រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ បានប្រកាសដាក់ឱ្យអនុវត្ដជាផ្លូវការហើយនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍បន្ថែមចំនួន ២ ដើម្បីបង្កើនភាពងាយស្រួលដល់ម្ចាស់សហគ្រាស និងសិប្បកម្មថ្មីៗដែលកន្លងទៅសម្ដេចមើលឃើញថា ខ្វះយន្ដការស្ពាន ឬការសម្របសម្រួលឱ្យមានប្រសិទ្ធភាពនៅកន្លែងតែមួយ បានក្លាយជាបញ្ហាស្មុគស្មាញ ទើបបង្កឱ្យមានការត្អូញត្អែរខ្លះពីម្ចាស់អាជីវកម្មដែលមានបំណងចង់ចុះបញ្ជីត្រឹមត្រូវ។

សម្ដេចមានប្រសាសន៍ថា យន្ដការទី១ ត្រូវបង្កើតប្រព័ន្ធការងារក្រោមដំបូលរួមតែមួយ។ នោះគឺអង្គភាព “SME- CU” ដែលមិនស្ថិតនៅក្រោមក្រសួង-ស្ថាប័នណាមួយឡើយ ប៉ុន្ដែមានសិទ្ធិសម្របសម្រួលចុះបញ្ជីគ្រប់អាជីវកម្មនៅកន្លែងតែមួយ។ ត្រង់ចំណុចនេះ សម្ដេចធិបតី បានបញ្ជាក់ថា គ្រប់ក្រសួង-ស្ថាប័នជំនាញនីមួយៗ មិនត្រូវបានដកសិទ្ធិលើជំនាញរបស់ខ្លួនឡើយ ប៉ុន្ដែមន្ដ្រីត្រូវរត់មកចូលក្នុងអង្គភាពនេះ ដើម្បីបំពេញនីតិវិធីជូនម្ចាស់អាជីវកម្ម។
រីឯយន្ដការទី២ ត្រូវបានសម្ដេចសង្កត់ធ្ងន់លើពេលវេលានៃការផ្ដល់សេវា។ អង្គភាព “SME-CU” ដែលជាអង្គភាពសម្របសម្រួល ត្រូវភ្ជាប់ទំនាក់ទំនងអតិថិជនជាមួយស្ថាប័នជំនាញឱ្យបានជួបគ្នា ដើម្បីបំពេញនីតិវិធីខ្វះខាតទៅតាមកាលកំណត់ជាក់លាក់។ អង្គភាពសម្របសម្រួល ក៏ត្រូវបង្ហាញតារាងតម្លៃសេវាស្ដង់ដារច្បាស់លាស់របស់ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីឱ្យអតិថិជនបានដឹង ហើយគាត់អាចធ្វើការបង់តម្លៃសេវានៅនឹងកន្លែងអង្គភាពសម្របសម្រួលនោះតែម្ដង ហើយអង្គភាពនឹងបែងចែកតម្លៃសេវាទៅក្រសួង-ស្ថាប័នជំនាញតាមក្រោយ។
សម្ដេចធិបតី៖ «អង្គភាពនេះ ជាអ្នកណាត់ជួបជាមួយក្រសួង-ស្ថាប័នជំនាញ ហើយណាត់តែម្ដងគត់ ចុះទៅទីតាំងជាមួយអតិថិជន! ឃើញខ្វះខាតអី អតិថិជនមកតែមួយកន្លែងនេះបានហើយ ទុកឱ្យក្រសួង-ស្ថាប័ន ឈឺក្បាលជំនួស រដ្ឋជាអ្នកសម្របសម្រួល ដោះស្រាយបញ្ហាជូន»។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលរាយការណ៍ជូនសម្ដេចធិបតីនាឱកាសដាក់ឱ្យអនុវត្ដយុទ្ធសាស្ដ្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឱ្យដឹងថា វិស័យ MSMEs បានក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ដោយគិតត្រឹមរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៦ កម្ពុជាមានទំនិញប្រមាណ ២,៦០០មុខ ពោលគឺកើនឡើងចំនួន ១,១០០មុខ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានរំលេចនូវតួលេខកាលពីឆ្នាំ២០២២ ដែលសិក្សាដោយវិទ្យាស្ថានជាតិស្ថិតិ ថា កម្ពុជាមានអង្គភាពដែលចាត់ទុកជា MSMEs មានជាង ៧៥ម៉ឺនមូលដ្ឋាន និងបានស្រូបទាញយកកម្លាំងពលកម្មសរុបប្រមាណ ៣លាននាក់។ តាមរយៈជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នេះ បង្ហាញដែរថា វិស័យ MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប(GDP)៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content