បរទេស៖ អារ៉ាប៊ីសាអ៊ូឌីត បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលសិង្ហបុរី ដើម្បីស្តុកទុកប្រេងឆៅនៅក្នុងរូងថ្មក្រោមដីរបស់សិង្ហបុរី ។ កិច្ចព្រមព្រៀងនេះ បានកើតមានឡើងបន្ទាប់ពីក្រុម Houthi យេម៉ែន វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអ៊ូឌីតកាលពីចុងសប្តាហ៍មុន ដោយក្នុងនោះ រួមមានទាំងទីតាំងបូម និងកែច្នៃប្រេងផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Bloomberg ។
ប្រេងឆៅ របស់អារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong ស្ថិតនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៧។ រូងថ្មក្រោមដីនេះ មានសមត្ថភាពអាចស្តុកទុកប្រេង និងអង្គធាតុរាវផ្សេងៗទៀតបានរហូតដល់ ១,៤៧ លានម៉ែត្រគូប ដែលស្មើនឹងប្រមាណ ៩ លានបារ៉ែល។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ក៏កំពុងស្វែងរកសមត្ថភាពស្តុកទុកបន្ថែមទៀតនៅប្រទេសដទៃទៀតផងដែរ។ បច្ចុប្បន្ន វិស័យថាមពលរបស់អារ៉ាប៊ីសាអ៊ូឌីត កំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារសង្គ្រាមនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ដែលរីករាលដាលដល់សមុទ្រក្រហម ខណៈក្រុម Houthi យេម៉ែន បានតម្រង់គោលដៅវាយប្រហារលើនាវា និងហេដ្ឋារចនាសម្ព័ន្ធសត្រូវនៅគ្រប់ទីកន្លែងដែលពួកគេអាចទៅដល់។ ជាលទ្ធផល ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតត្រូវបានរំខាន ដែលជំរុញឱ្យក្រុមហ៊ុន Aramco ត្រូវផ្ទេរប្រេងពីនាវាមួយទៅនាវាមួយទៀតនៅឯឈូងសមុទ្រអូម៉ង់នាភាគខាងកើត និងបញ្ជូននាវាដឹកប្រេងតាមរយៈព្រែកជីកស៊ុយអេនៅភាគខាងលិច។

លោក Tan See Leng រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបុរី បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងជួយដល់សន្តិសុខថាមពល ព្រមទាំងភាពធន់របស់សិង្ហបុរីផងដែរនៅក្នុងករណីដែលការផ្គត់ផ្គង់ត្រូវបានរងការរំខាន។
ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត បានលើកឡើងថា ការនាំយកការផ្គត់ផ្គង់ប្រេងឱ្យកាន់តែខិតជិតទីផ្សារអាស៊ីនឹងពង្រឹងភាពបត់បែននៃបណ្តាញផ្គត់ផ្គង់ ព្រមទាំងគាំទ្រដល់សន្តិសុខផ្គត់ផ្គង់ ក៏ដូចជាការត្រៀមលក្ខណៈរបស់សិង្ហបុរីផងដែរ។ កិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែមានសក្តានុពលបន្ថែមទៀត ដោយសារតំបន់អាស៊ី គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Aramco និងប្រទេសអ្នកផលិតប្រេងផ្សេងៗទៀតនៅតំបន់មជ្ឈិមបូព៌ា ជាហេតុធ្វើឲ្យតំបន់នេះរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាម៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content