ថាមពលស្អាត ឬថាមពលប្រកបដោយនិរន្តភាព គឺជាក្តីស្រម៉ៃរបស់ពិភពលោកដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ខណៈដែលបច្ចុប្បន្នយើងកំពុងដើរឆ្ពោះទៅរកការអភិវឌ្ឍក្នុងការប្រើប្រាស់ថាមពលធម្មជាតិជាច្រើនរួចមកហើយ ដូចជា ថាមពលខ្យល់, ថាមពលអ៊ីដ្រូស៊ែន និងថាមពលពន្លឺព្រះអាទិត្យជាដើម។

រថយន្តប្រើប្រាស់ថាមពលពីទឹក ឬធម្មតាគេនិយាយថា «ឡានចាក់ទឹក» គឺទ្រឹស្តីដែលគួរឲ្យទាក់ចិត្តពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែវាបន្តស្ថិតនៅក្នុងកិច្ចពិភាក្សាវែកញែកគ្នានៅឡើយទោះបីជាក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនធ្លាប់បានអះអាងហើយថា បច្ចេកវិទ្យានេះគឺជាអ្វីដែលពួកគេធ្លាប់ស្រាវជ្រាវ និងរកឃើញជាយូរមកហើយ។
យោងតាមរបាយការណ៍ចុងក្រោយមួយកាលពីឆ្នាំ២០២១គេមើលឃើញថា បណ្តាប្រទេសទាំង១៨៤ទូទាំងពិភពលោកមានចំនួននៃការប្រើប្រាស់ប្រេងជាមធ្យមប្រចាំថ្ងៃដល់ទៅ ១២៤,៥៤ពាន់បារ៉ែលក្នុងមួយថ្ងៃ ហើយក្នុងនោះអាមេរិកគឺជាអ្នកដែលប្រើប្រាស់ធនធាននេះច្រើនជាងគេបំផុតរហូតទៅដល់ ៨៨១៥,៧ពាន់បារ៉ែលក្នុងមួយថ្ងៃ។

រំលឹកកាលពីអតីតកាលនាទសវត្សរ៍ឆ្នាំ១៩៧០ អ្នកវិទ្យាសាស្ត្រអាមេរិកដ៏ល្បីល្បាញ លោក Stanley Meyer ដែលធ្លាប់បានអះអាងទ្រីស្តីនេះប្រាប់ទៅពិភពលោក និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់និយាយគាត់បានកែច្នៃរថយន្តរបស់គាត់ដោយប្រើប្រាស់ថាមពលចេញពីទឹកប៉ុណ្ណោះដើម្បីបង្កើតជាអគ្គិសនី។ លោកធ្លាប់ពន្យល់ថា ដោយប្រើដំណើរការ electrolysis ម៉ូលេគុលទឹកត្រូវបានបំបែកទៅជាអ៊ីដ្រូសែន និងអុកស៊ីហ៊្សែន ដែលបន្ទាប់មកវាអាចយកទៅដុតដើម្បីបង្កើតជាថាមពលសម្រាប់ដំណើរការម៉ាស៊ីនបាន។
Stanley បានបន្ថែមទៀតថា កោសិកាឥន្ធនៈចេញពីធនធានទឹកនេះអាចបង្កើនថាមពល និងត្រូវបានប្រើប្រាស់ជាប្រភពថាមពលជំនួសដ៏មានប្រសិទ្ធភាពបំផុត។
ទោះបីជាយ៉ាងណាក្តី មកទល់នឹងពេលបច្ចុប្បន្ន រថយន្តរបស់លោក Meyer មិនដែលត្រូវបានផលិតឡើងនោះឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកវិទ្យាសាស្ត្រក្រោយៗភាគច្រើនបានច្រានចោលការអះអាងរបស់គាត់ថែមទៀតផង។
មានការលើកឡើងផ្ទុយគ្នាចំពោះទ្រឹស្តីរបស់លោក Stanley ដោយសារតែគ្រានោះការផ្សព្វផ្សាយនៅមានកម្រិត ហើយអ្នកខ្លះជឿជាក់ថាវាគឺជាទ្រឹស្តីមិនពិតរបស់លោក ហើយអ្នកខ្លះទៀតជឿជាក់ថា រដ្ឋាភិបាល និងក្រុមប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មផលិត និងបូមប្រេងបានព្យាយាមលាក់បាំងសមិទ្ធផលរបស់គាត់រហូតមក។

