ភ្នំពេញ ៖ សាលា École Française Internationale (EFI) ភ្នំពេញ បានប្រារព្ធខួបលើកទី ១០ របស់ខ្លួននៅថ្ងៃសុក្រ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅសាលាបុរីកោះពេជ្រ (Koh Pich City Hall)។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំភ្ញៀវកិត្តិយស តំណាងស្ថាប័ននានា ព្រមទាំងសមាជិកនៃសហគមន៍ EFI និងសាកលវិទ្យាល័យ Université Francophone d’Asie (UFA) ក្នុងកម្មវិធីអបអរសាទរមួយដែលផ្តោតលើវិស័យអប់រំ វប្បធម៌ និងចក្ខុវិស័យរួមសម្រាប់អនាគត។ ពិធីនេះក៏បានសម្គាល់នូវការឈានចូលឆ្នាំដំបូងនៃដំណើរការរបស់សាកលវិទ្យាល័យ UFA ផងដែរ។

ចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៦ ក្នុងនាមជាសាលាមត្តេយ្យសាកល្បងតូចមួយដែលមានសិស្សត្រឹមតែ ៤ នាក់ប៉ុណ្ណោះ បានរីកចម្រើនក្លាយជាសហគមន៍សាលាអន្តរជាតិដែលមានសិស្សជាង ២២០ នាក់ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២។ ក្នុងរយៈពេលត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ EFI បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការទទួលបានការទទួលស្គាល់គុណភាពអប់រំពី «Cambridge Assessment International Education» ក្នុងឆ្នាំ ២០២២, ការអនុម័តដោយក្រសួងអប់រំជាតិបារាំងដើម្បីចូលជាសមាជិកក្នុងបណ្តាញទីភ្នាក់ងារអប់រំបារាំងនៅក្រៅប្រទេស (AEFE) ក្នុងឆ្នាំ ២០២៥ និងការទទួលបានសិទ្ធិក្នុងការបង្រៀនកម្មវិធីសិក្សា International Baccalaureate Diploma Programme (IB DP) ក្នុងឆ្នាំ ២០២៦។
កម្មវិធីនេះមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយវត្តមានរបស់ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចៅស្រីរបស់លោកជំទាវក៏ជាសិស្សម្នាក់នៅ EFI ផងដែរ។ នៅក្នុងសុន្ទរកថាដ៏មានអត្ថន័យ និងបំផុសគំនិត លោកជំទាវបានកោតសរសើរចំពោះដំណើរការរបស់សាលា ដោយបានលើកឡើងពីសមិទ្ធផលនានា ការប្តេជ្ញាចិត្តចំពោះវិស័យអប់រំ និងតួនាទីដ៏ល្អប្រសើរដែលសាលាបានដើរតួក្នុងជីវិតរបស់សិស្ស។ ប្រសាសន៍ប្រកបដោយភាពកក់ក្តៅ ការលើកទឹកចិត្ត និងការកោតសរសើររបស់លោកជំទាវ បានធ្វើឱ្យសុន្ទរកថានេះក្លាយជាចំណុចដ៏គួរឱ្យចងចាំមួយនៃកម្មវិធីនាពេលរាត្រីនោះ។

កម្មវិធីនេះក៏ជាឱកាសមួយសម្រាប់រំលឹកឡើងវិញអំពីដំណើរដែលបាននាំឱ្យស្ថាប័នទាំងពីរឈានមកដល់សមិទ្ធផលដ៏សំខាន់នេះផងដែរ។ សហស្ថាបនិកសាលា EFI និងសាកលវិទ្យាល័យ UFA គឺ លោក Amaury de Saint Blanquat និងឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន បានឡើងថ្លែងសុន្ទរកថា ដើម្បីចែករំលែកអំពីការចាប់ផ្តើមដំបូងរបស់សាលា EFI ចក្ខុវិស័យដែលបានណែនាំការអភិវឌ្ឍរបស់សាលាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ព្រមទាំងដំណើរឆ្ពោះទៅមុខដែលកំពុងរង់ចាំនៅពេលអនាគត។ សុន្ទរកថារបស់សហស្ថាបនិកទាំងពីរបានបង្ហាញពីការលះបង់ ការកសាងភាពជាដៃគូ និងមហិច្ឆតាដែលស្ថិតនៅពីក្រោយស្ថាប័នទាំងនេះព្រមទាំងបានបង្ហាញពីក្តីរំពឹងទុកចំពោះឱកាសថ្មីៗដែលនឹងកើតមានឡើងក្នុងឆ្នាំខាងមុខៗទៀត។
ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យ ខេមតិច ក៏បានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួម ដោយបានចែករំលែកទស្សនៈដ៏ស៊ីជម្រៅ ដែលបានបន្ថែមអត្ថន័យយ៉ាងពិសេសដល់កម្មវិធីនេះ។

លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃប្រទេសបារាំង ទទួលបន្ទុកកិច្ចការ ហ្រ្វង់កូហ្វូនី (Francophonie) ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងនៅក្រៅប្រទេស បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ បន្ទាប់ពីលោកស្រីបានមកដល់រាជធានីភ្នំពេញភ្លាមៗ។ នៅក្នុងសុន្ទរកថាដ៏គួរឱ្យចងចាំមួយ លោកស្រីបានលើកតម្កើងភាសាបារាំង និងគុណតម្លៃនៃសហគមន៍ Francophonie ព្រមទាំងបានអបអរសាទរចំពោះដំណើររយៈពេល ១០ ឆ្នាំរបស់សាលា EFI និងទទួលស្គាល់សារៈសំខាន់នៃឆ្នាំដំបូងនៃការបង្កើត UFA។ ការចូលរួមរបស់លោកស្រី បានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការអប់រំជាភាសាបារាំង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ទាំងមូល។
តន្ត្រីគឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីអបអរសាទរនេះ។ សិស្សានុសិស្សរបស់សាលា EFI បានរួមសម្តែងលើឆាកជាមួយលោក Julian Gargiulo អ្នកព្យាណូដ៏ល្បីល្បាញលើឆាកអន្តរជាតិ ខណៈលោក ឃួន សិទ្ធិស័ក ដែលជាអ្នកចម្រៀងសំឡេង Tenor ក៏បានចូលរួមសម្តែងនូវកម្មវិធីពិសេសមួយផងដែរ។ សិល្បករទាំងពីររូបបានទាក់ទាញអារម្មណ៍អ្នកទស្សនាយ៉ាងខ្លាំង ដោយបានបង្កើតនូវពេលវេលាដ៏គួរឱ្យចងចាំ ដែលបានផ្សារភ្ជាប់ទេពកោសល្យរបស់អ្នកសិល្បៈអាជីព ជាមួយនឹងភាពស្វាហាប់ និងក្តីរំភើបរីករាយរបស់សហគមន៍សាលារៀន។
កម្មវិធីអបអរសាទរនេះក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ក្នុងវិស័យការទូត រដ្ឋាភិបាល និងអប់រំ ព្រមទាំងសមាជិកនៃព្រះរាជវង្សានុវង្សកម្ពុជាផងដែរ ដែលបានឆ្លុះបញ្ចាំងពីចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំជុំវិញសាលា EFI និងសាកលវិទ្យាល័យ UFA។ ក្នុងចំណោមភ្ញៀវកិត្តិយសទាំងនោះ រួមមាន ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកឧត្តម Hideo Ishizuki ឯកអគ្គរដ្ឋទូតជប៉ុន, ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី, ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា, លោក Dominic Williams (MBE) ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបា។ លើសពីនេះ កម្មវិធីក៏បានស្វាគមន៍វត្តមានរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Guillaume Cario អ្នកសម្របសម្រួលនៃនាយកដ្ឋាន AEFE និងជាប្រធានផ្នែកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ព្រមទាំងលោក Frédéric Béreyziat ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge)។ វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់នេះ បានបង្ហាញពីសារៈសំខាន់នៃវិស័យអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។
