ភ្នំពេញ ៖ សប្តាហ៍ថាមពលស្អាត ឆ្នាំ២០២៥ ក្រោមប្រធានបទ « បង្ហាញសក្តានុពលជំនាញថាមពលស្អាតកម្ពុជា» ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាសា្ថន បច្ចេកវិទ្យាកម្ពុជា រាជធានី ភ្នំពេញ។ វេទិកានេះ មានការចូលរួមពីភាគីដៃគូជាច្រើនរួមមាន៖ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED), សមត្ថភាពសម្រាប់ប្រសិទ្ធភាពថាមពលកម្ពុជា (CapCEE) និងកម្មវិធីបណ្តុះបណ្តាលអ្នកគ្រប់គ្រង និងសវនករថាមពលកម្ពុជា (CEMAT), កម្មវិធី Geres ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងរ៉ែ និងថាមពល, EGE, VeryWords ។

វេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ ដែលរៀបចំដោយ អង្គការ អេនឺជីឡេបអាស៊ី (EnergyLab Asia)ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ជាវេទិកាប្រមូលផ្តុំរដ្ឋាភិបាល អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្ហាញពីរបៀបដែលថាមពលស្អាតនឹងជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច និងកំណើនឧស្សាហកម្មរបស់កម្ពុជា។
គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃតម្រូវការសម្រាប់ការងារបៃតង និងមុខរបរសំខាន់ៗនៅក្នុងវិស័យថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងវិស័យអេឡិចត្រូនិក,ពិភាក្សាអំពីភាពស្របគ្នានៃគោលនយោបាយរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្លាំងពលកម្មជាតិ និងជំនាញដែលត្រូវការក្នុងការផ្លាស់ប្តូរថាមពលស្អាត ,រំលេចពីតម្រូវការជាក់ស្តែងនៃកម្លាំងពលកម្មជំនាញ និងបញ្ហាប្រឈមក្នុងការបណ្តុះបណ្តាល ការផ្តល់វិញ្ញាបនប័ត្រ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កម្លាំងការងារសម្រាប់ TVET និងនិស្សិតសាកលវិទ្យាល័យ ព្រមទាំងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល ឧស្សាហកម្ម និងអ្នកផ្តល់ការបណ្តុះបណ្តាល ដើម្បីរួមគ្នាបង្កើតកម្មវិធីអភិវឌ្ឍជំនាញដែលឆ្លើយតប។

វេទិកានេះ មានកិច្ចពិភាក្សាជាក្រុមដោយផ្តោតលើដំណោះស្រាយរួមសម្រាប់វិស័យជំនាញថាមពលស្អាត ការបណ្តុះបណ្តាលថាមពលស្អាត និងគោលនយោបាយរដ្ឋាភិបាល ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល យានយន្តអគ្គិសនី ការអភិវឌ្ឍកម្លាំងពលកម្មសម្រាប់និស្សិតបញ្ចប់សកលវិទ្យាល័យ។
បន្ទាប់ពីកិច្ចពិភាក្សាជាក្រុម អ្នកចូលរួមមកពីវិស័យឯកជន រដ្ឋាភិបាល និងស្ថាប័នបណ្តុះបណ្តាលនឹងរួមគ្នាបង្កើតយុទ្ធសាស្ត្រដើម្បីគាំទ្រដល់ការរីកចម្រើននៃជំនាញថាមពលស្អាត និងឱកាសការងារក្នុងវិស័យដែលកំពុងលូតលាស់នេះ និងកំណត់យុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ការពង្រឹងកម្លាំងពលកម្មថាមពលស្អាតរបស់កម្ពុជា។

លោក ឡា វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖
«វេទិកា បង្ហាញសក្តានុពលជំនាញថាមពលស្អាតកម្ពុជានេះមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱ្យយើងបានដឹងពីតម្រូវការរបស់និយោជក និងបង្កើតដំណោះស្រាយការងារចំពោះកម្លាំងពលកម្មជំនាញ។ នេះជាឱកាសមួយដែលខាងរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នបណ្តុះបណ្តាល បានជួបជុំពិភាក្សាគ្នា។ ការពិភាក្សានេះ មិនមែនផ្តោតតែទៅលើគោលនយោបាយប៉ុណ្ណោះទេ តែថែមទាំងយកចិត្តចំពោះការអនុវត្តល្អៗ និងវិធីសាស្ត្រអនុវត្ត»។
លោកអនុរដ្ឋលេខាធិការ បានបន្តថា៖ ការប្តេជ្ញារបស់កម្ពុជា ឆ្ពោះទៅរកការកាត់បន្ថយកាបូនទាបនាពេលអនាគត បានធ្វើឱ្យមានកំណើនតម្រូវការកម្មករមានគុណវុឌ្ឍិ និងឱកាសការងារ ជាពិសេសយុវជន។

លោក ប៊ុន ឡុង នាយករងនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា៖
«នេះជាលើកទី១ ដែលវេទិកានិយាយអំពីជំនាញ ,ការងារ និងថាមពល។ កិច្ចពិភាក្សានៃវេទិការនេះ នឹងជួយកែកម្អអំពីការមិនស៊ីគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការការងារនៅក្នុងវិស័យថាមពល។ ខណៈដែលការផ្លាស់ប្តូរថាមពលរបស់កម្ពុជាបង្ហាញពីសក្តានុពលដ៏ធំនោះ គម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការសម្រាប់កម្លាំងពលកម្មជំនាញ នៅតែសំខាន់»។

លោកនាយករងនៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានគូសបញ្ជាក់ថា៖ ដោយទទួលស្គាល់កំណើនរបស់រដ្ឋាភិបាលលើប្រសិទ្ធភាព និងការផ្លាស់ប្តូរថាមពល វាច្បាស់ណាស់ថា ធនធានមនុស្សនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
គួរជម្រាបផងដែរថា៖ ផែនទីបង្ហាញផ្លូវថាមពលកកើតឡើងវិញរបស់កម្ពុជាមិនត្រឹមតែកំណត់គោលដៅឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០ប៉ុណ្ណោះទេ តែថែមទាំងកំពុងស្វែងរកការកាត់បន្ថយការប្រើប្រាស់ថាមពលជាតិឱ្យមកនៅត្រឹមយ៉ាងតិច១៩ភាគរយក្រោមគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ២០២២-២០៣០។ គោលដៅទាំងនេះ នឹងអាចសម្រេចទៅបានក្នុងករណីកម្ពុជាវិនិយោគទៅលើធនធានកកើតឡើងវិញដែលមានតម្លៃបំផុត៕ ដោយៈញ៉ែម សុផល





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content