ការបង្កើតរបស់លោក Stanley គឺជាការខិតខំដើម្បីជួយដល់រដ្ឋាភិបាលអាមេរិកដោយកាលពីគ្រានោះត្រូវបានអារ៉ាប៊ីសាអូឌីតកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទាំងស្រុង ហើយបង្កើនតម្លៃនៃការផ្គត់ផ្គង់ហ្គាសថែមទៀតផងដែរ ដែលមានន័យថា ប្រសិនបើរថយន្តអាមេរិកទាំងអស់អាចប្តូរពីការប្រើប្រាស់ដោយថាមពលឥន្ធនៈទៅជាថាមពលអគ្គិសនីនោះបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ។ ទោះបីជាយ៉ាងណាក្តី កាលពីឆ្នាំ១៩៩៨ លោក Stanley បានបាត់បង់ជីវិតភ្លាមៗដោយមិនមានមូលហេតុដែលវាបានធ្វើឲ្យទ្រីស្តីនេះកាន់តែមានភាពស្រពិចស្រពិល និងចំរូងចំរាស់កាន់តែខ្លាំងឡើង។

យ៉ាងណាក៏ដោយ ទោះជាពិត ឬមិនពិតចំពោះការស្លាប់របស់លោក Stanley ក្ដី ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើនក៏បានខិតខំស្រាវជ្រាវ និងពន្យល់អំពីដំណើរការបែបវិទ្យាសាស្ត្រផងដែរចំពោះករណីឡានចាក់ទឹក និងរបៀបនៃការបំប្លែងថាមពលរបស់អ្នកវិទ្យាសាស្ត្ររូបនេះ។
អ្នកវិទ្យាសាស្ត្របច្ចុប្បន្នបានពន្យល់ថា រថយន្តចាក់ទឹកជំនួសឲ្យសាំង គឺជាករណីដែលមិនអាចកើតឡើងឡើយ ពីព្រោះថាគេអាចលើកឧទាហរណ៍ស្រាប់អំពីរថយន្តដែលប្រើប្រាស់ថាមពលអ៊ីដ្រូសែនបច្ចុប្បន្នគឺជាបញ្ចូលគ្នារវាងហ្គាសអ៊ីដ្រូសែន hydrogen gas ជាមួយនឹងអុកស៊ីសែននៅបរិយាកាសដើម្បីបង្កើតជាប្រតិបត្តិការគីមីដែលអាចផលិតអគ្គិសនីដែលខុសពីទ្រឹស្តីរបស់លោក Stanley ដែលប្រើប្រាស់ការដុតឧស្ម័នអ៊ីដ្រូសែននៅក្នុងបន្ទប់ចំហេះខុសពីទ្រឹស្តីបច្ចុប្បន្ន ហើយអ្នកវិទ្យាសាស្ត្រខ្លះបានលើកឡើងថា វាគឺជាទ្រឹស្តីខុសពីវិទ្យាសាស្ត្រពិត និងធម្មជាតិ។ ទោះជាយ៉ាងណាក្ដី ដើម្បីទទួលបច្ចេកវិទ្យាឡានចាក់ទឹកក្លាយជាការពិតនោះវាពិតជាមានភាពស្មុគ្រស្មាញសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងពេលបច្ចុប្បន្ននេះ ហើយវាអាចកើតឡើងបានលុះត្រាតែមានរបកគំហើញដ៏សំខាន់ក្នុងការច្នៃប្រឌិតរថយន្តទាំងនោះ បើមិនដូច្នេះទេយើងទំនងជា មិនអាចឃើញបច្ចេកវិទ្យាឡានចាក់ទឹកនោះឡើយ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content