បរទេស ៖ អគារសេតវិមាន ឬអគារប្រធានាធិបតីនៅសហរដ្ឋអាមេរិក (White House) ដែលមានអាយុកាលជាង ២០០ឆ្នាំ បានក្លាយទៅជានិមិត្តរូបសម្រាប់អាមេរិកផង ហើយក៏ជានិម្មិតរូបនៃការរស់នៅរបស់មេដឹកនាំអាមេរិករាប់សិបជំនាន់ផងដែរ។
អគារសេតវិមាននេះត្រូវបានចុះហត្ថលេខា និងអនុញ្ញាតឲ្យចាប់ផ្តើមសាងសង់តាំងពីខែធ្នូ ឆ្នាំ១៧៩០ ពោលគឺក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីដំបូងបង្អស់គឺលោក George Washington ប៉ុន្តែការដ្ឋាសាងសង់មិនត្រូវបានចាប់ផ្តើមឡើយរហូតដល់ខែតុលា ឆ្នាំ១៧៩២។
យ៉ាងណាក៏ដោយ បើទោះបីជាលោក Washington ជាអ្នកផ្តួចផ្តើមក្នុងការសាងសង់អគារដ៏ពិសេសក្តី ប៉ុន្តែលោកមិនមានឳកាសដើម្បីអាចស្នាក់នៅទីនេះបាននោះទេ ហើយរហូតដល់ឆ្នាំ១៨០០ ទើបប្រធានាធិបតីបន្ទាប់គឺ លោក John Adams ព្រមទាំងលោកស្រីទី១ បានចូលមករស់នៅ ហើយបន្តបន្ទាប់ជាប្រធានាធិបតីអាមេរិកគ្រប់ជំនាន់គឺសុទ្ធតែបានមករស់នៅក្នុងអគារនេះទាំងអស់គ្នា។

តាមរយៈឯកសារស្រាវជ្រាវចាស់ៗជាច្រើនបូករួមទាំង CNN ផងដែរ បានរៀបរាប់ថា ក្នុងសម័យកាលដែលការសាងសង់អគារនេះបានចាប់ផ្តើមគឺជាពេលវេលាដែលទាសករជនជាតិអាហ្វ្រិកស្បែកខ្មៅកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសចំពោះបណ្តាពលរដ្ឋអាមេរិកជាអភិជន និងមេដឹកនាំអាមេរិកទាំងឡាយ។
ក្នុងចំណោមប្រធានាធិបតីអាមេរិកទាំង៤៦រូបក្នុងប្រវត្តិសាស្ត្រគេដឹងថា មានប្រធានាធិបតីអាមេរិកប្រមាណជា ១២រូប ដែលមានទាសករជនជាតិស្បែកខ្មៅធ្វើការឲ្យពួកគេ។ដូច្នេះ តាំងតែពីចាប់ផ្តើមសាងសង់អគារសេតវិមានមក ក្រុមទាសករត្រូវបានគេយកទៅប្រើប្រាស់ជាជាងសំណង់ ជាងលាបថ្នាំ និងការងារពលកម្មផ្សេងៗទៀត។

តាមផែនការដំបូង ក្រុមការងារសាងសង់បានព្យាយាមស្វែងរកកម្មករសំណង់ដែលមានប្រភពមកពីអឺរ៉ុប និងក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែដោយសារតែមិនអាចមានកម្លាំងគ្រប់គ្រាន់នោះ គណកម្មការសាងសង់បានសម្រេចចិត្តក្នុងការប្រមូលយកទាសករស្បែកខ្មៅជាច្រើនមកចូលរួមការងារនេះទោះបីជាមិនមានចំនួនសរុបពិតប្រាកដ ប៉ុន្តែយោងតាម The Archives ធ្លាប់បានបង្ហាញថា ចន្លោះការសាងសង់ឆ្នាំ១៧៩៥ ដល់ឆ្នាំ១៨០០ កម្មករជាទាសករស្បែកខ្មៅប្រហែលជា ១២២នាក់ត្រូវបានកត់ត្រា និងបន្សល់ទុកឯកសារចាស់ៗទាំងនោះមកទល់បច្ចុប្បន្ន ហើយត្រូវបានរក្សាទុកទាំងឈ្មោះ និងបញ្ជីប្រាក់កម្រៃរបស់ពួកគេផងដែរ។
គួរឲ្យដឹងដែរថា អគារដ៏ចំណាស់នេះធ្លាប់ឆ្លងកាត់ហេតុការណ៍ឆាបឆេះជាច្រើនលើក ដូចជាការដុតបំផ្លាញដោយទាហានអង់គ្លេសក្នុងឆ្នាំ១៨១៤ និងហេតុការណ៍អគ្គីភ័យឆ្នាំ១៩២៩ ជាដើម ប៉ុន្តែមិនបានធ្វើឲ្យមានបញ្ហា ឬបាត់បង់ទ្រង់ទ្រាយអគារនេះនោះទេ ហើយទីបំផុតក្រោយការប្រែប្រួលអស់រយៈពេលជាង២០០ឆ្នាំពីអគារដែលធ្លាប់សាងសង់ដោយទាសករអាហ្វ្រិកវាក៏អាចបានបម្រើប្រធានាធិបតីស្បែកខ្មៅសញ្ជាតិអាមេរិក និងអាហ្វ្រិកដំបូងបំផុតរបស់អាមេរិក គឺលោក Barak Obama ដែលគ្រានោះលោកបានក្លាយទៅជាប្រធានាធិបតីអាមេរិកទី៤៤៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content