ការ៉េម ត្រូវបានរាប់ថាជាបង្អែមកកម្យ៉ាងដែលគេស្គាល់យ៉ាងទូលំទូលាយ និងធ្លាប់ទទួលទាន ជាពិសេសក្មេងៗដែលនិយមចូលចិត្តញ៉ាំ ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ត្រជាក់ ឈ្ងុយ ជាមួយនឹងការរៀបចំតុបតែងលម្អយ៉ាងទាក់ទាញ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ មានអាជីវកម្មខ្នាតតូចប្រភេទបានបង្កើតការ៉េមរសជាតិដូងយ៉ាងឈ្ងុយឆ្ងាញ់ និងមានប្រជាប្រិយភាពបំផុត ដែលអាចទទួលបានចំណូលពីការលក់ប្រចាំថ្ងៃគួរឱ្យកត់សម្គាល់។
លោក ប៉ាន់ គីមឆាយ ជាអាជីវករមានជំនាញផ្នែកកែច្នៃ និងបង្កើតជាអាជីវកម្មការ៉េមដូងតពីគ្រួសារម្នាក់ដែលកំពុងទទួលបានការគាំទ្រពីអតិថិជនបានប្រាប់ AMS ឱ្យដឹងថា ៖
“ខ្ញុំជ្រើសរើសចាប់យកមុខរបរលក់ការ៉េមនេះដោយសារតែខ្ញុំធ្លាប់បានដឹង និងចេះជំនាញស្រាប់ពីគ្រួសារ គួបផ្សំនឹងក្ដីស្រឡាញ់ផងនោះ ក៏ដក់អារម្មណ៍នៅជាមួយនឹងអាជីវកម្មផលិតការ៉េមនេះតែម្ដង ម្យ៉ាងទៀតក្នុងអាជីពនេះខ្ញុំចង់ឃើញស្នាមញញឹមរបស់អតិថិជនដែលទទួលបាននូវអារម្មណ៍រីករាយ ញ៉ាំការ៉េមផ្អែមឆ្ងាញ់ដោយមានទំនុកចិត្ត និងគ្មានក្ដីព្រួយបារម្ភអ្វីឡើយ”
ពាក់ព័ន្ធទៅនឹងអាជីវកម្មលក់ការ៉េមដូងនេះ លោក ប៉ាន់ គីមឆាយ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា មុខរបរលក់ការ៉េម ស្ដាប់ទៅដូចជាមុខរបរតូចតាច ងាយៗ តែវាទាមទារឱ្យមានភាពអំណត់ ព្យាយាម តស៊ូ និងភាពឈ្លាសវៃក្នុងការលក់ជូនអតិថិជន ជាពិសេស ការផលិតទៀតសោតត្រូវតែប្រកបដោយអនាម័យ មានរសជាតិឆ្ងាញ់ និងមានសោភ័ណភាពគួរជាទីទាក់ទាញ។
លោកបន្ថែមថា ៖
“ការ៉េមមានច្រើនប្រភេទ និងច្រើនរសជាតិ ដូចជា រសជាតិដូង ត្រាវ សូកូឡា តើយ ខ្នុរ ជាដើម តែសម្រាប់ខ្ញុំផ្ទាល់គឺជ្រើសរើសយករសជាតិដូង ដែលជារសជាតិដើម និងជាដំណាំសម្បូរក្នុងស្រុកងាយរកបាន។ សម្រាប់ការផលិតក៏អាស្រ័យលើធនធាន ចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារយើងសព្វថ្ងៃដែរ ប៉ុន្តែខ្ញុំបានផ្ដោតទៅលើរសជាតិដូងដែលជារសជាតិដើមស្រាប់ រួមបញ្ចូលទាំងខ្ទិះដូង និងស្ករស ហើយគ្រឿងផ្សំគោល ដែលជាផ្លែដូង និងខ្ទិះដូង គឺងាយរកទិញ ទាំងប្រភេទដូងក្រអូប និងដូងធម្មតា ដែលមានតម្លៃសមរម្យ”
