ភ្នំពេញ ៖ ការសាងសង់ឃ្លាំងសម្រាប់ជួលនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់រាជធានី និងជុំវិញរាជធានីមានកំណើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈ៤ឆ្នាំចុងក្រោយនេះ ពោលចាប់តាំងពីឆ្នាំ២០២០ គ្រាដែលពិភពលោកបានជួបវិបត្តិកូវីដ១៩ ជាក់ស្ដែងកំណើនឃ្លាំងនៅបំន់ជាយៗក្រុងមានការសាងសង់ និងផ្គត់ផ្គង់ច្រើន ។
បើតាមលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា តម្រូវការឃ្លាំងស្តង់ដារ និងឃ្លាំងសម្រាប់រោងចក្រនៅតែមានការកើនឡើង ជាពិសេសក្នុងរយៈពេល៤ឆ្នាំចុងក្រោយ នៅក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។
លោកបន្តថា ការផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិនមកកម្ពុជា ធ្វើឱ្យកំណើននៃការផ្គត់ផ្គង់ឃ្លាំងសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញមានកំណើន និងមានការផ្គត់ផ្គង់ជាបន្តបន្ទាប់។ ជាការកត់សម្គាល់នៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ក្នុងទឹកដីនៃខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានការសងឃ្លាំងថ្មីៗជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ដល់អ្នកវិនិយោគដែលនឹងចូលមកកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩ ហើយឃ្លាំងខ្លះទៀតមិនទាន់ទាំងសង់រួចរាល់ផង ក៏មានអ្នកកក់រួចរាល់បាត់ទៅហើយ ។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានមានប្រសាសន៍ផងដែរថា តំបន់ដែលមានការសាងសង់ឃ្លាំងច្រើន នឹងមានការទិញលក់ដីធ្លីច្រើនផងដែរ ពីព្រោះថានៅពេលមានតម្រូវការឃ្លាំងខ្ពស់ ពេលនោះអ្នកផ្គត់ផ្គង់នឹងស្វះស្វែងរកដីមកសាងសង់ជាឃ្លាំងសម្រាប់ជួលបន្ត។ តំបន់នៅជុំវិញរាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្ដានុពលក្នុងការដោះដូរដីធ្លី និងមានការសាងសង់ឃ្លាំងច្រើន ។
លោកឧកញ៉ាបានបន្តថា តំបន់នៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលក៏នឹងមានការដោះដូរដីធ្លីច្រើនផងដែរ ដោយដីទាំងនោះគឺមានសក្ដានុពលទៅលើការអភិវឌ្ឍឃ្លាំងសម្រាប់បង្កើតជារោងចក្រ ឬឃ្លាំងស្តុកទំនិញ។ តំបន់ទាំងនេះងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងចូលឃ្លាំង ពីព្រោះវាមានផ្លូវធំៗខ្វាត់ខ្វែង និងមិនកកស្ទះ ។

លោកឧកញ៉ាបន្តថា វិស័យអចលនទ្រព្យនេះ ថ្វីត្បិតតែកំពុងជាប់គាំងពិតមែន តែវានៅតែជាវិស័យមួយដែលជួយឱ្យអ្នកវិនិយោគអាចទទួលបានអត្ថប្រយោជន៍ខ្ពស់នៅពេលអនាគត។ វិស័យនេះ វានឹងត្រលប់មកជាល្អវិញនៅពេលឆាប់ៗនេះ ដោយវានឹងមិនអាចជាប់គាំង ឬមានបញ្ហារហូតនោះទេ ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content