិបាលចិន នេះបើយោងតាមសេចក្ដីរាយការណ៍ពី DW ។
កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ចិន (NDRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងហាមឃាត់ការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុន Manus ស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ ហើយតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ដកប្រតិបត្តិការទិញយកទៅវិញ។ គោលបំណងនៃការប្រកាសនេះ គឺរារាំងក្រុមហ៊ុនអាម៉េរិក Meta ឱ្យបញ្ឈប់ការទិញក្រុមហ៊ុនចិន Manus ដែលត្រូវបានគេជឿថាវាអាចមានតម្លៃលើសពី ២ ពាន់ដុល្លារទៅទៀត។ Meta ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្តាញសង្គម ដូចជា Facebook, Instagram និង WhatsApp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញ Manus នឹងត្រូវអនុវត្តដោយស្របច្បាប់យ៉ាងពេញលេញ ជាមួយនឹងការរំពឹងថានឹងមានដំណោះស្រាយ ឬចម្លើយសមស្របណាមួយសម្រាប់ស្រាយចម្ងល់របស់ពួកគេ។
កាលពីឆ្នាំមុន ក្រុមហ៊ុន Manus បានប្រកាសថា ខ្លួនគឺជាភ្នាក់ងារបញ្ញាសិប្បនិម្មិតទូទៅ (General AI) ដំបូងគេរបស់ពិភពលោក ដែលមិនត្រឹមតែចេះឆ្លើយសំណួរនោះទេ ប៉ុន្តែវាអាចធ្វើសកម្មភាពផ្សេងៗជំនួសមនុស្សបាន ដូចជា ការសរសេរកូដ ស្រាវជ្រាវទីផ្សារ និងរៀបចំកញ្ចប់ថវិកា ដែលវាប្រៀបដូចជា បុគ្គលិកឌីជីថល ដែលអាចប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីផ្សេងៗជំនួសមនុស្សបានយ៉ាងស្ទាត់ជំនាញ។ Manus មិនបង្កើតគំរូ AI ផ្ទាល់ខ្លួនទេ ប៉ុន្តែដំណើរការលើម៉ូឌែលជាច្រើនរបស់លោកខាងលិចដែលមានស្រាប់។ នេះមានន័យថា Manus ប្រើប្រាស់ម៉ូឌែល AI ច្រើនដែលមានស្រាប់ ដូចជា GPT របស់ OpenAI ឬ Llama របស់ Meta មកធ្វើជាខួរក្បាលដែលអាចធ្វើការងារជាក់ស្តែងបានច្រើនដំណាក់កាល។

កាលពីខែកក្កដា ឆ្នាំមុន Manus បានបិទការិយាល័យនៅប្រទេសចិន ហើយបានផ្លាស់ប្តូរទីតាំងប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ដើម្បីរួមបញ្ចូលជាមួយនឹងក្រុមហ៊ុនមេរបស់ខ្លួននៅទីនោះ។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យ Manus ជៀសផុតពីការរឹតបន្តឹងរបស់អាម៉េរិកលើការវិនិយោគនៅក្នុងក្រុមហ៊ុន AI របស់ចិន និងច្បាប់របស់ចិន ដែលកំណត់សមត្ថភាពរបស់ AI startups ក្នុងការផ្ទេរប្រតិបត្តិការមួយចំនួនទៅក្រៅប្រទេស។ ក្រោយមក នៅក្នុងអំឡុងខែធ្នូ ក្រុមហ៊ុនអាម៉េរិក Meta បានប្រកាសថា ខ្លួននឹងទិញយក Manus ដើម្បីផ្ដាច់ចេញពីកម្មសិទ្ធិរបស់ចិន។ ការសម្រេចនេះ គឺជាករណីដ៏កម្រនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកក្នុងការទិញក្រុមហ៊ុន AI ដែលមានទំនាក់ទំនងខ្លាំងជាមួយប្រទេសចិន។ យ៉ាងណាមិញ ស្របពេលដែលចិនកំពុងប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងអាម៉េរិកលើការច្នៃប្រឌិតបញ្ញាសិប្បនិម្មិត (AI) ដោយសារវាគឺជាកម្លាំងជំរុញផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ ការទិញយកក្រុមហ៊ុន Manus គឺមិនមែនជារឿងងាយស្រួលនោះទេ។
លោក Lian Jye Su ប្រធានអ្នកវិភាគនៅក្រុមស្រាវជ្រាវបច្ចេកវិទ្យា និងប្រឹក្សា Omdia បានលើកឡើងថា ចិនកំពុងបង្ហាញពិភពលោកថា ខ្លួនមានជំហរដាច់ខាត និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារធនធាន និងសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ដោយសារវាគឺទ្រព្យសម្បត្តិស្នូលសម្រាប់សន្តិសុខជាតិ។ ជាមួយគ្នានេះ វាក៏បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាជ្ញាធរចិន នឹងបន្តតាមដាន និងរារាំងរាល់ការប៉ុនប៉ងទាំងឡាយណាពីសំណាក់ក្រុមហ៊ុនបរទេសដែលចង់មកទិញយកក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content