បច្ចុប្បន្ននេះ សម្រាប់អាជីវកម្មលក់ការ៉េមដូងតាមរទេះរបស់អាជីវករខាងលើកំពុងដំណើរការបានយ៉ាងរលូន និងមានសាខាចំនួន២ទីតាំង ដោយមួយកន្លែងស្ថិតនៅម្ដុំចោមចៅ ហើយមួយកន្លែងផ្សេងទៀតស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលជាធម្មតា លោកអាចលក់បានការ៉េមចាប់ពី ១៥-២០គីឡូក្រាមក្នុងមួយថ្ងៃ ហើយការលក់នេះទៀតសោតក៏អាស្រ័យតាមរដូវការបុណ្យទាន ថ្ងៃឈប់សម្រាក និងកត្តាអាកាសធាតុផងដែរ ខណៈដែលអតិថិជនដែលគាំទ្រទទួលទានមានទាំងក្មេងៗ និងមនុស្សធំ ហើយក៏មានមនុស្សវ័យកណ្ដាល រួមទាំងមនុស្សចាស់ដែរ ដោយអ្នកខ្លះដាក់ជាមួយនំស្រួយៗ ខ្លះដាក់កូនកែវតូចៗ ហើយអ្នកខ្លះដាក់ក្នុងត្រឡោកដូង ដែលវាក៏ជាវិធីមួយប្រើដូងឱ្យអស់លទ្ធភាព និងមានភាពទាក់ទាញផងដែរ។

គួរបញ្ជាក់ដែរថា ការ៉េមដូងរបស់គ្រួសារលោក គីមឆាយ បានចាប់ផ្ដើមលក់តាំងពីឆ្នាំ១៩៩៧ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគ្រានោះមានអ្នកប្រកបអាជីវកម្ម និងលក់ការ៉េមប្រភេទនេះប្រមាណជាង ១០គ្រួសារប៉ុណ្ណោះ និងដាកលក់ចល័តនៅតាមកង់ តាមម៉ូតូ ឬនៅតាមមាត់ឆ្នេរសមុទ្រជាដើម។ បន្ទាប់មកទៀត លោក និងគ្រួសារក៏បានផ្អាកមុខរបរនេះប្រមាណ ៦ឆ្នាំដោយសារតែត្រូវផ្លាស់ប្ដូរទីលំនៅដ្ឋានមករាជធានីភ្នំពេញវិញ លុះដល់ឆ្នាំ២០១៤ លោកក៏ចាប់ដំណើរការអាជីវកម្មគ្រួសារឡើងវិញក្រោមយីហោ «ការ៉េមដូងខ្មែរ១៩៩៧» រក្សានូវរសជាតិដើម និងរូបមន្តដដែល ក៏ប៉ុន្តែមានបន្ថែមនូវប្រភេទការ៉េមប្រភេទថ្មីៗ។
ដោយឡែក ចំពោះដើមទុនដំបូងក្នុងការចាប់ផ្តើមអាជីវកម្មលើកទី២នេះ លោកពុំមានចំណាយអ្វីច្រើននោះទេ ដោយសារតែជាមុខរបរចាស់បន្តវេនពីគ្រួសារ ប៉ុន្តែអ្វីដែលសំខាន់គឺក្ដីស្រឡាញ់ ទឹកចិត្ត និងការប្រឹងប្រែងក្នុងការចាប់យកអាជីពមួយនេះ ដោយគ្រាន់តែបន្ថែមនូវគំនិតច្នៃប្រឌិតធ្វើយ៉ាងណាមានសោភ័ណភាព និងអាចបំពេញតម្រូវការរបស់អតិថិជនបាន។
សម្រាប់ថ្ងៃអនាគត ម្ចាស់អាជីវកម្មការ៉េមដូង លោក គីមឆាយ បានតាំងចិត្តបន្តការខិតខំរៀនសូត្របន្ថែមទៀត ក៏ដូចជាទទួលយកនូវរាល់មតិយោបល់ពីសំណាក់អតិថិជន ដើម្បីកែលម្អចំណុចខ្វះខាតនានា ដើម្បីធ្វើយ៉ាងណាថែរក្សា និងលើកស្ទួយអាជីវកម្មការ៉េមដែលជាផលិតផលក្នុងស្រុកមួយនេះ។ ជាចុងក្រោយ លោក និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនដែលតែងតែគាំទ្រការ៉េមដូងប្រចាំគ្រួសាររបស់លោក ហើយលោកនឹងប្រឹងប្រែង ការពារ លើកស្ទួយមុខរបរនេះ ក៏ដូចជាវិស័យម្ហូបអាហារក្នុងស្រុកឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content