ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃគម្រោង Climate Resilience For All (CREFA) បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់នៅទូទាំងប្រទេស។
តួលេខនេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» ដែលបានប្រព្រឹត្តទៅ និងបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីឥណទាន ប្រធានសាខា និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង CREFA សរុបជិត ១១០ នាក់។
ថ្លែងក្នុងពិធីបិទវគ្គ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងពីផលជះវិជ្ជមាន និងសមិទ្ធផលសំខាន់ៗរបស់គម្រោង CREFA ក្នុងការចូលរួមលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ក្នុងអំឡុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៦ គ្រឹះស្ថានជាសមាជិកនៃគម្រោង CREFA បានបញ្ចេញឥណទានបៃតងសរុបប្រមាណ ៣៩ លានដុល្លារ ដែលផ្តល់ផលជះដល់អតិថិជន និងគ្រួសាររបស់ពួកគេប្រមាណ ៣ ម៉ឺននាក់ ទូទាំងប្រទេស»។
លោក សុខ វឿន ក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ឱ្យបន្តចូលរួមក្នុងសកម្មភាពកសាងសមត្ថភាព និងសកម្មភាពនានារបស់សមាគម ជាពិសេសក្រោមគម្រោង CREFA ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរក្នុងការចាប់យកឱកាសហិរញ្ញប្បទានបៃតងពីវិនិយោគិននាពេលអនាគត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិស័យមីក្រូហិរញ្ញវត្ថុ និងជំរុញការអនុវត្តហិរញ្ញប្បទានប្រកបដោយចីរភាព ស្របតាមទិសដៅរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការងារនេះក៏ស្របគ្នាជាមួយការដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព» សម្រាប់វិស័យធនាគារនៅកម្ពុជា ដែលជាក្របខណ្ឌសំខាន់សម្រាប់ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង ស្របតាមទិសដៅជាតិ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងគាំទ្រដល់ការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
សមាគមបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅរួមចំណែកកសាងវិស័យហិរញ្ញវត្ថុដែលមានភាពធន់ ប្រកបដោយចីរភាព និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content