ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ចំនួនពីរដាច់ដោយឡែកពីគ្នាជាមួយក្រុមហ៊ុនបណ្ដាញបណ្ណទូទាត់អន្តរជាតិ Visa និង Mastercard ដើម្បីសហការអភិវឌ្ឍមុខងារ QR Connector ក្នុងគោលដៅពង្រីកលទ្ធភាពទូទាត់តាម KHQR និងសម្រួលដល់ការទូទាត់ឆ្លងប្រទេស។
ពិធីចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ការសហការនេះមានគោលបំណងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃការទូទាត់ឌីជីថលនៅកម្ពុជា តាមរយៈការស្កេន KHQR Code ដោយពង្រឹងលទ្ធភាពទូទាត់ជាមួយប្រតិបត្តិករ និងគ្រឹះស្ថានជាដៃគូនៅក្រៅប្រទេស ដែលភ្ជាប់ជាមួយបណ្ដាញបណ្ណទូទាត់អន្តរជាតិទាំងពីរ។
តាមរយៈកិច្ចសហការនេះ ភ្ញៀវទេសចរបរទេស និងអ្នកដំណើរដែលមកកាន់ប្រទេសកម្ពុជា នឹងអាចប្រើប្រាស់កម្មវិធីធនាគារចល័ត ឬកម្មវិធីទូទាត់ចល័តរបស់ខ្លួន ដែលភ្ជាប់ជាមួយបណ្ដាញ Visa និង Mastercard ដើម្បីស្កេន KHQR Code និងទូទាត់ប្រាក់ជាមួយពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ការអភិវឌ្ឍមុខងារនេះ នឹងជួយលើកកម្ពស់បទពិសោធនៃការទូទាត់ឌីជីថលនៅកម្ពុជា ព្រមទាំងជំរុញការប្រើប្រាស់មធ្យោបាយទូទាត់អេឡិចត្រូនិកជំនួសឱ្យសាច់ប្រាក់ ដោយផ្ដល់ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ កិច្ចសហការនឹងជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការទូទាត់សម្រាប់ភ្ញៀវទេសចរបរទេស និងអ្នកប្រើប្រាស់សេវាទូទាត់អន្តរជាតិ ព្រមទាំងសម្រួលដល់ពាណិជ្ជករក្នុងការទទួលការទូទាត់ពីភ្ញៀវអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា។
លើសពីនេះ គំនិតផ្ដួចផ្ដើមនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការជំរុញសមាហរណកម្មប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថលឱ្យមានលទ្ធភាពធ្វើអន្តរប្រតិបត្តិការជាមួយបណ្ដាញទូទាត់ក្នុងតំបន់ និងអន្តរជាតិ។
ធនាគារជាតិនៃកម្ពុជារំពឹងថា កិច្ចសហការនេះនឹងរួមចំណែកធ្វើឱ្យប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាកាន់តែទំនើប មានប្រសិទ្ធភាព និងមានបរិយាបន្ន ស្របតាមការអភិវឌ្ឍនៃប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ និងអន្តរជាតិ៕








វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content