លើសពីការអបអរសាទរស្ថាប័នទាំងពីរ ព្រឹត្តិការណ៍នៅល្ងាចនោះគឺជាឱកាសមួយដើម្បីផ្តល់ការទទួលស្គាល់ដល់បុគ្គលនានា ភាពជាដៃគូ និងគុណតម្លៃរួម ដែលបន្តជួយដល់ការអភិវឌ្ឍរបស់ស្ថាប័នទាំងនេះ។ សម្រាប់ EFI ខួបនេះគឺជាការកត់សម្គាល់នូវរយៈពេល ១០ ឆ្នាំនៃការរីកចម្រើនផ្នែកអប់រំ និងការបើកចំហឆ្ពោះទៅកាន់អន្តរជាតិ។ ចំណែកឯ UFA វិញ វាគឺជាការអបអរសាទរការចាប់ផ្តើមនៃជំពូកថ្មីមួយ ក្នុងការនាំយកការអប់រំកម្រិតឧត្តមសិក្សាជាភាសាបារាំង ទៅកាន់និស្សិតនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ដប់ឆ្នាំបន្ទាប់ពីការទទួលស្វាគមន៍សិស្សដំបូងចំនួន ៤នាក់ សាលា EFI កំពុងបន្តឆ្ពោះទៅមុខជាមួយនឹងមហិច្ឆតាថ្មី ដោយបន្តផ្តល់ការអប់រំតាមបែបអន្តរជាតិនៅកម្ពុជា និងបង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់សិស្សានុសិស្សក្នុងការបន្តការសិក្សាពីកម្រិតសាលារៀនទៅកាន់ថ្នាក់ឧត្តមសិក្សា។
អំពី EFI
សាលាអន្តរជាតិបារាំង (École Française Internationale ឬ EFI) ភ្នំពេញ គឺជាសាលាអន្តរជាតិមួយដែលមានទីតាំងស្ថិតនៅលើកោះពេជ្រ ដោយទទួលសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សា (Nursery) រហូតដល់ថ្នាក់ទី ១២។ តាមរយៈការផ្តល់ជូននូវកម្មវិធីសិក្សាផ្អែកលើប្រព័ន្ធអប់រំបារាំង ក្នុងបរិយាកាសអន្តរជាតិ និងពហុភាសា សាលា EFI ទទួលបានការទទួលស្គាល់គុណភាពអប់រំពី Cambridge Assessment International Education ព្រមទាំងទទួលបានការទទួលស្គាល់ពី AEFE និងត្រូវបានអនុញ្ញាតឱ្យផ្តល់ជូននូវកម្មវិធីសិក្សា International Baccalaureate Diploma Programme (IB DP) ផងដែរ។
គេហទំព័រ៖ https://efi.asia
អំពី UFA
Université Francophone d’Asie (UFA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គ្រឹះស្ថាននេះមានមហិច្ឆតាក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំកម្រិតឧត្តមជាភាសាបារាំងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីសិក្សាដំបូងរបស់ខ្លួន គឺថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ដែលរៀបចំឡើងដោយសហការជាមួយ Université Paris-Panthéon-Assas គឺជាជំហានដំបូងឆ្ពោះទៅរកការសម្រេចចក្ខុវិស័យនេះ។ តាមរយៈការអភិវឌ្ឍភាពជាដៃគូជាបន្តបន្ទាប់ជាមួយសាកលវិទ្យាល័យផ្សេងៗទៀតនៅក្នុងពិភពនិយាយភាសាបារាំង (Francophone world) UFA មានគោលបំណងផ្តល់ជូននូវកម្មវិធីសិក្សា និងសញ្ញាបត្រសាកលវិទ្យាល័យដ៏សម្បូរបែប និងមានការទទួលស្គាល់។ នេះនឹងបង្កើតឱកាសថ្មីៗសម្រាប់និស្សិតនៅក្នុងតំបន់ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមជាភាសាបារាំង និងទទួលបានអត្ថប្រយោជន៍ពីជំនាញសិក្សាធិការរបស់ស្ថាប័នឈានមុខនានាដែលប្រើប្រាស់ភាសាបារាំង។
គេហទំព័រ៖ https://ufa-universite.asia
ការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ៖ Thêvy Lenain មន្ត្រីផ្នែកទំនាក់ទំនង thevy.lenain@efi.asia





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content