ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។
ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនាពេលរសៀលនេះ អាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ពហុភាគីសំខាន់មួយក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

ជាក់ស្តែង តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំ កន្លងមក អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៤៧ លានដុល្លារអាម៉េរិក ដោយក្នុងនោះ ហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧២៦ លានដុល្លារអាម៉េរិក និងឥណទានសម្បទានចំនួន ១២១ លានដុល្លារអាម៉េរិក ដែលគ្របដណ្តប់លើវិស័យគន្លឹះ ដូចជា៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខាភិបាល, គាំពារសង្គម, ការបោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ, វាស់វែងដីធ្លី និងអភិបាលកិច្ច។
ដោយឡែក នៅក្នុងរយៈពេល ៩ខែ ដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអាល្លឺម៉ង់ បានឈានដល់ ៧៨២លានដុល្លារ មានការថយចុះប្រហែល ៧ភាគរយ បើធៀបទៅនឹងរយៈដូចគ្នានាឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជារដ្ឋទូតថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ដ៏ល្អកន្លងមក។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីសម្រេចគោលដៅកម្ពុជាចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ដែរថា កម្ពុជាត្រូវរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងបំណុលសាធារណៈ ការបង្កើនមូលធនក្នុងស្រុក និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគ ជាពិសេសការទាញយកសក្តានុពលនៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឱ្យចូលមកកាន់ទីផ្សារប្រកបដោយថាមពលនៅកម្ពុជា ក៏ដូចជាកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្តផ្តល់ការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុប មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងការអរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានវាយតម្លៃខ្ពស់លើការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីអាល្លឺម៉ង់បានអះអាងថានឹងបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជាតាមរយៈ KfW និង GIZ ព្រមទាំងបញ្ជាក់ថា ធុរជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content